ក្រុមការងារសហគមន៍ និងអាជ្ញាធរជាតិអប្សរា ចុះពិនិត្យ និងដោះស្រាយការសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត
សៀមរាបៈ ថ្ងៃទី២១-០១-២០២១ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ជាក់ស្តែង គោលដៅទី១ ក្រុមការងារប្រចាំស្រុកប្រាសាទបាគង ដឹកនាំដោយ ឯក ឧត្តម សុខ លក្ខិណា បាន
ចុះពិនិត្យនៅក្នុងភូមិលលៃ ភូមិស្ទឹង ឃុំបាគង។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន៤សំណើ។
ឯគោលដៅទី២ ក្រុមការងារប្រចាំស្រុកបន្ទាយស្រី ដឹកនាំដោយ ឯកឧត្តម ម៉ី ម៉ារ៉ាឌី បានពិនិត្យ និងដោះស្រាយនៅក្នុងភូមិទួលក្រឡាញ់ ភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែង ក្រុមការងារបានអនុញ្ញាតចំនួន៧សំណើ។
សរុបមក នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាទាំង២គោលដៅបានពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងតំបន់ឧទ្យានអង្គរ បានចំនួន១១សំណើ។
សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ៕

Comments

Related posts