វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានបង្កើតក្រុមការងារថ្មីមួយក្នុងគោលបំណងរារាំងកូរ៉េខាងជើងពីការទិញប្រេងដោយខុសច្បាប់ ខណៈភាពជាប់គាំងនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) បង្កភាពស្រពិចស្រពិលលើអនាគតនៃការដាក់ចេញនូវទណ្ឌកម្មអន្តរជាតិ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។ បើតាមសេចក្តីថ្លែងការណ៍របស់កូរ៉េខាងត្បូង កិច្ចប្រជុំនោះចូលរួមដោយមន្រ្តីច្រើនជាង ៣០ រូបមកពីស្ថាប័ន និងទីភ្នាក់ងារទទួលបន្ទុកផ្នែកការទូត ចារកម្ម និងការល្បាតដែនសមុទ្រ។ ភាគីទាំងពីរបានគូសបញ្ជាក់អំពីក្តីបារម្ភអំពីលទ្ធភាព ដែលរុស្ស៉ីនឹងលក់ប្រេងទៅឱ្យកូរ៉េខាងជើង ហើយពិភាក្សាគ្នាអំពីវិធីសាស្រ្តរារាំង កិច្ចសហប្រតិបត្តិការខុសច្បាប់ រវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង។ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានឱ្យដឹងថា ក្រុមការងារអាមេរិក-កូរ៉េខាងត្បូង កំពុងពិចារណាធ្វើសកម្មភាព ដែលអាចបង្អាក់បណ្តាញលទ្ធកម្មប្រេងចម្រាញ់របស់កូរ៉េខាងជើង រួមទាំងការលាតត្រដាងពីសកម្មភាពគេចវេះទណ្ឌកម្ម ការដាក់ទណ្ឌកម្មជាឯកតោភាគីទៅលើវិស័យឯកជន ឬភាគីទី ៣ ណាដែលចូលរួមក្នុងការសម្របសម្រួលដឹកជញ្ជូនប្រេងទាំងចេតនា និងអចេតនា៕
Comments