កម្ពុជាបន្ដរីកចម្រើនគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ២៣.០៩.២០២៣

a9-15

សម្តេចធិបតី បានថ្លែងថា កម្ពុជាបន្ដរីកចម្រើនគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ ដោយសារកត្តាសន្ដិភាព និងស្ថិរភាពឋិតថេរ ជាមួយអត្រាភាពក្រីក្របានធ្លាក់ចុះជាលំដាប់ ក្នុងអត្រាមធ្យមប្រចាំឆ្នាំ ១.៦ភាគរយ ហើយសេដ្ឋកិច្ចរបស់យើងបានកើនឡើងជាង ៧ភាគរយក្នុងមួយឆ្នាំ រហូតដល់មានការផ្ទុះឡើងនៃជំងឺ រាតត្បាតកូវីដ១៩ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ នៅក្នុងសម័យប្រជុំ លើកទី៧៨នៃមហាសន្និបាតអង្គការសហប្រជាជាតិ នាថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២៣ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។  
សម្តេចធិបតីមានប្រសាសន៍បន្តថា កម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលជោគជ័យបំផុត នៅក្នុងការគ្រប់គ្រង ជំងឺកូវីដ១៩ និងការងើបឡើងវិញក្រោយវិបត្តិ។ កំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០២២ បានងើបឡើងវិញក្នុងអត្រា ៥.២ភាគរយ និងត្រូវព្យាករថា បន្ដកើនឡើងក្នុងរង្វង់ ៥.៦ភាគរយ នៅឆ្នាំ២០២៣នេះ ។ ដូចដែលបានគូសបញ្ជាក់ក្នុងរបាយការណ៍ត្រួតពិនិត្យលើកទី២ របស់កម្ពុជា (VNRs) កាលពីខែកក្កដា កន្លងទៅ គឺ៧២.៥ភាគរយ នៃសូចនាករ និងសូចនាកររង នៃគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព សុទ្ធតែមានវឌ្ឍនភាពល្អ ។
សម្តេចធិបតីបន្តថា ប្រទេសកម្ពុជា កំពុងផ្លាស់ប្ដូរពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច ទៅជាប្រទេសកំពុង អភិវឌ្ឍនៅឆ្នាំ២០២៧ ដោយសារតែគោលនយោបាយដ៏ត្រឹមត្រូវ និងសមត្ថភាពរបស់រាជរដ្ឋាភិបាល នៅក្នុងការរក្សាបាន នូវសុខសន្ដិភាព ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចខ្ពស់ ការបែងចែកផលពីកំណើនប្រកបដោយសមធម៌ ក៏ដូចជា សហប្រតិបត្តិការល្អជាមួយដៃគូពាក់ព័ន្ធទាំងអស់។
សម្តេចធិបតីបន្តទៀតថា ដំណើរការកសាងលទ្ធិប្រជាធិបតេយ្យ ក៏មានការរីកចម្រើនជាលំដាប់ កាលពីខែកក្កដា ឆ្នាំនេះ កម្ពុជាបានរៀបចំការបោះឆ្នោតសកលប្រកបដោយជោគជ័យ ដោយមានគណបក្សនយោបាយចំនួន១៨ ចូលរួមប្រកួត ប្រជែង ប្រជាជនជាង ៨.២លាននាក់បានទៅបោះឆ្នោត ស្មើនឹងអត្រាអ្នកទៅបោះឆ្នោត ៨៤.៥៩ភាគរយ ដែលជាអត្រា ខ្ពស់បំផុតចាប់តាំងពីការបោះឆ្នោត ដែលរៀបចំដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៩៣។ នេះគឺជាសក្ខីភាពយ៉ាងច្បាស់បង្ហាញពីភាពចាស់ទុំនយោបាយ និងភាពភ្លៀវក្លារបស់ប្រជាជនយើង នៅក្នុងការអនុវត្តន៍ សិទ្ធិប្រជាធិបតេយ្យ។
ការបោះឆ្នោតនេះត្រូវបានវាយតម្លៃយ៉ាងទូលំទូលាយថា សេរី និងយុត្តិធម៌ និងអាចទុកចិត្តបាន ដោយអ្នកសង្កេតការណ៍ រាប់ពាន់នាក់ បូករួមទាំងអ្នកសង្កេតការណ៍អន្ដរជាតិ ៣៣៣នាក់ មកពីប្រទេសចំនួន៦៥ផង ៕

Comments

Related posts