UN បន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា 

ភ្នំពេញ៖អង្គការសហប្រជាជាតិUN បន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចគោលដៅ និងជោគវាសនារួមគ្នា។
ក្នុងជំនួបសម្តែងការគួរសម ជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម Joseph Scheuer អ្នកសម្របសម្រួលនៃអង្គការ សហប្រជាជាតិ ប្រចាំកម្ពុជាដែលទើបតែងតាំងថ្មី បានបង្ហាញពីការរីករាយនៅក្នុងការបន្តពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាជាមួយក្រសួងមហាផ្ទៃផងដែរ។
ឯកឧត្តម ក៏បានជម្រាបជូនសម្ដេចក្រឡាហោមដោយសង្ខេបអំពីការធ្វើកំណែទម្រង់រចនាសម្ព័ន្ធ មួយចំនួនរបស់អង្គការសហប្រជាជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាផែនការសកម្មភាពនានា ដែលអង្គការសហប្រជាជាតិបានដាក់ចេញ និងត្រៀមអនុវត្តជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា បណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធទៅតាមវិស័យនានា ដែលទីភ្នាក់ងារ UN មានកិច្ចសហការជាមួយស្ថាប័ន ទាំងនោះ ។ដោយឡែកចំពោះក្រសួងមហាផ្ទៃ ឯកឧត្តមក៏បានលើកឡើងនូវកិច្ចការសំខាន់ចំនួន៣ រួមមាន ទី១-ពាក់ព័ន្ធទៅនឹងការចូលរួមក្នុងដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, ទី២-ពាក់ព័ន្ធ ទៅនឹងភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិល និងទី៣-ពាក់ព័ន្ធទៅនឹងបញ្ហានៃការជួញដូរមនុស្ស។ 
សម្តេចក្រឡាហោម ស ខេង បានសម្ដែងការស្វាគមន៍ឯកឧត្តម Joseph Scheuer និងបានចូលរួម អបអរសាទរដែលឯកឧត្ដមត្រូវបានតែងតាំងជាអ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។ សម្ដេចក៏ថ្លែងអំណរគុណអង្គការសហប្រជាជាតិ ព្រមទាំងបណ្ដាអង្គការនានាចំណុះអង្គការសហ ប្រជាជាតិ ដែលតែងតែផ្តល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយកម្ពុជា។
សម្ដេចក្រឡាហោម បានចាត់ទុកថា អង្គការសហប្រជាជាតិ ក៏ដូចជាបណ្ដាអង្គការនានាចំណុះអង្គការសហ ប្រជាជាតិ ជាដៃគូមួយដ៏មានសារៈសំខាន់របស់ក្រសួងមហាផ្ទៃ ហើយសម្ដេចក៏សង្ឃឹមជឿជាក់ថា តាមរយៈ អាណត្តិបេសកកម្មការងារនេះ ឯកឧត្តមនឹងបន្តរួមចំណែក ធ្វើឲ្យកាន់តែរីកចម្រើនឡើងទៀត នូវភាពជា ដៃគូល្អជាមួយក្រសួងមហាផ្ទៃ។ 
សម្ដេចក្រឡាហោម ស ខេង បានបន្ដថា ពាក់ព័ន្ធទៅនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឯកឧត្តមបានជ្រាបអំពីអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តឈានមកដល់កម្មវិធីជាតិ ដំណាក់កាលទីពីរ ហើយនៅក្នុងកម្មវិធីដំណាក់កាលទីពីរនេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដោតទៅលើ បញ្ហាសំខាន់ គឺការបន្តផ្ទេរនូវសិទ្ធិអំណាចទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ការផ្ទេរធនធានថវិកាទៅដល់ ថ្នាក់ក្រោមជាតិ និងការបន្តអភិវឌ្ឍន៍នូវធនធានមនុស្សសម្រាប់អនុវត្តទទួលនូវការអនុវត្តកិច្ចការ ដែលបាន ផ្ទេរទៅ។ 
ពាក់ព័ន្ធទៅនឹងភាពជាដៃគូជាមួយនឹងអង្គការសង្គមស៊ីវិល រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងមហាផ្ទៃ ជាសេនាធិការលើកិច្ចការងារនេះ តែងតែយកចិត្តទុកដាក់ពង្រឹងនូវការផ្សារភ្ជាប់កិច្ចសន្ទនាជាមួយនឹង អង្គការសង្គមស៊ីវិល តាមរយៈយន្តការធ្វើការជាមួយគ្នា ហើយថ្មីៗនេះ បានបើកវេទិកាកិច្ចសន្ទនារវាង រដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ជួបជជែកពិភាក្សាគ្នាជាបន្តបន្ទាប់ទៅលើកិច្ចការផ្សេងៗនៅសេសសល់ និងខកខានមិនបានអនុវត្តនៅក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩។ 
ពាក់ព័ន្ធទៅនឹងបទល្មើសជួញដូរមនុស្សនេះ គឺជាបញ្ហាបទល្មើសមិនប្រពៃណីមួយ ដែលរាជរដ្ឋាភិបាល កម្ពុជា និងសម្តេចផ្ទាល់ ដែលត្រូវទទួលភារកិច្ចដឹកនាំការងារនេះ និងនៅតែបន្តយកចិត្តទុកដាក់អនុវត្ត ការងារនេះ ព្រោះពុំទាន់មានការបិទបញ្ចប់នោះទេ គឺនៅតែបន្តធ្វើរហូតមកដល់បច្ចុប្បន្ន។
សម្ដេចបន្ថែមថា បញ្ហានេះជាបញ្ហាមួយដែលស្មុគស្មាញ ហើយមិនមែនតែមាននៅកម្ពុជានោះទេ គឺនៅលើសកលលោកទាំងមូល និងទាមទារឲ្យមានកិច្ចសហប្រតិបត្តិការជាមួយគ្នារវាងអាជ្ញាធរពាក់ព័ន្ធ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងបទល្មើសនេះ។
សម្ដេចក្រឡាហោមបានបន្ថែមថា ស្ថានភាពបច្ចុប្បន្នភាពនៃបទល្មើសគ្រឿងញៀននៅកម្ពុជា គឺប្រយុទ្ធប្រឆាំង និងបង្ការបទល្មើសគ្រឿងញៀន ដើម្បីធានាដល់ការសម្រេចបាននូវលទ្ធផល ក្នុងរយៈពេលមួយយូរអង្វែងនៅក្នុងបេសកកម្ម នៃការប្រយុទ្ធប្រឆាំងនឹងបង្ក្រាប ក៏ដូចជាបង្ការបទល្មើស គ្រឿងញៀន។
សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហការល្អជាមួយអង្គការ IOM កន្លងមក  និងបានបន្តថា ក្រសួងមហាផ្ទៃបន្តស្នើ ក៏ដូចជាលើកទឹកចិត្តឱ្យបន្តកិច្ចសហប្រតិបត្តិការដ៏ល្អ និងការគាំទ្រ ជាបន្តទៀត លើកិច្ចការងារពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់អង្គការ IOM និងក្រសួងមហាផ្ទៃ ៕photo_2023-01-18_20-45-00photo_2023-01-18_20-45-01photo_2023-01-18_20-45-00 (2)

Comments

Related posts