ម្ចាស់កសិដ្ឋានប្រសិទ្ធ«Prosit Farm » អំពាវនាវដល់ម្ចាស់កសិដ្ឋានផ្សេងៗនៅក្នុងតំបន់ នាំគ្នាចូលរួម អនុវត្តកសិកម្មល្អ GAP ដើម្បីធានាសុខភាពដល់អ្នកបរិភោគ

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ ២៦ ០២ ២០២៤

IMG_1769-1

IMG_1770-1

IMG_1771

IMG_1776-2

IMG_1775

IMG_1774-2

IMG_1772-1
MC៖ ម្ចាស់កសិដ្ឋានប្រសិទ្ធ«Prosit Farm » អំពាវនាវដល់ម្ចាស់កសិដ្ឋានផ្សេងៗនៅក្នុងតំបន់ជុំវិញនេះ ឱ្យចូលរួមអនុវត្តកសិកម្មល្អ GAP របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដើម្បីស្របតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល ធ្វើយ៉ាងណាពង្រីកខ្លួនពីមួយដំណាក់កាលទៅមួយដំណាក់កាលមួយ សម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារ ឱ្យមានសុវត្ថិភាពសម្រាប់អ្នកបរិភោគ ពិសេសកាត់បន្ថយនូវការនាំចូល ផលិតផលបន្លែពីប្រទេសជាតិខាង។
លោកស្រី សុភក្ត្រ័ ម្ចាស់កសិដ្ឋានប្រសិទ្ធ មានទីតាំងស្ថិតក្នុងភូមិតាគោក ឃុំឈ្វាង ស្រុកពញាឮ ខេត្តកណ្ដាល បានលើកឡើងថា កសិដ្ឋាននេះ បានដាំដុះបន្លែ ដោយផ្ដោតទៅលើស្តង់ដារការអនុវត្ត កសិកម្មល្អ ដែលហៅកាត់ថា GAP គឺការធានាសុវត្ថិភាពចំណីអាហារ ការគ្រប់គ្រងបរិស្ថាន សុខភាព សុវត្ថិភាព សុខុមាលភាព និងគុណភាពកសិផល ដើម្បីចែកចាយទៅលើទីផ្សារ ដោយមានការទទួលស្គាល់ និងជឿទុកចិត្តលើអ្នកផលិត ដោយសារតែប្រជាពលរដ្ឋក្នុងពេលបច្ចុប្បន្ននេះ មានការយល់ដឹងច្រើនពី សុវត្ថិភាពចំណីអាហារ ជាពិសេសមានការគិតគូរច្រើនអំពីសុខភាពក្នុងការបរិភោគ ។ លោកស្រី បានបន្ត ទៀតថា ចំពោះការដាំដុះដំណាំបន្លែគ្រប់ប្រភេទ គឺមានការជ្រោមជ្រែងពីធនាគារអភិវឌ្ឍន៍ជនបទ និង បច្ចេកទេសពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការផ្ដល់ជូនជាអនុសាសន៍ យោបល់ ក៏ដូចជាបច្ចេកទេសមួយចំនួន លើការដាំដុះ ធ្វើយ៉ាងណាឱ្យទទួលបានទិន្នផលខ្ពស់ និងមានសុវត្ថិភាព ដល់អ្នកបរិភោគ ។
លោកស្រីបានបន្តថា បច្ចុប្បន្ននេះកសិដ្ឋានប្រសិទ្ធ មានលក់ចែកចាយបន្លែស្លឹកនិងផ្លែ ប្រមាណជាង១០ ប្រភេទនៅលើទីផ្សារក្នុងស្រុកជាច្រើនទីតាំងដាក់ពង្រឹងសំខាន់ទៅលើការផលិតឱ្យស្របទៅតាមស្តង់ដារ និងសុវត្ថិភាព ។ ក្នុងនោះសម្រាប់ពេលអនាគត កសិដ្ឋានក៏មានផែនការក្នុងការនាំចេញ ទៅក្រៅប្រទេស ផងដែរ ដោយមានគម្រោងចងក្រងជាសហគមន៍កសិដ្ឋាននៅក្នុងតំបន់នេះ ដើម្បីធ្វើផែនការដាំដុះវិលជុំ ក្នុងការងាយស្រួលរកទីផ្សារនាំចេញទៅក្រៅប្រទេស ។
   « លើកមុនយើងមានស្ពៃតែប៉ុន្មាននោះទេ ប៉ុន្តែមកដល់ពេលនេះយើងមានស្ពៃច្រើនប្រភេទ ដូចជាស្ពៃក្រញាញ់ ស្ពៃចង្កឹះ ឆាយស៊ីម ប៉ុយលេង ប្រភេទបន្លែស្លឹក និងខាត់ណាដើមប៉ោម សាលាដ ហើយចំពោះដំណាំផ្លែ មានដូចជាប៉េងប៉ោះ ប៉េងប៉ោះឆឺរី ម្ទេសហាវ៉ៃ ម្ទេសដៃនាង ត្រសក់ជប៉ុន ត្រប់វែង ម្ទេសជប៉ុន ប្រមាណ៦-៧មុខទៀត ដោយប្រមូលផលរាល់ថ្ងៃ ដែលសរុបទាំងអស់មានប្រហែលជាជាង ១០មុខបន្លែ បច្ចុប្បន្ននេះយើងមានច្រើនប្រភេទបន្លែ ដោយសារតែមកដល់បច្ចុប្បន្ននេះ យើងមាន ផ្ទះសំណាញ់សម្រាប់ដាំដំណាំប្រមាណ៥០ខ្នង ហើយនឹងមានបន្លែកៀនរបងពីរ បី មុខបន្ថែមទៀត » ។ 
  សូមបញ្ជាក់ថា កសិដ្ឋានប្រសិទ្ធ មានទីតាំងស្ថិតក្នុងភូមិតាគោក ឃុំឈ្វាង ស្រុកពញាឮ ខេត្តកណ្ដាល ដែលមានដំាដុះដំណំាបន្លែជាច្រើនប្រភេទនៅក្នុងផ្ទះសំណាញ់ប្រមាណ៥០ខ្នង លើផ្ទៃដីប្រមាណ ៣ហិកតា ដោយ១ប្រភេទដំណាំក្នុង១រដូវអាចប្រមូលផលបានជិត១តោន ៕

Comments

Related posts