អ្នកចាក់វ៉ាក់សាំងការពារកូវីដ-១៩រួចរាល់ហើយក៏ដោយ ក៏ត្រូវតែការពារខ្លួនផងដែរ

 

វិទ្យុជាតិកម្ពុជា៖ ស្រីផល ​

ភ្នំពេញ៖ ក្រុមគ្រូពេទ្យ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩រួចរាល់ ហើយក៏ដោយ ក៏ត្រូវតែ បន្តការពារខ្លួនតាមរយៈវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនបន្ថែមទៀត ដើម្បីចូលរួមទប់ស្កាត់ពីជំងឺ ដ៏កាចសាហាវមួយនេះ។ 

លោកវេជ្ជបណ្ឌិត ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានមានប្រសាសន៍ថា ទោះបីជា ប្រជាពលរដ្ឋបានចាក់វ៉ាក់សំាងប្រឆំាងជំងឺកូវីដ-១៩រួចហើយក៏ដោយ ក៏មិនមែនមានន័យថា អាចការពារពីជំងឺដ៏កាចសាហាវនេះទាំងស្រុងនោះទេ គឺអាចមានលទ្ធភាពក្នុងការឆ្លងជំងឺនេះទៀត បើសិនជាយើងនៅជិតអ្នកដែលមានផ្ទុកវីរុសកូវីដ-១៩នោះ ប៉ុន្តែការចាក់វ៉ាក់សាំងនេះ គឺអាចបង្កើន នូវអង់ទីគ័រការពារដើម្បីប្រយុទ្ធប្រឆាំង និងមិនបង្កឱ្យមានសភាពធ្ងន់ធ្ងរ ដូចអ្នកដែលមិនបានចាក់ នោះទេ។

លោកវេជ្ជបណ្ឌិត ក៏បានបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋដែលចាក់វ៉ាក់សាំងនេះគឺត្រូវតែបន្តការពារខ្លួន ជានិច្ច បើសិនជាចេញទៅទីប្រជុំជន គឺត្រូវពាក់ម៉ាស់ ការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ក៏ត្រូវពាក់ម៉ាស់ ហើយឧស្សាហ៍លាងដៃនឹងសាប៊ូ ឬជែល ជាពិសេសគឺការរក្សាគម្លាតសុវត្ថិភាព សង្គម។

សំឡេង៖ ការចាក់វ៉ាក់សាំងហើយ គឺជាវិធីមួយសម្រាប់ការពារខ្លួនយើងម្នាក់ៗ ហេតុអី គឺការចាក់វ៉ាក់សាំង ក៏មិនមែនបានន័យថាមិនឆ្លងនោះទេ ប៉ុន្តែដូចយើងផ្ដាសាយទូទៅចឹង អាចឆ្លង ប៉ុន្តែគ្រាន់តែអត់ធ្ងន់ ហើយខ្លួនយើងមានអង់ទីគ័រ ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដហ្នឹង ដូចនេះគឺធ្វើឱ្យជំងឺនេះមិនអាចធ្ងន់បាន ហើយនេះគឺជាវិធីមួយដ៏ល្អបំផុត មិនមែនបានន័យថា អ្នកចាក់វ៉ាក់សាំងហើយមិនបាច់ការពារនោះទេ ។

លោក សៅ ពិសិដ្ឋ ជាប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញដែលបានទៅចាក់វ៉ាក់សាំង នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត បានប្រាប់ឲ្យដឹងដែរថា ក្រោយពីការចាក់វ៉ាក់សាំងនេះរួច គឺលោកនៅតែមាន សុខភាពល្អធម្មតា មិនមានអ្វីដែលជាការព្រួយបារម្ភនោះឡើយ ជាពិសេសនោះ ការចាក់វ៉ាក់សាំង នេះ គឺអាចជួយដល់អាយុជីវិតរបស់លោក និងមិនធ្វើឲ្យលោកមានការព្រួយបារម្ភដូចមុនឡើយ ។

សំឡេង៖ រូបខ្ញុំផ្ទាល់ ក៏បានមកទទួលនូវការចាក់វ៉ាក់សាំង ដើម្បីការពារជំងឺកូវីដ-១៩ ហើយខ្ញុំផ្ទាល់ ក្រោយពីការចាក់វ៉ាក់សាំងហើយ សុខភាពល្អធម្មតា មិនមានជាបញ្ហាអីទេ ជាមួយគ្នានោះ ខ្ញុំក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅតែបន្ត ទាំងអ្នកដែលបានចាក់ហើយ និងអ្នកនៅមិនទាន់ចាក់ក្តី ក៏យើងនៅតែបន្តអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ។

សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី២៤ខែកុម្ភ: ឆ្នាំ២០២១ អ្នកចាក់សាំងការពារជំងឺ កូវីដ-១៩រួចរាល់ មានចំនួន ១០,១១៥នាក់ ក្នុងនោះស្រីមានចំនួន ៣,២៩១នាក់៕IMG_20210225_115946_183IMG_20210225_115942_992IMG_20210225_115940_512

Comments

Related posts