រដ្ឋបាលខេត្តកណ្តាលជំរុញឱ្យអាជ្ញាធរក្រុងស្រុករឹតបន្តឹងការជួបជុំដែលមានមនុស្សច្រើន

 

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៦ ០២ ២០២១ 

 

  រដ្ឋបាលខេត្តកណ្តាលជំរុញឱ្យអាជ្ញាធរក្រុងស្រុករឹតបន្តឹងការជួបជុំដែលមានមនុស្សច្រើន ខណៈមានប្រជាពលរដ្ឋជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កម្ភៈចំនួន១៩នាក់ ត្រូវបាន រកឃើញឆ្លងជំងឺកូវីដ-១៩ និង១.១២៤នាក់កំពុងយកសំណាកទៅពិនិត្យ ក្នុងចំណោមអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះចំនួន ១.៥៧២នាក់។

  តាមរយៈលិខិតរដ្ឋបាលមួយច្បាប់ចុះថ្ងៃទី២៥ ខែកម្ភៈ ឆ្នាំ២០២១ របស់ឯកឧត្តម គង់ សោភណ្ឌ អភិបាលខេត្តកណ្តាល បានបញ្ជាក់ថា រដ្ឋបាលក្រុង ស្រុក ត្រូវសម្របសម្រួលការរៀបចំពិធីមង្គលការ ឬការរៀបចំពិធីផ្សេងៗដែលមានមនុស្សចូលរួមច្រើន តាមរយៈកាត់បន្ថយអ្នកចូលរួមកម្មវិធីទាំងនេះឱ្យនៅចំនួនតិច និងអនុវត្តវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានម៉ឺងម៉ាត់។

  លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានព្រមានថា ពលរដ្ឋមិនអាចមើលស្រាលចំពោះការឆ្លងវីរុសកូវីដ-១៩បាននោះទេ បើទោះបីជាបច្ចុប្បន្ននៅកម្ពុជាមិនទាន់មានអ្នកស្លាប់ដោយសារជំងឺរាតត្បាតជាសកលនេះក៏ដោយ។

  មន្ត្រីនាំពាក្យក្រសួងសុខាភិបាលរូបនេះ បានបញ្ជាក់ថា ប្រជាពលរដ្ឋទំាងអស់មិនត្រូវ ធ្វេសប្រហែស ឬកុំមើលស្រាលចំពោះវីរុសកូវីដ-១៩នោះឡើយ ដោយសារបច្ចុប្បន្នវីរុសបំប្លែងថ្មី នឹងអាចធ្វើឱ្យអ្នកជំងឺវិវត្តន៍ទៅរកសេចក្តីស្លាប់បាន ប្រសិនបើបុគ្គលនោះមិនទទួលបាននូវការពិនិត្យ ព្យាបាល បានទាន់ពេលវេលា និងមានការថែទាំត្រឹមត្រូវពីក្រុមគ្រូពេទ្យជំនាញ។ 

គិតត្រឹមថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៧៤១នាក់ ក្នុងនោះត្រូវបានព្យាបាលជាសះស្បើយចំនួន៤៧៧នាក់ និងកំពុងសម្រាកនៅតាមមន្ទីរពេទ្យចំនួន ២៦២នាក់៕IMG_20210226_133241_007IMG_20210226_133239_033

Comments

Related posts