អនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុ លើកទឹកចិត្តដល់វិនិយោគិនឱ្យចុះបញ្ជីគម្រោងវិនិយោគកាន់តែច្រើនបន្ថែមទៀត

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ២៦.០៤.២០២៤

IMG_9597-1

អនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុ លើកទឹកចិត្តដល់វិនិយោគិនឱ្យចុះបញ្ជីគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់កាន់តែច្រើនបន្ថែមទៀត ដោយសារបច្ចុប្បន្នក្រុមការងារមានដាក់ចេញនូវផែនការសំខាន់ៗបន្ថែម ដើម្បីធានាសុវត្ថិភាព និងស្ថិរភាពនៃការវិនិយោគ ។ 

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ថា អនុគណៈកម្មការវិនិយោគឬច្រកចេញចូលតែមួយ គឺមានតួនាទីក្នុងការប្រមូលនិងរៀបចំឯកសារជូនអ្នកវិនិយោគ ដោយអ្នកវិនិយោគគ្រាន់តែដាក់ឯកសារជាមួយលេខាធិការដ្ឋាន រួចកំណត់ថ្ងៃទទួលវិញ្ញាបនបត្រវិញតែប៉ុណ្ណោះ ។  
លោកបានបន្តថា ចាប់តាំងពីច្បាប់បានអនុញ្ញាតឱ្យបង្កើតអនុគណៈកម្មការវិនិយោគរាជធានី-ខេត្ត ហើយបានតម្លើងទុនវិនិយោគដល់៥លានដុល្លារសហរដ្ឋអាមេរិកនោះ មកដល់បច្ចុប្បន្ននេះខេត្តព្រះសីហនុ សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បានចំនួន៨ក្រុមហ៊ុនហើយ ។ 
លោកបានបន្ថែមថា ចំពោះគម្រោងវិនិយោគទាំង៨ ដែលអនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុ បានចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគរួចរាល់នោះ គឺមិនមានរាប់បញ្ចូលគម្រោងវិនិយោគធំៗដែលចំណាយទុនលើស៥លានដុល្លារនោះឡើយ ។ 
លោកបានបញ្ជាក់ថា ទោះតួលេខនេះមានចំនួនល្អប្រសើរយ៉ាងណាក្តី ក៏ប្រធានអនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុ នៅតែជំរុញឱ្យក្រុមការងារជំនាញចុះអប់រំ ផ្សព្វផ្សាយ ក៏ដូចជាលើកទឹកចិត្តឱ្យម្ចាស់គម្រោងវិនិយោគទាំងអស់ក្នុងខេត្ត ទៅចុះបញ្ជីគម្រោងវិនិយោគដើម្បីទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនតាមការកំណត់នៃច្បាប់ ។ 
 « តែទោះជាយ៉ាងនេះក្ដី ក៏ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅតែបន្តជំរុញការចុះបញ្ជីឱ្យបានកាន់តែច្រើនបន្ថែមទៀត ជាមួយនឹងការណែនាំថ្មីៗបន្ថែមទៀត គឺក្រុមការងារនឹងរៀបចំជាផែនការចុះទៅប្រមូល ផ្សព្វផ្សាយ ជូនដល់វិនិយោគិនទាំងអស់ ឱ្យចូលរួមចុះបញ្ជី ដើម្បីទទួលនូវការលើកទឹកចិត្ត ក៏ដូចជាការពង្រីកអាជីវកម្មឱ្យកាន់តែល្អប្រសើរ ហើយក៏សង្ឃឹមថា ចំនួនវិនិយោគនេះ ក៏កាន់តែមានការកើនឡើងល្អប្រសើរ »។ 
សូមបញ្ជាក់ថា សម្រាប់ទុនវិនិយោគក្រោម៥លានដុល្លារសហរដ្ឋអាមេរិក ដោយយោងទៅតាមអនុក្រឹត្យ១៣៩ គឺជាសមត្ថកិច្ចរបស់រដ្ឋបាលរាជធានី-ខេត្ត ដូច្នេះក្នុងកញ្ចប់ទុនវិនិយោគក្រោម៥លានដុល្លារសហរដ្ឋអាមេរិក គឺជាការសម្រេចរបស់អនុគណៈកម្មការវិនិយោគរាជធានី-ខេត្ត ៕

Comments

Related posts