សម្ដេចធិបតី អំពាវនាវអន្តរជាតិ ផ្ដល់ការគាំទ្រដើម្បីកម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៣ ០៩ ២០២៣

a11-7

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់សហគមន៍ អន្តរជាតិ ឱ្យបន្តផ្ដល់ការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសដើម្បីកម្ពុជា សម្រេចបានគោលដៅគ្មានមីន ត្រឹមឆ្នាំ ២០២៥។
ថ្លែងសុន្ទរកថានៅក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតលើកទី ៧៨ របស់អង្គការសហប្រជាជាតិ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងញូវយ៉ក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បន្ថែមលើគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពក្នុងក្របខណ្ឌសកល កម្ពុជាបានបន្ថែមគោលដៅ ដោយឡែករបស់ខ្លួនទាក់ទង នឹងសកម្មភាពមីន គឺកម្ពុជាគ្មានមីន ត្រឹមឆ្នាំ២០២៥។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ក្នុងការខិតខំប្រឹងប្រែងនេះ កម្ពុជាសូមអំពាវនាវឱ្យមានការបន្តផ្ដល់ការគាំទ្រ ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែង លើកទឹកចិត្តឱ្យមានការចូលរួម ឱ្យបានកាន់តែទូលំទូលាយ ពីសហគមន៍អន្តរជាតិ ដើម្បីបញ្ជ្រាប ការយល់ដឹងពីគ្រោះថ្នាក់នៃគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលជាឃាតកលាក់មុខ និងបន្តគំរាម កំហែងដល់សន្តិសុខមនុស្សជាតិ ទោះបីជាសង្រ្គាមប្រដាប់អាវុធ បានបញ្ចប់ទៅហើយក្ដី ។
យោងតាម របាយការណ៍របស់អាជ្ញាធរមីនក្នុងរយៈពេល៣០ឆ្នាំមកនេះ(១៩៩២-២០២២)កម្ពុជាបាន រំដោះផ្ទៃដីពីការ គំរាមកំហែងដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមបាន ចំនួន ២ ៥៧៩  គីឡូម៉ែត្រក្រឡា និង បានរកឃើញ និង កម្ទេចចោល មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមរាប់លានគ្រាប់ និង មានអ្នកទទួលបានផលប្រមាណជាង ៩ លាន នាក់ ។ កម្ពុជាក៏បានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងពិភពលោក ក្នុងនាមជាប្រទេសដែលមានផ្ទៃដីបោសសម្អាតមីនរួចធំជាងគេ ៕

Comments

Related posts