កម្ពុជារំពឹងថាទំហំជួញដូរប្រចាំថ្ងៃនឹងកើនឡើង១០០លានដុល្លារ ក្នុងរយៈពេលដ៏ខ្លី

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២០ ០៤ ២០២៣

 

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា មានសុទិដ្ឋិនិយមថា ទំហំជួញដូរប្រចាំថ្ងៃនៃផ្សារមូលបត្រកម្ពុជា នឹងកើនឡើង១០០លានដុល្លារ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ស្របពេលកម្ពុជាប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០៣០។

ភាពជឿជាក់នេះ បន្ទាប់ពីក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន បានធ្វើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិសាធារណៈ ហៅកាត់ IPO លើកដំបូង ដោយមានចំនួនភាគហ៊ុនជាង១៩លាន៦០ម៉ឺនហ៊ុន ជាមួយការឯកភាពតម្លៃ២០៨០រៀល ក្នុងមួយភាគហ៊ុន។

ថ្លែងនៅក្នុងកម្មវិធី ស្តីពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិសាធារណៈលើកដំបូងរបស់ក្រុមហ៊ុននេះ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ហុង សុហួរ បានបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ននៅក្នុងផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចំនួន៩ បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិសាធារណៈ និងក្រុមហ៊ុនចំនួន៩ទៀត បានបោះផ្សាយសញ្ញាបណ្ណ ដោយសរុបទាំង១៩ក្រុមហ៊ុននេះ មានទំហំជួញដូរប្រចាំថ្ងៃជាមធ្យម៥០ម៉ឺនដុល្លារ ក្នុងចំណោមគណនីជួញដូរជាង៣ម៉ឺន៨ពាន់គណនី ដែលទំហំជួញដូរនេះ មានការកើនឡើងដល់៣០ដង បើប្រៀបធៀបនឹងទំហំជួញដូរកាលពីឆ្នាំ២០១៧ មានត្រឹមតែ១ម៉ឺន៥ពាន់ដុល្លារ ក្នុងមួយថ្ងៃប៉ុណ្ណោះ។ ឯកឧត្តម រំពឹងថា ចំនួនសម្រាប់ការជួញដូរនឹងកើនដល់៥ម៉ឺនគណនីនៅត្រឹមដំណាច់ឆ្នាំ២០២៣នេះ បន្ទាប់ពីការបោះផ្សាយ និងលក់ភាគហ៊ុន របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលវិនិយោគទៅលើវិស័យអប់រំ និងសុខាភិបាល ដំបូងគេនៅក្នុងផ្សារមូលបត្រកម្ពុជា។

តាមការបញ្ជាក់របស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្ដិក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានឱ្យដឹងថា ការឡើង IPO ក្នុងផ្សារមូលបត្រកម្ពុជា គឺដើម្បីប្រមូលទុនឱ្យបានចំនួន១០លានដុល្លារ ដើម្បីពង្រីកការវិនិយោគបន្ថែមទៀត ទៅលើអគារសិក្សាឱ្យបាន១៦០កន្លែងនៅទូទាំងប្រទេស។ ប៉ុន្តែសម្រាប់ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិសាធារណៈលើកដំបូងនេះ កំណត់យកតែត្រឹម៥,៨ភាគហ៊ុនប៉ុណ្ណោះ ហើយសម្រាប់ការកក់ត្រឹមថ្ងៃប្រកាសនេះ មានចំនួនមួយភាគបីរួចទៅហើយ។ លោកថា តាមកំណើនវិនិយោគ នឹងអាចបាន១០០លានដុល្លារ នៅត្រឹមឆ្នាំ២០២៧។

សូមបញ្ជាក់ថា ផ្សារមូលបត្រកម្ពុជា ដែលជាក្រុមហ៊ុនចំណុះរបស់រដ្ឋ ត្រូវបានដំណើរការចាប់តាំងពីឆ្នាំ២០១២ ដើម្បីកៀរគរការចូលរួមវិនិយោគរបស់វិនិយោគិន និងសាធារណជន ទៅលើការជួញដូរភាគហ៊ុន ដោយការចូលរួមក្នុងផ្នែកនេះ អាចទទួលបានទាំងប្រាក់ចំណេញពីការជួញដូរភាគហ៊ុន ការប្រមូលដើមទុនពង្រីកអាជីវកម្ម និងទំនាក់ទំនងខ្ចីទុនដោយមិនចាំបាច់ដាក់ទ្រព្យតម្តល់ ជាដើម៕04012FB5-88FB-41B6-874A-A544300FB51BE684FE51-B4A2-4A8F-A0D1-9454DC9A737F751A4D1F-72E8-46AB-B7EC-F6E9623420741EE4892B-BAB9-4D0D-BBFC-B2CC9CB01A908C3CB0E5-48F8-47E0-9888-9CF429804291

Comments

Related posts