អាជ្ញាធរ​រាជធានី​ភ្នំពេញ​តាមដាន​ និង​គ្រប់គ្រងមុខសញ្ញាកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានល្អប្រសើរ

 

​   វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​

​   ភ្នំពេញ៖  អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​ឯកឧត្តម​ ឃួង ស្រេងបានបញ្ជាក់ឲ្យដឹងថា គិតមកដល់ព្រឹកថ្ងៃទី០១មីនា ឆ្នាំ២០២១នេះ ការគ្រប់គ្រងមុខ សញ្ញាកូវីដ–១៩ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈនៅភ្នំពេញ ក្រុមការងារចម្រុះរបស់យើងគ្រប់គ្រងមុខសញ្ញានេះបាន យ៉ាងល្អ ខណៈដែលនៅរាជធានី ភ្នំពេញមានទីតាំងចំនួន៧៨ដែល យើងបាននិងកំពុងគ្រប់គ្រង ដោយបិទការ ចេញ ចូលដើម្បីសុវត្ថិភាពកុំឲ្យមានការឆ្លងរីករាលដាលជំងឺកូវីដ–១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ។

   ឯកឧត្តម​ ឃួង ស្រេង បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន អាជ្ញាធររាជធានី ជាមួយនិងគណៈកម្មការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ–១៩ អនុវត្តការងារនេះបានយ៉ាងល្អ ដោយមិនបានបិទរាជធានីភ្នំពេញទាំងមូលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសនោះទេ គឺយើងបានបិទតែទីតាំងដែល ប្រឈមខ្លាំងតែប៉ុណ្ណោះ ហើយសេដ្ឋកិច្ចរបស់យើងនៅរក្សាដដែល។​ឯកឧត្តម​បន្តថា ការអនុវត្តការងារបានយ៉ាងល្អនិងជោគជ័យកន្លងមកនេះ គឺដោយសារតែកងកម្លាំងអាជ្ញាធរ មានសមត្ថកិច្ចទាំងអស់របស់យើងបានបំពេញការងារដោយការយកចិត្តទុកដាក់និងទទួលខុសត្រូវខ្ពស់ទៅតាមការណែនាំរបស់សម្ដេចតេជោ ។ តែអ្វីដែលជាកត្តាជោគជ័យបំផុតនោះគឺការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ ។ ជាក់ស្តែងនៅពេលឆ្លងរីករាលដាលជំងឺកូវីដ–១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ខណៈ ដែលក្រុមការងារទៅយកមុខសញ្ញាដែលពាក់ព័ន្ធនឹងជម្ងឺកូវីដ–១៩នោះ ប្រជាពលរដ្ឋក្បែរខាង តែងបានផ្តល់ព័ត៌មានជុំវិញជនសង្ស័យទាំងនោះ ថាជនសង្ស័យនោះបានទៅទីនេះ ទីនោះ ដែលអាចឲ្យយើងគ្រប់គ្រងមុខសញ្ញានេះបានល្អនិងជោគជ័យ គឺកាល ពីថ្ងៃទី២៤ កុម្ភៈ អ្នកមានវិជ្ជមានកូវីដ–១៩នៅរាជធានីភ្នំពេញក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ១ថ្ងៃមានរហូតដល់៦៥នាក់ តែសម្រាប់ថ្ងៃទី០១ មីនានេះ អ្នកមានវិជ្ជមានកូវីដ–១៩នៅរាជធានីភ្នំពេញ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈនេះ បានថយចុះមកត្រឹមចំនួនតែ ៩នាក់ប៉ុណ្ណោះ។

    ឯកឧត្តម​ ឃួង ស្រេងបានលេីកឡេីងបែបនេះនៅក្នុងពិធីជួបសំណាលនិងពិភាក្សាការងារ ជាមួយអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal group និង ជាប្រធានក្រុមប្រឹក្សាធនាគារ Wing នាព្រឹកថ្ងៃទី០១មីនានេះ ខណៈអ្នកឧកញ៉ា គិត ម៉េងបានប្រគល់ថវិកា ១០០,០០០ ដប់ម៉ឺនដុល្លារអាមេរិកដល់មូលនិធិត្រីចក្រយានកម្ពុជា( ស៊ីក្លូ) នៅសាលារាជធានីភ្នំពេញ។

  អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ថា មូលនិធិនេះជាគំនិតផ្តួចផ្តើមរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាការរួមចំណែកជួយដល់ជីវភាពអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញដែលមានជីវភាព នៅមានកម្រិតឲ្យទទួលបានការ ហូបចុក និងការរស់នៅដោយសមរម្យ។​ ក្នុងឱកាសនោះដែរ អ្នក ឧកញ៉ា គិត ម៉េង បានកោតសរសើរ ចំពោះការដឹកនាំការងាររបស់រដ្ឋបាលរាជធានីភ្នំពេញនិង បណ្តាខណ្ឌទាំង ១៤ ដែលបានជួយគិតគូរពីសុខភាព ពលរដ្ឋពាក់ព័ន្ធនឹងបញ្ហាកូវីដ–១៩ និង ម៉្យាងទៀតក៏ជួយសម្រប សម្រួលដល់វិស័យ ឯកជនក្នុងការប្រកបរបររកស៊ីក្នុងរាជធានីភ្នំពេញ៕photo_2021-03-01_13-28-52photo_2021-03-01_13-28-58photo_2021-03-01_13-29-06

Comments

Related posts