ប្រសិនបើពលរដ្ឋមិនរួមគ្នាទប់ស្កាត់ និងសហការជាមួយអាជ្ញាធរ នោះវិធានការបិទខ្ទប់អាចនឹងពន្យារពេលបន្ថែមទៀត  

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ 

 

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ អះអាងថា ប្រសិនបើពលរដ្ឋមិនរួមគ្នាទប់ស្កាត់ និងសហការជាមួយអាជ្ញាធរមូលដ្ឋាន មានសមត្ថកិច្ច នោះវិធានការបិទខ្ទប់អាចនឹងមានការពន្យារពេលបន្ថែមទៀត ។ 

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីព្រលប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា សម្រេចចេញវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល អាចនឹងមានការកាត់បន្ថយការឆ្លងរាលដាលជំងឺកូវីដ-១៩ និងឈានទៅដល់ការកាត់ផ្តាច់បានទាំងស្រុង តែទាមទារឱ្យ ប្រជាពលរដ្ឋចូលរួមអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន នូវវិធានការនានា។ ប៉ុន្តែបើសិនប្រជាពលរដ្ឋមិនអនុវត្តន៍តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរនៅតាមមូលដ្ឋាន នោះវិធានការបិទខ្ទប់១៤ថ្ងៃ អាចប្រឈមនឹងការពន្យារពេលបន្តទៀត ។

សំឡេង៖« ក្នុងរយៈពេល១៤ថ្ងៃបងប្អូននឹងមានសេរីភាព ដើរហើរឡើងវិញ នៅពេលដែល ជំងឺនេះត្រូវបានគ្រប់គ្រងបាន ដោយក្រសួងមានសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរដែនដី។ ប៉ុន្តែបើក្នុងករណីបងប្អូនមិនចូលរួមឱ្យបានហ្មត់ចត់ទេនោះ ប្រាកដថាបងប្អូននឹងទទួលការឈឺចាប់នេះបន្តទៀត។ ហើយសួរថាដោយមូលហេតុអ្វី បើនៅតែឆ្លង បើបងប្អូននៅតែដើរ នៅផ្ទះអត់បាន គ្រប់គ្រងអត់ជាប់ អ៊ីចឹងគឺយើងត្រូវបិទខ្ទប់នេះបន្តទៀត ព្រោះនេះជាបញ្ហា»។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា បើទោះបីរាជធានីភ្នំពេញត្រូវបាទបិទខ្ទប់ទាំងស្រុង ប៉ុន្តែមិនបាន បិទការធ្វើដំណើរ របស់ប្រជាពលរដ្ឋ សម្រាប់ការទៅទិញទំនិញ ចាំបាច់ប្រើប្រាស់ និងម្ហូបអាហារនោះទេ ។ ដោយប្រជាពលរដ្ឋ អាចសុំអាជ្ញាធរ មានសមត្ថកិច្ចចេញទៅទិញសម្ភារប្រើប្រាស់ ឬតម្រូវការចាំបាច់ប្រចាំថ្ងៃ តែក្នុង១សប្តាហ៍៣ដង និងទាមទារឲ្យអ្នកដែលសុំចេញ ទៅទិញទំនិញទាំងនោះ គឺត្រូវជាមនុស្សដដែល ព្រោះការធ្វើដូចនេះ ទើបអាចកាត់ផ្ដាច់បាន នូវការចម្លងជំងឺដ៏កាចសាហាវមួយនេះ មិនឱ្យបន្តរីករាលដាលពីតំបន់មួយទៅតំបន់មួយផ្សេងទៀត៕

Comments

Related posts