ពិធីសម្ពោធអគារស្នាក់ការគណបក្សប្រជាជនឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ

 

 

វិទ្យុជាតិកម្ពុជា៖មន្ទីរព័ត៌មានខេត្តព្រះវិហារ

 

នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្ថិតនៅឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ព្រមទាំងក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ឃុំ ភូមិជាច្រើនរូបទៀត។

លោក សំ លាងទ្រី ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកសង្គមថ្មី បានថ្លែងឲ្យដឹងថា អគារស្នាក់ការគណបក្សឃុំរអាងនេះមានទំហំ ៩ម៉ែត្រគុណ ១០,៥០ម៉ែត្រ និងកំពស់៦,១ម៉ែត្រ លើផ្ទៃដីទំហំ ២០ម៉ែត្រគុណ៥០ម៉ែត្រ សាងសង់អំពីថ្មប្រក់ក្បឿង ក្រាលការ៉ូឡា ដោយចាប់ផ្តើមសាងសង់នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ និងបញ្ចប់ការសាងសង់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ចំណាយថវិកាសរុបទាំងថ្លៃសាងសង់ ថ្លៃបំពាក់សម្ភារអស់ចំនួន ១០១.៤៨៨០០០រៀល។

ឯកឧត្តម ប្រាក់ សុវណ្ណ បានថ្លែងណែនាំឲ្យថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជានៅតាមមូលដ្ឋាន ត្រូវគ្រប់គ្រងសមាជិកបក្សឲ្យបានច្បាស់លាស់ ត្រូវធ្វើអំពើល្អជាមួយសមាជិកបក្ស ដើម្បីប្រែក្លាយសមាជិកបក្សម្នាក់ ទៅជាសន្លឹកឆ្នោតមួយសន្លឹកបោះជូន គណបក្សប្រជាជនកម្ពុជា។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម មាស សុភា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្តេចអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាច្រើនរូបទៀត ជូនថ្នាក់ដឹកនាំ សមាជិកសមាជិកា ថ្នាក់ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់នៅក្នុងខេត្តព្រះវិហារទាំងមូល។ ឯកឧត្តមបានបន្តទៀតថា សមិទ្ធិផលថ្មីរបស់គណបក្សប្រជាជនកម្ពុជា ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ គឺជាសមិទ្ធិផលរួមរបស់គណបក្សប្រជាជនកម្ពុជា ដែលបានកើតឡើងដោយការចូលរួមសហការគ្នា ពីក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំនិងសប្បុរសជនមួយចំនួនទៀត ដែលជាវប្បធម៍ចែករំលែក ដែលថ្នាក់ដឹកនាំគណបក្សគ្រប់រូបតែងធ្វើជាប្រចាំតាំងពីដើមរៀងមក។

ឯកឧត្តម មាស សុភា បានថ្លែងសង្កត់ធ្ងន់ទៀតថា «ចាប់តាំងពីរូបលោកត្រូវបានតែងតាំងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ អ្វីដែលលោកត្រូវគិតមុនគេនោះ គឺការកសាងអគារស្នាក់ការគណបក្សឲ្យបានគ្រប់ ស្រុក ក្រុង ឃុំ សង្កាត់ ដើម្បីងាយស្រួលឲ្យមន្ត្រីរបស់យើងមានទីតាំងសមរម្យសម្រាប់បំពេញការងារ។ បើយើងមិនបានសាងសង់អគារស្នាក់ការបក្សបានភ្លាមៗទេ យើងត្រូវរកដីទុកសម្រាប់សាងសង់នៅពេលក្រោយពេលដែលយើងមានលទ្ធភាព»។ 

ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកសង្គមថ្មី និងក្រុមការងារថ្នាក់ខេត្ត ដែលបានខិតខំកសាងអគារស្នាក់ការគណបក្សតាមឃុំនានាសម្រេចបានស្ទើរតែ ១០០%៕IMG_20210221_180028_233IMG_20210221_180019_968IMG_20210221_180002_597

Comments

Related posts