សម្តេចតេជោគាំទ្រយ៉ាងពេញទំហឹងចំពោះគ្រប់សកម្មភាពទាំងអស់ក្នុងការផ្លាស់ប្តូរផ្នត់គំនិតនិងទម្លាប់ប្រជាជនក្នុងការប្រតិបត្តិលើការរស់នៅស្អាតគ្មានការចម្លងជំងឺគ្រុនចាញ់តាមបែបគន្លងថ្មី

 

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា 

 

ភ្នំពេញ៖ សម្តេចតេជោគាំទ្រយ៉ាងពេញទំហឹងចំពោះគ្រប់សកម្មភាពទាំងអស់ ក្នុងផ្លាស់ប្តូរផ្នត់គំនិតនិងទម្លាប់ប្រជាជនក្នុងការប្រតិបត្តិលើការរស់នៅស្អាតគ្មានការចម្លងជំងឺគ្រុនចាញ់តាមបែបគន្លងថ្មី ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យអស់ពីកម្ពុជា ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារលិខិតថ្លែងក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ បានសំដែងនូវការអបអរសាទរជាមួយពិភពលោកទាំងមូល ចំពោះការប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងទិវាគ្រុនចាញ់ពិភពលោកដែលបាន ប្រព្រឹត្ត ទៅនៅ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ក្រោមប្រធានបទ "ឈានទៅសម្រេចគោលដៅគ្មានជំងឺគ្រុនចាញ់" ។ ទិវានេះប្រារព្ធឡើងក្នុងគោលបំណងជំរុញនិងបំផុសការយល់ដឹងនិង យកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀតក្នុងការលើកកម្ពស់សុខុមាលភាពសង្គមនិងសំដៅរួមចំណែកដល់ការថែរក្សាសុខ ភាពរបស់ប្រជាពលរដ្ឋ។

សម្តេចតេជោ សូមសំដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគ្រប់សកម្មភាពទាំងអស់ដែលបាននិងកំពុងអនុវត្តក្នុងការជំរុញ និងបំផុសការយល់ដឹងជាសាធារណៈឱ្យកាន់ទូលំទូលាយនៅទូទាំងប្រទេស ពិសេសនៅតាមតំបន់ប្រឈម ទីជនបទព្រៃភ្នំ ដើម្បីផ្លាស់ប្តូរផ្នត់គំនិតនិងទម្លាប់ប្រជាជនក្នុងការប្រតិបត្តិលើការរស់នៅស្អាតគ្មានការចម្លងជំងឺគ្រុនចាញ់តាមបែបគន្លងថ្មី ទស្សនាទានថ្មីនាសម័យកាលវិបត្តិកូវីដ-១៩។ ពិតណាស់ថា ជំងឺគ្រុនចាញ់មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សុខភាព ចំណាយលុយកាក់តាមរយៈចំណាយដោយផ្ទាល់លើការព្យាបាល ការខាតបង់ការងារ ការបាត់បង់ផលិតភាព និងអាយុជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កផល ប៉ះពាល់ជាអវិជ្ជមានដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរទៀតផង។

សម្តេចតេជោ បន្តទៀតថា យើងទាំងអស់គ្នាចាំបាច់ណាស់ត្រូវបន្តយកចិត្តទុកដាក់លើបញ្ហាជំងឺគ្រុនចាញ់នេះដោយយើងមិនអាចមើលរំលងបានឡើយ។ ផ្ទុយទៅវិញ ប្រសិនបើប្រជាពលរដ្ឋមានសុខភាពល្អនឹងនាំឱ្យមានជីវភាពរស់នៅល្អប្រសើរ មានលទ្ធភាពខ្ពស់លើការបង្កើនចំណេះដឹង បង្កើនផលិតភាពដែលនឹងនាំមកនូវភាពរីកចម្រើន សេចក្តីថ្លៃថ្នូរ និងសុភមង្គល។ ដូច្នេះ ទិវាគ្រុនចាញ់ក្រោមប្រធានបទ "ឈានទៅសម្រេចគោលដៅគ្មានជំងឺគ្រុនចាញ់" នេះ សមស្របនឹងដំណើរវិវត្តិនៃសភាពការណ៍សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ខណៈដែលកម្ពុជាយើងនៅប្រឈមនឹងជំងឺគ្រុនចាញ់នេះនៅឡើយ។ លើសពីនេះទៅទៀតកម្ពុជាកំពុងអនុវត្តអភិក្រមការងារលុបបំបាត់ជំងឺគ្រុនចាញ់ដំណាក់កាលទី២ ឆ្នាំ២០២១-២០២៥ ដែលជាផ្នែកមួយនៃផែនការយុទ្ធសាស្រ្តជាតិ លុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១១-២០២៥ ដែលជាផែនទីបង្ហាញផ្លូវ និងបង្កលក្ខណៈងាយស្រួលដល់ការប្រតិបត្តិជាក់ស្តែង ឈានឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់ទូទាំងប្រទេស នាឆ្នាំ២០២៥ខាងមុខយ៉ាងជោគជ័យ៕

Comments

Related posts