អាជីវកម្មផលិតម្ហូបអាហារនិងគ្រឿងឧបភោគបរិភោគក្នុងរាជធានីភ្នំពេញត្រូវបានអនុញ្ញាតឱ្យដំណើរការធម្មតា

 

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី 

 

ភ្នំពេញ៖ អាជីវកម្មផលិតម្ហូបអាហារនិងគ្រឿងឧបភោគ បរិភោគក្នុងរាជធានីភ្នំពេញត្រូវបានអនុញ្ញាតឱ្យដំណើរការ ក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាលរយៈពេល១៤ថ្ងៃ ដើម្បីផ្គត់ផ្គង់តម្រូវការហូបចុកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍តាមរយៈសារជាសំឡេង កាលពីយប់ថ្ងៃទី ១៤ ខែមេសាថា បានចេញសេចក្តីសម្រេច ស្តីពីការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ខណៈបច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាកំពុងទទួលរងការគំរាមគំហែងពីជំងឺដ៏កាចសាហាវនេះធ្ងន់ធ្ងរ ។

សម្តេចតេជោ បានមានប្រសាសន៍បន្តថា ការបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅនេះ រាជរដ្ឋាភិបាលបានអនុញ្ញាតចំពោះសកម្មភាពការងារ មុខរបរឬអាជីវកម្ម ក្នុងករណីចាំបាច់ ដែលក្នុងនោះក៏មានការអនុញ្ញាត ដល់រោងចក្រ សហគ្រាស សិប្បកម្ម ឬកន្លែងផលិតម្ហូបអាហារនិងគ្រឿងឧបភោគបរិភោគ ដើម្បីបំពេញតម្រូវការចាំបាច់ក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។

សំឡេង ៖« រោងចក្រ សហគ្រាស សិប្បកម្ម ឬទីកន្លែងផលិតម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ ដោយរួមទាំងកន្លែងទីសត្តឃាត ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃត្រូវតែបន្តដោយយើងសុខចិត្តបិទរោងចក្រផលិតសម្លៀកបំពាក់ ផលិតស្បែកជើងនិងរោងចក្រដទៃទៀត ក៏ប៉ុន្តែយើងត្រូវតែឱ្យរោងចក្រ សហគ្រាស ដែលផលិតម្ហូបអាហារស្បៀងអាហារ ដូចជារោងចក្រផលិតមីនេះ គឺត្រូវការចាំបាច់ កន្លែងផលិតទឹកត្រីឬក៏កន្លែងកាប់គោកាប់ជ្រូកឬសត្តឃាតផ្សេងទៀតដែល បម្រើសេចក្តីត្រូវការរបស់ប្រជាជន ដែលនេះគឺនៅតែឱ្យយកមកដាក់លក់ ដើម្បីផ្គត់ផ្គង់នៅក្នុងរាជធានីភ្នំពេញនិងនៅទីក្រុងតាខ្មៅ» ។

សម្តេច បានមានប្រសាសន៍ បញ្ជាក់បន្ថែមថា រាល់សកម្មភាព មុខរបរ ឬអាជីវកម្ម ដែលត្រូវបានអនុញ្ញាតនេះ គឺបុគ្គលគ្រប់រូបត្រូវមានកាតព្វកិច្ចចូលរួមអនុវត្តវិធានការសុខាភិបាល រួមមាន ៖ ការពាក់ម៉ាស់ ការវាស់កម្ដៅ និងការរក្សាគម្លាតសុវត្ថិភាព ព្រមទាំងត្រូវប្រកាន់ខ្ជាប់នូវការធ្វើអនាម័យសម្លាប់មេរោគឱ្យបានត្រឹមត្រូវ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៤ ខែ មេសា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពី ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាលរយៈពេល១៤ថ្ងៃ ដែលគិតចាប់ពីវេលាម៉ោងសូន្យនាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី២៨ ខែមេសា ក្នុងគោលបំណងធានាប្រសិទ្ធភាពក្នុងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងទប់ស្កាត់មិនឱ្យជំងឺនេះរាតត្បាតទៅតំបន់ផ្សេងទៀត ៕

Comments

Related posts