ស្ត្រីខ្មែរនៅខេត្តបន្ទាយមានជ័យយកដបទឹកសុទ្ធមកច្នៃធ្វើជាគ្រឿងលម្អផ្ទះអាចរកចំណូលបន្ថែម

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ

 

Mc៖ ស្ត្រីខ្មែរនៅខេត្តបន្ទាយមានជ័យ យកដបទឹកសុទ្ធមកច្នៃធ្វើជាគ្រឿងលម្អផ្ទះ ដើម្បីរកចំណូលបន្ថែមផ្គត់ផ្គង់ជីវភាពគ្រួសារ ។

 

អ្នកស្រី ផូ សុផា រស់នៅភូមិប្រជាធម្ម ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ដបទឹកសុទ្ធត្រូវបានគេបរិភោគទឹករួចហើយ មិនសូវមានអ្នកឱ្យតម្លៃទេ ទោះជាយកទៅលក់ក៏បានតម្លៃថោកដែរ ហើយក៏មានបងប្អូនខ្លះបានយកសំបកដបទឹកសុទ្ធដែលបរិភោគហើយ ទៅបោះចោលផ្តេសផ្តាស ធ្វើឱ្យខូចបរិស្ថានទៀតផង។ ហេតុដូចនេះ អ្នកស្រីក៏បានយកដបទឹកសុទ្ធមកកែច្នៃជារបស់របរលម្អ និងរបស់ប្រើប្រាស់ផ្សេងៗ ដែលកំពុងតែមានការគាំទ្រខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គម។ 

   អ្នកស្រ្តីបន្តទៀតថា ការយកដបទឹកសុទ្ធមកច្នៃធ្វើជារបស់លម្អផ្ទះ ដោយក្នុងមួយថ្ងៃអ្នកស្រី ធ្វើបានពី១០ទៅ១៣ ថូផ្កា ដោយថូផ្កាមួយលក់បានក្នុងតម្លៃចាប់ពី ៥ ដុល្លារដល់១០ដុល្លារ ហើយភាគ ច្រើនគឺច្នៃទៅតាមការកម្មង់ពីអតិថិជន។  

សំលេង៖ បច្នុប្បន្ននេះ ភាគច្រើនគឺមានការកម្មង់ធ្វើជាផើងសម្រាប់ដាំផ្កា ប៉ុន្តែប្រភេទផ្កាគឺមានតែម្យ៉ាងទេ គឺផ្កាម៉ោង១០ដោយចំរុះពណ៌ តែភាគច្រើនគឺតម្រូវតាមអតិថិជន ដោយអ្នកខ្លះមានពូជផ្កាស្រាប់អ៊ីចឹងគឺគេកម្មង់តែផើងទេដោយដាក់ពណ៌ទៅតាមចំណងចំណូលចិត្តរបស់ពួគគាត់។

   

អ្នកស្រីបញ្ជាក់ទៀតថា សព្វថ្ងៃអតិថិជនគោលដៅ គឺមានដូចជា ហាងកាហ្វេ ភោជនីយដ្ឋាន និងតាមកន្លែងកម្សាន្តនានា គឺគេបានកម្មង់ទិញយកទៅដាក់តាំងលម្អ ដើម្បីជួយបង្កើននូវសោភ័ណភាព នៅក្នុងហាងរបស់ពួកគេ។ លោកស្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជួយគាំទ្រផលិតផលរបស់ខ្មែរ ដោយមិនត្រឹមតែចូលរួមការពារបរិស្ថានប៉ុណ្ណោះទេ ថែមទំាងបានបង្កើតសោភ័ណភាពយ៉ាងស្រស់ស្អាតនៅ តាមគេហដ្ឋានថែមទៀតផង៕

Comments

Related posts