រាជរដ្ឋាភិបាល ណែនាំដើម្បីរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៦ ៤ ២០២៤

IMG_9784

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំ ដល់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឱ្យបានល្អប្រសើរ។
  
   តាមរយៈសារាចរ ស្តីពីការរៀបចំខួបអនុស្សាវរីយ៍នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ទិវាពលកម្មអន្តរជាតិ ១ ឧសភា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃចលនាកម្មករអន្តរជាតិ ដែលព្រះរាជាណាចក្រកម្ពុជា តែងតែប្រារព្ធជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន។ នៅឆ្នាំ២០២៤នេះ ខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នឹងប្រារព្ធឡើងក្រោមប្រធានបទ “សហគ្រាស មួយជាសហគមន៍សុខសាន្តមួយ”។
សម្តេចធិបតី បានបន្តថា ដើម្បីរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះ ឱ្យប្រព្រឹត្តទៅបានល្អប្រសើរ រាជរដ្ឋាភិបាលសូមធ្វើការណែនាំដូចជា ក្រសួងការងារ ដោយសហការជាមួយនឹងក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ត្រូវរៀបចំប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ថ្នាក់ជាតិ ដោយមានការចូលរួមពីកម្មករនិយោជិត និយោជក និងដៃគូពាក់ព័ន្ធ។
សម្តេចធិបតី បានបន្តទៀតថា ក្រសួងព័ត៌មាន ត្រូវណែនាំប្រព័ន្ធឃោសនារបស់រដ្ឋនិងឯកជន បណ្តាញសារព័ត៌មានសង្គមនានា ឱ្យផ្សព្វផ្សាយសារាចរ និងសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសកម្មភាពនានារបស់កម្មករនិយោជិត ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា។ ចំណែកឯ ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត ត្រូវជ្រើសរើសទីតាំងសមស្រប ដូចជាដងវិថីនិងទីតាំង សំខាន់ៗ ដើម្បីចងបដាពាក្យស្លោកតាមខ្លឹមសារ ដូចជា អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា, សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ, គោរពច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីសហជីព ដើម្បីធានាសិទ្ធិនិងផលប្រយោជន៍រួមរបស់កម្មករនិយោជិតនិងនិយោជក, សុវត្ថិភាពនិងសុខភាពការងារនៅកន្លែងធ្វើការ ជាកត្តាចម្បង និងមានជំនាញវិជ្ជាជីវៈ មានឱកាសការងារនិងមុខរបរ ទទួលបានប្រាក់ចំណូលកាន់តែប្រសើរ។
   សម្តេចធិបតី បានបន្ថែមទៀតថា ម្ចាស់សហគ្រាស គ្រឹះស្ថាន ត្រូវរៀបចំកម្មវិធីកម្សាន្តសប្បាយៗតាមលទ្ធភាពជាក់ស្តែង និងចងបដាពាក្យស្លោក នៅច្រកចេញ-ចូល និងនៅតាមអគារសហគ្រាស គ្រឹះស្ថានរបស់ខ្លួន ដូចជា អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា, រួមគ្នាដើម្បី “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”,  រួមគ្នាបង្កើនវប្បធម៌អនុលោមភាពតាមច្បាប់, រួមគ្នាដើម្បីលើកកម្ពស់សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងរោងចក្រជាឆ្នាំងបាយរួមរបស់បងប្អូនកម្មករនិយោជិត និងនិយោជក។ បន្ថែមពីនោះទៀត អង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត អង្គការវិជ្ជាជីវៈរបស់និយោជក កម្មករនិយោជិត និងនិយោជក នៃសហគ្រាសនីមួយៗ ព្រមទាំងដៃគូពាក់ព័ន្ធ ត្រូវរួមគ្នាប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្នុងគោលដៅបង្ហាញឱ្យឃើញពីភាពថ្លៃថ្នូរ ភាពចាស់ទុំ និងភាពប្រសើរឡើងនៃសិទ្ធិសេរីភាពកម្មករនិយោជិត និងសុខដុមនីយ
កម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ដើម្បីបង្កើនការទាក់ទាញទុនវិនិយោគ និងបង្កើតឱកាសការងារកាន់តែប្រសើរ និងសមរម្យជូនបងប្អូន កម្មករនិយោជិត និងប្រជាពលរដ្ឋ៕

Comments

Related posts