លោក Zelensky សារភាពថាអ៊ុយក្រែន កំពុងប្រឈមនឹងស្ថានការណ៍ដ៏លំបាក នៅសមរភូមិប្រយុទ្ធ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a30-4

a31-3

អន្តរជាតិ៖ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា កងទ័ពអ៊ុយក្រែនដែលទើបតែរងការប៉ះទង្គិចផ្លូវចិត្តដោយសារតែការបាត់បង់ទីក្រុងយុទ្ធសាស្ត្រមួយ ឥឡូវនេះត្រូវប្រឈមមុខនឹងស្ថានការណ៍ដ៏លំបាកនៅឯសមរភូមិប្រយុទ្ធជាមួយរុស្ស៉ីថែមទៀតដោយសារតែការយឺតយ៉ាងក្នុងការផ្ដល់ជំនួយយោធារបស់លោកខាងលិច។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters។ ការបង្កើនការវាយលុកយ៉ាងខ្លាំងរបស់កងកម្លាំងរុស្ស៉ីក្នុងតំបន់ភាគខាងកើត និងភាគខាងត្បូងប៉ុន្មានខែចុងក្រោយនេះបានបើកផ្លូវឱ្យរុស្ស៉ីវាយដណ្ដើមបានទីក្រុង Avdiivka កាលពីសប្ដាហ៍មុន និងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះមុនការប្រារព្ធខួបលើកទី២ នៃការឈ្លានពានរបស់រុស្ស៉ីកាលពីខែកុម្ភៈ ឆ្នាំ២០២២។ តាមលោក Zelensky យោធាអ៊ុយក្រែនកំពុងខ្វះខាតគ្រាប់កាំភ្លើង និងគ្រាប់កាំភ្លើងធំ ហើយការខ្វះខាតនេះកាន់តែយ៉ាប់យ៉ឺនឡើង ដោយសារតែការជាប់គាំងជំនួយ ៦០ ពាន់លានដុល្លាររបស់សហរដ្ឋអាមេរិក។ លោក Zelensky ធ្វើការកត់សម្គាល់បែបនេះក្រោយបំពេញទស្សនកិច្ចសួរសុខទុក្ខកងទ័ពអ៊ុយក្រែននៅឯសមរភូមិក្នុងតំបន់ Kharkiv កាលពីថ្ងៃចន្ទ។ លោកបានបញ្ជាក់ថា "ស្ថានការណ៍កាន់តែលំបាកទៅៗ នៅតាមផ្នែកជាច្រើននៃសមរភូមិជួរមុខ ជាទីដែលកងទ័ព
រុស្ស៉ីបានប្រមូលផ្ដុំការបម្រុងទុកជាអតិបរមា"។ លោក Zelensky បន្ថែមទៀតថាកងទ័ពរុស្ស៉ីកំពុងទាញយកប្រយោជន៍ពីការយឺតយ៉ាវនៃការផ្ដល់ជំនួយដល់អ៊ុយក្រែន ខណៈអ៊ុយក្រែនកំពុងខ្វះខាតគ្រាប់កំាភ្លើងធំ ប្រព័ន្ធអាវុធរយៈចម្ងាយឆ្ងាយ និងការពារដែនអាកាស៕

Comments

Related posts