ក្រុមប្រឹក្សាសន្តិសុខ UN ស្នើឱ្យក្រុមហ៊ូទី បញ្ឈប់ការវាយប្រហារក្នុងតំបន់សមុទ្រក្រហមជាបន្ទាន់

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a39-4

a38-5

អន្តរជាតិ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានស្នើឱ្យក្រុមហ៊ូទីក្នុងប្រទេសយេម៉ែន បញ្ឈប់ការវាយប្រហារលើកប៉ាល់ដឹកទំនិញនៅក្នុងតំបន់សមុទ្រក្រហមជាបន្ទាន់ ក្នុងបរិបទដែលអ៉ីស្រាអែលប្ដេជ្ញាបន្តធ្វើសង្រ្គាមនៅក្នុងតំបន់ហ្គាហ្សា រហូតទាល់តែក្រុមហាម៉ាសត្រូវបានកម្ទេច។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ការស្នើខាងលើរបស់ក្រុមប្រឹក្សាសន្តិសុខត្រូវបានលើកឡើងក្នុងដំណោះស្រាយមួយដែលទាមទារឱ្យក្រុមហ៊ូទីបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពវាយប្រហារទាំងអស់ ដែលកំពុងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ការធ្វើពាណិជ្ជកម្មរបស់ពិភពលោក និងបំផ្លាញសេរីភាពធ្វើនាវាចរណ៍ រួមទាំងសន្តិភាព និងសន្តិសុខក្នុងតំបន់។ ដំណោះស្រាយនេះត្រូវបានអនុម័ត បន្ទាប់ពីរុស្ស៉ីព្រមទាំងចិន ម៉ូសំប៊ិក និងអាល់ហ្សេរី បានអនុបវាទ។ ការកើនឡើងនៃការវាយប្រហាររបស់ក្រុមហ៊ូទី នៅក្នុងតំបន់សមុទ្រក្រហមបានបង្ខំឱ្យក្រុមហ៊ុនដឹកជញ្ជូនធំៗត្រូវធ្វើដំណើរតាមផ្លូវវៀងជុំវិញតំបន់ដែនសមុទ្រ Cape of Good Hope របស់អាហ្វ្រិកខាងត្បូង ដែលនេះធ្វើឱ្យការធ្វើដំណើរត្រូវចាយពេលយូរ និងចំណាយកាន់តែច្រើន។ UN កន្លងមកធ្លាប់បាននិយាយថា ខ្លួននៅតែមាន ការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានការណ៍នៅក្នុងតំបន់សមុទ្រក្រហម ហើយការបារម្ភនេះទៀតសោតមិនមែនតែនៅក្នុងតំបន់ទេតែគឺផលប៉ះពាល់ដល់ពាណិជ្ជកម្មពិភពលោក៕

Comments

Related posts