ជនជាតិចិន៦នាក់ ដែលមានផ្ទុកកូវីដ-១៩ នៅខេត្តព្រះសីហនុ គឺមិនចាត់ចូលក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈនោះទេ

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ

 

MC៖ ក្រសួងសុខាភិបាលបញ្ជាក់ថា ជនជាតិចិនចំនួន៦នាក់ ដែលមានផ្ទុកកូវីដ-១៩ នៅខេត្តព្រះសីហនុ គឺមិនចាត់ចូលក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈនោះទេ ខណៈដែលពួកគេមានគោលបំណងធ្វើដំណើរទៅប្រទេសចិនវិញ ទើបទៅធ្វើតេស្ដពិនិត្យសុខភាព ដើម្បីសុំវិញ្ញាបនបត្រ បញ្ជាក់សុខភាពតែប៉ុណ្ណោះ។ 

 

តាមរយៈសារសំឡេងនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកផ្ទុកវីរុសកូវីដ-១៩ ដែលក្នុងនោះក៏មានជនជាតិចិន ចំនួន៦នាក់ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុមានផ្ទុកកូវីដ-១៩ ប៉ុន្តែក្រសួងមិនបានចាត់ទុកជនជាតិចិន៦នាក់ រកឃើញវីរុសកូវីដ-១៩ នៅក្រុងព្រះសីហនុ ចូលទៅក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈឡើយ ។  

លោកជំទាវបញ្ជាក់ទៀតថា ដោយសារតែពួកគេមានគោលបំណង ធ្វើដំណើរទៅប្រទេសចិនវិញ ទើបទៅធ្វើតេស្ដដើម្បីសុំវិញ្ញាបនបត្របញ្ជាក់សុខភាព កាលពីថ្ងៃទី២៣ កុម្ភៈ តែលទ្ធផលធ្វើតេស្ដវត្ថុ សំណាក់របស់បុគ្គល ទាំង៦នាក់នេះ ផ្ដល់ដោយវិទ្យាស្ថាន ជាតិសុខ ភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺវិជ្ជមានវីរុសកូវីដ-១៩ ។

សំឡេង៖ «ដោយយើងឈរលើមូលដ្ឋាន គឺពួកគាត់នេះជាអ្នកដំណើរ ថ្វីត្បិតតែគាត់ធ្វើដំណើរចូលមកគាត់រួចផុតពីការធ្វើចត្តាឡីស័ក ហើយគាត់នៅលេងនៅកន្លែងហ្នឹង ប៉ុន្តែគាត់នៅតែ ជាអ្នកដំណើរ ហើយនៅពេលគាត់វិលត្រឡប់ទៅវិញ គាត់មានតម្រូវឱ្យធ្វើតេស្ដ ដើម្បីវិភាគរកភាព មាន ឬមិនមាននូវវីរុសកូវីដ-១៩ហ្នឹង។ អ៊ឺចឹងនៅពេលណាគាត់មកសុំ វិញ្ញាបនបត្រហ្នឹង ធ្វើតេស្ដទៅរកឃើញវិជ្ជមានកូវីដ-១៩ អ៊ីចឹងអ្នកណុងនៅតែដាក់ជាអ្នកដំណើរដដែល។ ដោយឡែក ហេតុអ្វីបានជាយើងមិនដាក់ចូលទៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដោយសារយើងអត់ទាន់មានការស្រាវជ្រាវឃើញថា គាត់មានពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ហ្នឹងនៅឡើយទេ ពីព្រោះនេះគាត់មកខ្លួនគាត់ មិនមែនក្រុមការងារយើង ដែលចុះទៅស្រាវជ្រាវហើយឃើញថា គាត់ជាអ្នកសង្ស័យ យើងយកគាត់មកធ្វើតេស្ដ ហើយធ្វើតេស្តទៅវិជ្ជាមាន គឺមិនមែនទេ គឺគាត់មកធ្វើតេស្ដដោយខ្លួនគាត់ ក្នុងវត្ថុបំណងគឺដើម្បីវិលត្រឡប់ទៅវិញ»។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បាន ប្រកាសព័ត៌មានរកឃើញ អ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៦៥នាក់ថែមទៀត ក្នុងនោះមាន៥៨នាក់ជាករណីឆ្លង ក្នុងសហគមន៍ នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» និងអ្នកជំងឺ៧នាក់ផ្សេងទៀត គឺជាករណីនាំចូលពីក្រៅប្រទេស។នៅថ្ងៃនេះផងដែរ ក្រសួងសុខាភិបាលក៏បានប្រកាស ពីករណី ព្យាបាលជាសះស្បើយអ្នកជំងឺម្នាក់ ដែលជាស្ត្រីជនជាតិខ្មែរអាយុ១៩ឆ្នាំ ដែលធ្វើដំណើរមកពីសហរដ្ឋអាមេរិក។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៦៩៧នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៧នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរ ពេទ្យមានចំនួន ២១៧នាក់៕

Comments

Related posts