សហរដ្ឋអាមេរិក និងរុស្ស៊ីទាស់គ្នានៅឯ UN ជុំវិញបញ្ហាកូរ៉េខាងជើង និងការប្រើប្រព័ន្ធមីស៊ីល Patriot នៅអ៊ុយក្រែន

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a27-29

a28-26

អន្តរជាតិ៖ សហរដ្ឋអាមេរិកបានចោទប្រកាន់រុស្ស៊ីថា បានបាញ់មីស៉ីលផ្គត់ផ្គង់ពីកូរ៉េខាងជើងយ៉ាងហោចណាស់ ៩គ្រាប់ក្នុងសង្រ្គាមនៅអ៊ុយក្រែន ខណៈដែលរុស្ស៉ីចោទអាមេរិកវិញថាជា "អ្នកសមគំនិតដោយផ្ទាល់" ក្នុងការបាញ់ទម្លាក់យន្តហោះដឹកជញ្ជូនរបស់យោធារុស្ស៊ីកាលពីខែមករា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក Vassily Nebenzia ឯកអគ្គរដ្ឋទូតរុស្សីប្រចាំអង្គការសហប្រជាជាតិ (UN) និងលោក Robert Wood ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិកប្រចាំ UN បានចោទប្រកាន់គ្នាទៅវិញទៅមកក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្តីពីអ៊ុយក្រែនដែលស្នើឡើងដោយទីក្រុងមូស្គូ កាលពីថ្ងៃអង្គារ។ លោក Wood បានប្រាប់សមាជិកទាំង ១៥រូបនៃក្រុមប្រឹក្សាសន្តិសុខ UN ថា "មកទល់នឹងពេលនេះ រុស្ស៉ីបានបាញ់មីស៊ីលផ្លោងដែលផ្គត់ផ្គង់ដោយកូរ៉េខាងជើង ប្រឆាំងអ៊ុយក្រែនយ៉ាងហោចណាស់ ៩លើក។ រុស្ស៊ីនិងកូរ៉េខាងជើង ត្រូវតែទទួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេ ដែលបានធ្វើឱ្យខូចដល់កាតព្វកិច្ចក្រោមដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ"។ លោក Nebenzia ក៏បានប្រាប់សមាជិកក្រុមប្រឹក្សាសន្តិសុខដែរថា "យើងមានភស្តុតាងដែលមិនអាចប្រកែកបានថាប្រព័ន្ធមីស៊ីល Patriot ត្រូវបានប្រើសម្រាប់ធ្វើឱ្យយន្តហោះធ្លាក់នាំឱ្យយើងសង្ស័យថាវ៉ាស៊ីនតោនជាអ្នកសមគំនិតដោយផ្ទាល់"។ គួរបញ្ជាក់ថា រុស្ស៉ី និងកូរ៉េខាងជើងតែងតែបដិសេធរាល់ការចោទប្រកាន់របស់សហរដ្ឋអាមេរិកជុំវិញការផ្គត់ផ្គង់អាវុធ។ ដោយឡែកមន្រ្តីការទូតជាន់ខ្ពស់របស់អ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីថា ប្រើប្រាស់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ដើម្បីបំភ្លៃព័ត៌មានជុំវិញករណីធ្លាក់យន្តហោះខាងលើនេះ៕

Comments

Related posts