រមណីយដ្ឋានប្រាសាទកោះកេរ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជាកិត្យានុភាពដ៏ខ្ពស់ត្រដែតថ្មីមួយ ទៀតរបស់ជាតិកម្ពុជា ក្នុងឆាកអន្តរជាតិ

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៨ ០៩ ២០២៣

d1-4

d2-4

d3-4

d4-4

ភ្នំពេញ ៖ រមណីយដ្ឋានប្រាសាទកោះកេរ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជាកិត្យានុភាពដ៏ខ្ពស់ ត្រដែតថ្មីមួយទៀតរបស់ជាតិកម្ពុជា ក្នុងឆាកអន្តរជាតិ ដែលកើតចេញ មកពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយវិរិយភាពជាប់មិនដាច់ និងឥតរាថយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមម្លប់នៃសុខសន្តិភាព។
    យោងតាមរយៈសារលិខិតជូនជនរួមជាតិរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៣ បានក្លាយជាទិវាប្រវត្តិ សាស្ត្រដ៏សំខាន់មួយទៀតរបស់ជាតិ និង ប្រជាជនកម្ពុជាទាំងមូល ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេច ជាឯកច្ឆ័ន្ទចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាមរយៈសេចក្ដីសម្រេច 45 COM 8B.8 នៅក្នុងសម័យប្រជុំលើកទី ៤៥ របស់ខ្លួន នៅឯទីក្រុងរីយ៉ាដ (Riyadh) ប្រទេស អារ៉ាប៊ីសាអ៊ូឌីត តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។
 សារលិខិត សម្តេចមហាធិបតី បានបន្តថា ព្រឹត្តការណ៍ថ្មីនេះ គឺជាមោទកភាពមួយទៀត សម្រាប់ប្រជាពលរដ្ឋនិងព្រះរាជាណាចក្រកម្ពុជា ដែលកេរមរតកវប្បធម៌អតីតរាជធានីខ្មែរបុរាណ ឆោកគគ៌រ្យ ឬ លិង្គបុរ ហើយបច្ចុប្បន្នហៅថា កោះកេរ កសាងក្នុងសតវត្សទី១០ (៩២៨-៩៤៤) ដោយព្រះបាទជ័យវរ្ម័នទី៤ និងបុព្វបុរសខ្មែរ ត្រូវបានក្រុមប្រឹក្សាអន្តរជាតិ ស្តីពីប្រាង្គប្រាសាទ និងរមណីយដ្ឋាន (ICOMOS) ទទួលស្គាល់ថាជាកំពូលស្នាដៃដ៏មហស្ចារ្យនៃស្ថាបត្យកម្ម ខ្មែរ និងមានតម្លៃលេច ធ្លោជាសកលដែលចាំបាច់ត្រូវចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។
សារលិខិត សម្តេចមហាធិបតី បានបន្តទៀតថា ដូចករណីមុនៗដែរ ការស្នើសុំចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាលទ្ធផលនៃកិច្ចដំណើរការងារដ៏យូរ និងលំបាកស្មុគស្មាញ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើន ជាពិសេសការរៀបចំឯកសារ ការត្រួតពិនិត្យ និងវាយតម្លៃដោយអ្នកជំនាញការជាតិ និងអន្តរជាតិ បានប្រព្រឹត្តទៅក្នុងដំណាក់កាលដែលកម្ពុជា និងពិភពលោកទាំងមូលកំពុងប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩។    ដំណើរការដ៏ស្វិតស្វាញនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ជាក់ពីតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌របស់កម្ពុជា ជាពិសេសសម្រេចឱ្យបាននូវការចុះ បញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភព លោក សម្រាប់ជាសម្បត្តិមនុស្សជាតិទាំងមូល និង ការពង្រឹងមោទកភាពជាតិ។
សារលិខិត សម្តេចមហាធិបតី បានបញ្ជាក់ថា មហាសមិទ្ធផលនេះ គឺជាកិត្យានុភាពដ៏ខ្ពស់ត្រដែតថ្មីមួយទៀតរបស់ជាតិក្នុងឆាកអន្តរជាតិ ដែលជាសមិទ្ធផលនៃនយោបាយឈ្នះឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការស្វះស្វែងនាំមកជូនប្រជាជនកម្ពុជានូវការបង្រួបបង្រួមជាតិ និងភាពសុខដុមរមនា ដែលជាមូលដ្ឋាននៃការកសាង និងអភិវឌ្ឍជាតិក្នុងគ្រប់វិស័យ រួមទាំងការអភិរក្ស អភិវឌ្ឍសម្បត្តិវប្បធម៌ និង ប្រពៃណីជាកេរមរតកដ៏ឧត្តុង្គឧត្តម ដែលបុព្វបុរសខ្មែរបានបន្សល់ទុកជូនអ្នកជំនាន់ក្រោយថែមទៀតផង៕

Comments

Related posts