ក្រុមតាលីបង់ បដិសេធរបាយការណ៍របស់ក្រុមប្រឹក្សាសន្តិសុខ UN ស្តីពីវត្តមានជំរុំហ្វឹកហ្វឺនរបស់ក្រុមអាល់កៃដាក្នុងប្រទេសអាហ្វហ្គានីស្ថាន

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a47-3

a48-3

អន្តរជាតិ៖ កាលពីថ្ងៃ ព្រហស្បតិ៍ រដ្ឋាភិបាលតាលីបង់អាហ្វហ្គានីស្ថានបានច្រានចោលរបាយការណ៍ថ្មីមួយដែលចេញដោយក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិដែលបានចោទប្រកាន់ពីការបង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺនថ្មីសម្រាប់ក្រុមអាល់កៃដានៅលើទឹកដីរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ គណៈកម្មាធិការក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានចេញផ្សាយរបាយការណ៍នៅសប្តាហ៍នេះ ក្រោមដំណោះស្រាយស្តីពីក្រុម Daesh និងក្រុមអាល់កៃដាព្រមទាំងបុគ្គល ពាក់ព័ន្ធ។ របាយការណ៍នេះត្រូវបានផ្អែកលើការវាយតម្លៃដោយក្រុមឃ្លាំមើលការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិដែលដកស្រង់ព័ត៌មានសម្ងាត់ផ្តល់ដោយរដ្ឋជាសមាជិកដើម្បីព្រមានថា ក្រុមអាល់កៃដា "ត្រូវបានគេរាយការណ៍ថា បានបង្កើតជំរុំហ្វឹកហាត់ថ្មីដល់ទៅចំនួនប្រាំបីទីតាំងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន" និងកំពុងកសាងកន្លែងសុវត្ថិភាពដើម្បីជួយសម្រួលដល់ការងារទំនាក់ទំនងរវាងអាហ្វហ្កានីស្ថាន និងសាធារណរដ្ឋអ៊ីស្លាម អ៊ីរ៉ង់"។ លោក Zabiullah Mujahid ប្រធានក្រុមតាលីបង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចោទប្រកាន់នេះគឺជារឿង "មិនពិត" និងជាផ្នែកមួយនៃ "ការឃោសនា" របស់អតីតរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដែលគាំទ្រដោយសហរដ្ឋអាមេរិក។ លោកបន្តថា "គ្មាននរណាម្នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុមអាល់កៃដាទេ ហើយក៏នឹងមិនអនុញ្ញាតឱ្យរដ្ឋអ៊ីស្លាមណាមួយប្រើប្រាស់ទឹកដីអាហ្វហ្គានីស្ថានប្រឆាំងនឹងនរណាម្នាក់ផ្សេងដែរ"៕

Comments

Related posts