ឯកឧត្តម ប៊ិន ត្រឈៃ ស្នើដល់អង្គការ Vital Strategies ជួយលើកកម្ពស់ធនធានមនុស្សបន្ថែមទៀតលើដំណើរការប្រមូលទិន្នន័យបច្ចេកវិទ្យាឌីជីថល

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា

 

ភ្នំពេញ៖ឯកឧត្តម ប៊ិន ត្រឈៃ ស្នើដល់អង្គការ Vital Strategies ជួយលើកកម្ពស់ធនធានមនុស្សបន្ថែមទៀតលើដំណើរការប្រមូលទិន្នន័យបច្ចេកវិទ្យាឌីជីថល ដើម្បីធានាឱ្យបាននូវប្រភពទិន្នន័យមួយដែលមានគុណភាព លឿនរហ័ស និងភាពអាចទុកចិត្តបាន សម្រាប់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងភាគីពាក់ព័ន្ធ ធ្វើការសម្រចចិត្តឱ្យបានត្រឹមត្រូវ។

 

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Luis Ocaranza Ordaz ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់នៃអង្គការVital Strategies ចូលជួបនាទីស្តីការក្រសួង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធអញ្ជើញចូលរួមនារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានស្វាគមន៍ និងថ្លែងនូវអំណរគុណចំពោះអង្គការ Vital Strategies   ដែលបាន ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការអនុវត្តគម្រោងគំនិតផ្តួចផ្តើមស្តីពីទិន្នន័យសម្រាប់សុខភាព ដែលបានអនុវត្តចាប់ពីឆ្នាំ២០១៧មក ដោយមានការគាំទ្រពី Bloomberg Philanthropies ដោយផ្តល់ជំនួយជាបច្ចេកទេសដល់ប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមនៅទូទាំងពិភពលោក ក្នុងនោះក៏មានកម្ពុជាផងដែរ ដើម្បីកែលម្អការប្រមូល ការវិភាគ និងការប្រើប្រាស់ទិន្នន័យសុខភាពសាធារណៈ។

 

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ចំពោះក្រសួងផែនការ និងអង្គការ Vital Strategies ក៏មានកិច្ចសហប្រតិបត្តិការជាមួយគ្នាផងដែរ ដូចជាបានគាំទ្រដល់ការវិភាគស៊ីជម្រៅពីលទ្ធផលនៃអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ២០២១-២០២២(CDHS) ចំនួន៣ប្រធានបទ ដែលពាក់ព័ន្ធនឹង អត្រាមរណភាពមាតានិងទារក អំពើហិង្សាក្នុងគ្រួសារ និងលទ្ធភាពបង្កើតកូន ជាមួយនឹងដំណើរការការអភិវឌ្ឍន៍ស្ថិតិអត្រានុកាលដ្ឋាន រួមទាំងការរៀបចំកម្មវិធីថ្នាលទិន្នន័យសុខាភិបាល(Open Health Data Platform) ជាដើមផងដែរ។ 

 

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីសារៈសំខាន់នៃព័ត៌មានស្ថិតិ ដែលត្រូវការជាចាំបាច់ សម្រាប់ការត្រួតពិនិត្យ តាមដាននិងវាយតម្លៃការអនុវត្តផែនការយុទ្ឋសាស្រ្តអភិវឌ្ឍន៍ជាតិ (NSDP) គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (CSDG) និងការវិភាគភាពក្រីក្រដើម្បីយល់ដឹងឲ្យបានច្បាស់អំពីប្រសិទ្ឋភាពនៃការធ្វើ អន្តរាគមន៍របស់រាជរដ្ឋាភិបាល និងការអនុវត្តន៍កម្មវិធីកំណែទម្រង់នានា ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់អង្គការ Vital Strategies ផ្តល់ការគាំទ្របន្ថែមទៀតដល់ដំណើរការប្រមូលទិន្នន័យជាពិសេសពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល រួមទាំងការបណ្តុះបណ្តាលធនធានមនុស្សបន្ថែមទៀតដល់ក្រសួងផែនការ ដើម្បីធានាឱ្យបាននូវប្រភពទិន្នន័យមួយដែលមានគុណភាព លឿនរហ័ស និងភាពអាចទុកចិត្តបាន សម្រាប់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងភាគីពាក់ព័ន្ធ ធ្វើការសម្រចចិត្តឱ្យបានត្រឹមត្រូវ។

 

ជាការឆ្លើយតប ក្នុងជំនួបយលោក Luis Ocaranza Ordaz បានមានប្រសាសន៍ថា អង្គការ Vital Strategies បានធ្វើការងារជាច្រើននៅកម្ពុជា ពាក់ព័ន្ធនឹងការងារទិន្នន័យសម្រាប់សុខភាព មានកម្មវិធីជាច្រើនដូចជា ការចុះបញ្ជីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន ផលនៃការប្រើប្រាស់ទិន្នន័យ ដោយគាំទ្រដល់រដ្ឋាភិបាលក្នុងការបង្កើនការប្រើប្រាស់ទិន្នន័យជាអតិបរិមា ដើម្បីលើកកម្ពស់ការធ្វើសេចក្តីសម្រេចចិត្ត និងបង្កើតគោលនយោបាយសុខភាពសាធារណៈ និងការចុះបញ្ជីជំងឺមហារីក ដោយពង្រឹងបញ្ជីជំងឺមហារីកដែលមានមូលដ្ឋានផ្អែកលើប្រជាជន។

 

លោក Luis Ocaranza Ordaz បន្តថា អង្គការ Vital Strategies គឺជាដៃគូអនុវត្តការងារជាមួយក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ក្រសួងកិច្ចការនារី និងដៃគូដទៃទៀត ដូច្នេះអង្គការរបស់លោក នឹងប្តេជ្ញាជួយដល់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ លើដំណើការលំហូរទិន្នន័យ ការចែករំលែកទិន្នន័យដែលទទួលបានពីក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធ និងជាពិសេសលើការអភិវឌ្ឍន៍ស្ថិតិអត្រានុកូលដ្ឋានផងដែរ។ក្រៅពីការងារទាំងនេះ អង្គការ Vital Strategies ក៏នឹងបន្តជួយដល់ការពង្រឹងសមត្ថភាពមន្ត្រីនៃវិទ្យាស្ថានជាតិស្ថិតិក្រសួងផែនការលើដំណើរការប្រមូលទិន្នន័យ ការវិភាគទិន្នន័យ និងការប្រើប្រាស់ទិន្នន័យសុខភាពសាធារណៈ ហើយបន្តគៀងគដៃគូផ្តល់ជំនួយដទៃទៀត ដើម្បីជួយដល់ក្រសួងផែនការ តាមសំណូមពរការងារជាក់ស្តែងផងដែរ។387E00F8-82A3-4F0A-9FE0-D1C658E74C52CEA240AC-A0B6-4AD0-829E-C348F22007C05EA761B5-B1DD-408A-8ABB-7C1DABFB902576CBB9B5-BD63-4053-87BD-C98D06BBD6E4

Comments

Related posts