អាជ្ញាធរតាមបណ្តាខេត្តត្រូវស៊ើបសួរព័ត៌មានអ្នកដែលចេញពីរាជធានីភ្នំពេញទៅលេងស្រុកកំណើតឱ្យបានច្បាស់លាស់

 

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ១៦.០៤.២០២១

 

MC ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់អាជ្ញាធរនិងប្រជាពលរដ្ឋតាមបណ្តាខេត្ត ត្រូវស៊ើបសួរព័ត៌មានអ្នកដែលចេញពីរាជធានីភ្នំពេញទៅលេងស្រុកកំណើតពាក់ព័ន្ធនឹងការធ្វើដំណើរចេញចូល ដើម្បីផ្តល់ព័ត៌មានមកខាងអាជ្ញាធររាជធានីភ្នំពេញ ធ្វើអន្តរាគមន៍និងពង្រីកការគ្រប់គ្រងបន្ថែម ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍តាមរយៈសារសំឡេងនៅថ្ងៃទី១៦ ខែមេសា នេះថា បន្ទាប់ពីដាក់ចេញនៅសេចក្តីសម្រេចនិងវិធានការ មួយចំនួនកាលពីពេលកន្លងមក ឃើញថា នៅមានប្រជាពលរដ្ឋមួយចំនួនមិនទាន់អនុវត្តន៍បានខ្ជាប់ខ្ជួនតាមការណែនាំនៅឡើយទេ ។

សម្តេចបន្តថា ក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅតែមានប្រជាពលរដ្ឋមួយចំនួនបានចាកចេញពីរាជធានីភ្នំពេញដើម្បីទៅលេងស្រុកកំណើត ហើយបាននាំយកជំងឺកូវីដ-១៩ទៅចម្លងនៅតាមខេត្តមួយចំនួន ដែលធ្វើឱ្យជំងឺនេះកាន់តែរាតត្បាតបន្តទៀត ។

ដូច្នេះដើម្បីទប់ស្កាត់ជំងឺនេះឱ្យមានប្រសិទ្ធភាព សម្តេច បាន បញ្ជាទៅកាន់អាជ្ញាធរមូលដ្ឋានតាមទីជនបទនៃបណ្តាខេត្តនានា ត្រូវពិនិត្យនិងស៊ើបសួរឱ្យបានហ្មត់ចត់ ចំពោះជនមកពីចម្ងាយដែលបានធ្វើដំណើរចូលទៅកាន់ភូមិឋានរបស់ខ្លួន ហើយរាយការណ៍មកកាន់អាជ្ញាធរក្រុងភ្នំពេញ ដើម្បីឱ្យអាជ្ញាធរធ្វើការពង្រឹងការចេញចូលបន្ថែមទៀត ។

សំឡេង ៖ «ខ្ញុំសូមអំពាវនាវចំពោះប្រជាពលរដ្ឋនៅតាម ភូមិ ឃុំ ស្រុក ខេត្តនានា ពិនិត្យអ្នកដែលចេញពីទីក្រុងភ្នំពេញ រួចហើយសាកសួរចម្លើយ ថាតើពួកគេចេញពីក្រុងភ្នំពេញតាមរបៀបណា ? ដើម្បីផ្ដល់ព័ត៌មានមកឱ្យអាជ្ញាធរទីក្រុងភ្នំពេញ ព្រោះការធ្វើដំណើរដែលពួកគេចេញពីទីក្រុងភ្នំពេញទៅកាន់ខេត្តដែលនាំឱ្យមានការចម្លង ដូចជានៅស្រុកស្នួលខេត្តក្រចេះហើយនៅស្រុកមួយចំនួនទៀតនៃបណ្ដាខេត្ត ថាតើពួកគេលួចចេញពីទីក្រុងភ្នំពេញតាមរបៀបណា ? ទទួលបានព័ត៌មាននេះសូមជូនព័ត៌មានមកទីក្រុងភ្នំពេញ ដើម្បីក្រុងភ្នំពេញពង្រឹងនូវការគ្រប់គ្រងបន្ថែម ។ ខ្ញុំសូមបញ្ជាក់សារជាថ្មីថា ពេលវេលានេះមិនថាអ្នកធំអ្នកតូច មិនថាអ្នកមានឬអ្នកក្រ គឺនៅផ្ទះណាគឺនៅផ្ទះនោះ នៅភូមិណាគឺនៅភូមិនោះ គឺសំដៅទប់ស្កាត់កុំឱ្យមានការចម្លងពីផ្ទះមួយទៅផ្ទះមួយ ពីភូមិមួយទៅភូមិមួយ ពីទីកន្លែងមួយទៅទីកន្លែងមួយ ហើយភូមិឃុំនៅឯជនបទតាមខេត្តនានា គឺត្រូវត្រួតពិនិត្យគ្រប់គ្រងមនុស្សដែលធ្វើដំណើរពីចម្ងាយមកកាន់ភូមិរបស់ខ្លួន សំដៅធានាថា ភូមិរបស់ខ្លួនមិនមានការរីករាលដាលនៃជំងឺកូវីដ-១៩ នោះទេ។ដូច្នេះសង្ឃឹមថាយើងនឹងអនុវត្តន៍ទាំងអស់គ្នា » ៕

Comments

Related posts