កម្ពុជា-ហុងគ្រី បន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មឱ្យកាន់តែរឹងមាំខ្លាំងក្លា

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ២២,០១,២០២១

MC៖ កម្ពុជា-ហុងគ្រី បន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលមួយចំនួនទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។  

         កិច្ចប្រជុំលើកទី១របស់គណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-ហុងគ្រី ត្រូវបានរៀបចំឡើងរយៈពេល ០២ថ្ងៃ ពីថ្ងៃទី២០-២១ ខែមករា តាមរយៈប្រព័ន្ធវីដេអូ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ហើយបានបញ្ចប់ដោយជោគជ័យ និង ទទួលបានលទ្ធផលជាផ្លែផ្កាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ក្រោយបញ្ចប់កិច្ចប្រជុំនារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានថ្លែងថា ភាគីទាំងពីរបានឯកភាពពង្រីក កិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលសំខាន់ចំនួន៩ រួមមាន ៖  (១) សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ (២) គម្រោងឥណទាន (Tied Aid Credit Cooperation) (៣) កសិកម្ម សេដ្ឋកិច្ចស្បៀង សុវត្ថិភាពម្ហូបអាហារ រុក្ខាប្រមាញ់ និងនេសាទ (៤) ការគ្រប់គ្រងធនធានទឹក (៥) វិស័យអប់រំ យុវជន និងកីឡា (៦) វប្បធម៌ (៧) ទេសចរណ៍ (៨) ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និង(៩) អាកាសចរណ៍ស៊ីវិល។ 

លោកជំទាវបន្ថថា ក្រៅពីវិស័យសំខាន់ៗខាងលើ ភាគីទាំងពីរបានបង្ហាញពីបំណងនិងបេ្តជ្ញាចិត្តក្នុងការពង្រីក កិច្ចសហប្រតិបត្តិការ លើវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ វប្បធម៌ ទេសចរណ៍ និងអាកាសចរណ៍ស៊ីវិលផងដែរ។ បន្ថែមពីនេះ ក្រុមការងារនៃគណៈកម្មការចម្រុះ នឹងជំរុញក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តនូវអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខានាពេលកន្លងមក។ 

ឯកឧត្តម អ៊ីស្វាន់ ចូ (István Joó) អនុរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី បានមានប្រសាសន៍ថា សម្រាប់វិស័យពាណិជ្ជកម្មនិងសេដ្ឋកិច្ច នឹងខិតខំធ្វើយ៉ាងណាជំរុញឱ្យកាន់តែល្អប្រសើរឡើង រវាងប្រទេសទាំងពីរ ជាពិសេស គឺជួយសម្រួល និងទាក់ទាញវិនិយោគិនហុងគ្រីមកកម្ពុជា ក៏ដូចជាការស្វែងយល់បន្ថែមពីផលិតផលសក្ដានុពល របស់កម្ពុជា រួមមានកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មកែច្នៃ ដែលអាចនាំចេញទៅទីផ្សារហុងគ្រីបាន។

ក្នុងឱកាលនោះ ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុរួមនៃកិច្ចប្រជុំលើកទី១របស់គណៈកម្មការចម្រុះ នៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចកម្ពុជា-ហុងគ្រី នៅក្នុងបរិយាកាសដ៏ស្និទស្នាលប្រកបដោយមិត្តភាព និង បានព្រមព្រៀងថា នឹងគ្រោងរៀបចំកិច្ចប្រជុំលើកទី២ គណៈកម្មការចម្រុះនេះ នៅទីក្រុងប៊ុយដាប៉េស ប្រទេសហុងគ្រី តាមកាលបរិច្ឆេទសមស្របនាឆ្នាំខាងមុខ។

សូមជម្រាបថា កិច្ចប្រជុំលើកទី១ គណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-ហុងគ្រី ធ្វើឡើងក្នុង គោលបំណងតាមដានវឌ្ឍនភាពការងារ និងជំរុញសកម្មភាពកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិស័យអាទិភាពផ្សេងៗ ដែលត្រូវបានចុះហត្ថលេខាដោយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និង ឯកឧត្តម Péter Szijjártó រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី កាលពីឆ្នាំ២០១៩ នាអំឡុងពេលទស្សនកិច្ចជាផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅទីក្រុងប៊ុយដាប៉េស ប្រទេសហុងគ្រី។ 

គិតចាប់ពីឆ្នាំ២០១៧ រហូតត្រឹមឆ្នាំ២០២០ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-គ្រី សម្រេចបានក្នុងទំហំទឹកប្រាក់សរុបជាង ១៦លានដុល្លារអាមេរិក៕633DDF10-2A8B-4D94-87E7-A8149DDFDDD212C31DDD-6B1A-446B-97B6-2AC9F65AC7C2215661BC-8ADD-4568-BA06-10C647BC8387

Comments

Related posts