ដើម្បីប្រែក្លាយតំបន់ក្រហមមកជាតំបន់លឿងបាន ទាល់តែប្រជាពលរដ្ឋសហការជាមួយអាជ្ញាធរមូលដ្ឋានឲ្យគ្រប់ជ្រុងជ្រោយ 

 

វិទ្យុជាតិកម្ពុជា:ហាន់ស្រីណា

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់សាលារាជធានីភ្នំពេញបានឲ្យដឹងថា ដើម្បីប្រែក្លាយតំបន់ក្រហមមកជាតំបន់លឿងបាន ទាល់តែប្រជាពលរដ្ឋ សហការជាមួយអាជ្ញាធរមូលដ្ឋានឲ្យគ្រប់ជ្រុងជ្រោយ ទើបអាចកាត់ផ្តាច់ខ្សែចម្លងនៃជំងឺកូវីដ-១៩ដោយជោគជ័យ។

លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៍ថា ការទប់ស្កាត់របស់អាជ្ញាធរមានសមត្ថកិច្ចតែម្ខាង មិនអាចកាត់ផ្ដាច់ជំងឺ កូវីដ-១៩ បានទេទាល់តែមានការចូលរួមពីប្រជាពលរដ្ឋឲ្យបានខ្លាំងខ្លានិងគ្រប់ៗគ្នា ដើម្បីកុំឲ្យសាយភាយមេរោគដ៏កាចសាហាវនេះ ឆ្លងអ្នកដទៃទៀត។ លោកអភិបាលរងបន្តថា កន្លងមកប្រជាពលរដ្ឋមួយចំនួនធំបានចូលរួមសហការល្អជាមួយអាជ្ញាធរ ​ដោយឡែក ប្រជាពលរដ្ឋ មួយចំនួនតូចនៅតែខ្វះការទប់ស្កាត់ ពិសេសគេចវេះ មិនព្រមមកយកសំណាក តាមការកំណត់ដោយសំអាងថា ខ្លួនមិនមាន រោគសញ្ញាអ្វីគួរឲ្យបារម្ភឡើយ។

លោកអភិបាលរងបន្តទៀតថា ដើម្បីស្វែងរកអ្នកជំងឺកូវីដ-១៩បានទាន់ពេលវេលា និងឈានទៅដល់បោសសម្អាតតំបន់ក្រហមនិង តំបន់លឿងទុំ ឲ្យមកជាតំបន់លឿងនោះ ប្រជាពលរដ្ឋត្រូវតែអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីឈានទៅកាត់ផ្ដាច់ប្រភព នៃជំងឺដ៏កាចសាហាវនេះក្នុងរយៈពេលដ៏ខ្លីខាងមុខ។

សំឡេង៖"មានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូចដែលមិនបានផ្ដល់កិច្ចសហការបានគ្រប់ជ្រុងជ្រោយយើងបានដាក់គោលដៅយកសំណើ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាច្រើនគោលដៅយើងបានអំពាវនាវ និងបានប្រកាសតាមបន្ទប់ជួលរបស់គាត់ គឺដើម្បីឲ្យពួកគាត់មកយក សំណាក ក្នុងការស្វែងរកអ្នកដែលផ្ទុកមេរោគកូវីដ-១៩ចេញផុតពីតំបន់នោះ។ប៉ុន្តែបងប្អូនមួយចំនួនភាគច្រើនលើសលប់បានសហការល្អ។តែមានមួយចំនួនតូចគាត់នៅតែមិនបានផ្ដល់កិច្ចសហការ ដោយការមិនផ្ដល់កិច្ចសហការនេះដោយហេតុជូនកាលគាត់អត់មានរោគសញ្ញា គាត់គិតថាមិនអី ឬក៏ទី២គាត់មានរោគសញ្ញាគាត់គេចតែម្ដង។ចំណុចនេះគឺជាបញ្ហាប្រឈមមួយដែលយើងពិបាកក្នុងការកំណត់ឬក៏បោសសម្អាតឲ្យអស់នៃតំបន់ក្រហមនេះឲ្យក្លាយជាតំបន់លឿងក្នុង រយៈពេលខ្លី។

លោកអភិបាលរងបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីប្រកាសកាលពីថ្ងៃទី៥ខែឧសភាឆ្នាំ២០២១ ដោយកំណត់ បែងចែកតំបន់លឿងទុំ និងតំបន់ក្រហមក្នុងរយៈពេល៧ថ្ងៃទៀត ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋរួចផុតពីជំងឺកូវីដ-១៩។

លោកអភិបាលរងក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់បិទខ្ទប់ ដូចជាតំបន់ក្រហមនិងតំបន់លឿងទុំ សូមអត់ធ្មត់ បន្តិចទៀត ដើម្បីយើងឈានទៅកាត់ផ្ដាច់មេរោគឥតស្រមោលដ៏កាចសាហាវនេះ៕

Comments

Related posts