ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកទាំងអស់ ក្រោមស្ថាប័នអង្គការសហប្រជាជាតិ

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៣ ០៩ ២០២៣

a9-15

a10-9

a11-7

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្ដេជ្ញាធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋសមាជិកទាំងអស់ ក្រោមស្ថាប័នអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយបញ្ហាសកល និងគាំទ្រដល់ការអភិវឌ្ឍ របស់រដ្ឋជាសមាជិកទាំងអស់។
ថ្លែងសុន្ទរកថា នៅសម័យប្រជុំលើកទី២៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នាទីក្រុងញូវយ៉ក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការអបអរ សាទរ ចំពោះឯកឧត្ដមដេននីស ហ្វ្រង់ស៊ីស ដែលបានជាប់ឆ្នោតធ្វើជាប្រធានសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាត អង្គការសហប្រជាជាតិ គឺសមស្របនឹងកាលៈទេសៈ និងបរិបទសកលលោកនាពេលនេះ ដោយការពិភាក្សាក្រោម មូលបទ ការកសាងទំនុកចិត្តនិងការជំរុញសាមគ្គីភាពសកលឡើងវិញ ការពន្លឿនសកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និង គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្ពោះទៅរកសុខសន្តិភាពវិបុលភាពការរីកចម្រើននិងចីរភាពសម្រាប់ទាំងអស់គ្នា។
ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចធិបតី បានប្ដេជ្ញាថា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋ សមាជិកទាំងអស់ ក្រោមស្ថាប័នអង្គការសហប្រជាជាតិដ៏ឧត្ដុងឧត្ដម ដើម្បីសម្រេចបានសេចក្ដីប្រាថ្នារួមរបស់យើង។
  សូមបញ្ជាក់ថា កម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៥៥។ អស់ជាច្រើនឆ្នាំមកនេះ អង្គការសហប្រជាជាតិបានលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដោយផ្តោតលើការរក្សាសន្តិភាព ការលុបបំបាត់ភាពក្រីក្រ និងសិទ្ធិមនុស្ស និងគាំទ្រដល់វិស័យអាទិភាព ផែនការ និងកម្មវិធីរបស់រដ្ឋាភិបាលកម្ពុជា សង្គមស៊ីវិលនិងដៃគូផ្សេងទៀត។ក្រោមកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា អង្គការសហប្រជាជាតិ ក៏បាន បន្តផ្តល់ជំនួយបច្ចេកទេស និងកសាងសមត្ថភាព ដើម្បីគាំទ្រដល់កម្ពុជា ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជាតិ របស់ខ្លួន និងសម្រេចនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

Comments

Related posts