សារពីអតីតអ្នកប្រមាញ់សត្វព្រៃ ៖ សត្វព្រៃមិនជួយឱ្យយើងមានបាននោះទេ ដូច្នេះឈប់បាន ឈប់ទៅ!

photo_2021-01-18_11-41-00អត្ថបទ៖ លោក វ៉ាង ភក្តី 
មណ្ឌលគិរី៖ លោក មិន ធឿន អតីតអ្នកប្រមាញ់សត្វព្រៃកាលពី១០ឆ្នាំមុន បានសារភាពថា ការយកអាជីពដើម្បីបរបាញ់ ឬដាក់អន្ទាក់ចាប់សត្វព្រៃ មិនបានជួយឱ្យក្រុមគ្រួសាររបស់លោក មានជីវភាពធូរធារ នោះទេ ផ្ទុយទៅវិញវារឹតតែធ្វើឱ្យយើងមានវិប្បដិសារីចំពោះការបាត់បង់ធនធានដ៏មានតម្លៃដែលកម្ពុជាមាន។


អតីតតអ្នកប្រមាញ់សត្វព្រៃ ដែល បច្ចុប្បន្នបានក្លាយជាមន្ត្រីឧទ្យានុរក្សដ៏ឆ្នើមក្នុងកិច្ចការពារជីវៈចម្រុះនៅដែនជម្រកសត្វព្រៃភ្នំព្រេចរូបនេះ បានថ្លែងថា «ការបរបាញ់សត្វបានតែមួយគ្រាប៉ុណ្ណោះ វាអត់បាន​​កើនអីដល់​​សេដ្ឋកិច្ចគ្រួសារជារៀងរហូត នោះទេ ផ្ទុយទៅវិញវាធ្វើឱ្យសត្វព្រៃរបស់យើងកាន់តែបាត់បង់ទៅៗ»។

លោកបានឱ្យដឹងថា រូបលោកធ្លាប់បានបាញ់សត្វព្រៃកាលពីរូបលោកនៅជាអតីត ទាហានខ្មែរក្រហម ក្នុងទសវត្សរ៍៨០ ដោយកាលនោះ លោកបានប្រើកាំភ្លើងបាញ់សម្លាប់ប្រភេទសត្វធំៗដូចជា៖ ទន្សោង ខ្ទីង ខ្លាធំ ជាដើម។ ក្រោយពីការប្រកបអាជីពនេះ ពោលគឺ ខ្សត់សត្វព្រៃសម្រាប់ប្រមាញ់បន្តទៀត រូបលោកក៏សម្រេចចិត្តបោះបង់អាជីពនេះ ហើយងាកមកចូលរួមធ្វើជាអ្នកការពារ និងអភិរក្សសត្វព្រៃវិញ។


លោក មិន ធឿន បានប្តេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែងការពារសត្វព្រៃដែលនៅសេសសល់ឱ្យបានគង់វង់ និងមានការកើនឡើងវិញ ដើម្បីទុកឱ្យមនុស្សជំនាន់ក្រោយបានស្គាល់នូវធនធានដ៏សម្បូរបែប​​នៃប្រទេស​​កម្ពុជា បើទោះបីជាសព្វថ្ងៃនេះ ការបំពេញភារកិច្ចទៅលើការងារមានបញ្ហាប្រឈមច្រើន ដោយអ្នកប្រព្រឹត្តបទល្មើសមានទាំងអន្ទាក់ មានទាំងអាវុធ ក្នុងការតដៃមកលើមន្ត្រីឧទ្យានុរក្ស។


របាយការណ៍បានពីការតាមដាន និងស្រាវជ្រាវជីវៈចម្រុះនៃអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ ហៅកាត់ WWF បានបង្ហាញថា រយៈពេល១០ឆ្នាំចុងក្រោយនេះ សត្វព្រៃប្រភេទក្រចកជើងចំពាមវមានដូចជា៖ ទន្សោង ឈ្លូស ជ្រូកព្រៃ ប្រើស រមាំង ខ្ទីង ជាដើមនេះ មានចំនួនកាន់តែតិចទៅៗនៅក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃស្រែពក និងក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច។ កត្តាដែលនាំឱ្យពពួកសត្វទាំង នេះថយចុះ គឺដោយសារបញ្ហាកាត់បាត់បង់ព្រៃជម្រក ការដាក់អន្ទាក់ ការប្រមាញ់ខុសច្បាប់និងការជួញដូរ និងបញ្ហាកង្វះប្រភពទឹក។


ទោះជាយ៉ាងនេះក្តី លោក សេង ទៀក នាយកអង្គការ WWFប្រចាំនៅកម្ពុជា លើកឡើងថា ចំនួនសត្វព្រៃអាច នឹងកើនឡើងវិញប្រមាណ ៣០ភាគរយ ក្នុងរយៈពេល១០ឆ្នាំខាងមុខ បើសិនជាមានវិធានការការពារទាន់​​ពេលវេលា តាមរយៈការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងទៅលើអ្នកបរបាញ់ និងកាប់ព្រៃឈើធម្មជាតិ៕photo_2021-01-18_11-41-01photo_2021-01-20_14-33-57

Comments

Related posts