បទយកការណ៍៖ឱកាសបុណ្យអុំទូកខេត្តសៀមរាប មានកម្មវិធី កម្សាន្តសប្បាយ ជាច្រើន ដើម្បីបង្កើនចំនួនភ្ញៀវទេសចរ

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ៖ ដោយលោកស្រី ធៀង ស្រីមុំ

ដើម្បីចូលរួមចំណែក ក្នុងការថែរក្សា និងលើកកម្ពស់វប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ និងប្រពៃណីជាតិ ក៏ដូចជា ផ្តល់ឱកាសជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលរួមកម្សាន្តសប្បាយ  រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៤ថ្ងៃ  ចាប់ពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្តោយដងស្ទឹងសៀមរាប។

សូមអញ្ជើញលោកអ្នកនាងស្តាប់បទយកការណ៍របស់វិទ្យុជាតិកម្ពុជាស្តីពី៖ ក្នុងឱកាសបុណ្យអុំទូកខេត្តសៀមរាប បានរៀបចំកម្មវិធីកម្សាន្តសប្បាយជាច្រើន ដើម្បីបង្កើនចំនួនភ្ញៀវទេសចរចូលមកកម្សាន្ត ដូចតទៅ៖

លោកអ្នកនាងស្តាប់ជាទីមេត្រី !

កាន់តែខិតជិតចូលមកដល់នៃថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យអុំទូក នៅបរិវេណដងស្ទឹងសៀមរាប កាន់តែមានសម្រស់ស្រស់ស្អាត ដោយហេតុថារដ្ឋបាលខេត្ត សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានរៀបចំតាំងលម្អដោយភ្លើងចម្រុះពណ៌  បូករួមការតាំងលម្អបន្ថែម នូវផលិតផលផលិតដោយដៃផ្ទាល់ មានទាំងអង្រុត ឈ្នាង ទ្រូ ជាដើម សម្រាប់តាំងលម្អនៅតាមមែកឈើ សងខាងស្ពាន និងដងស្ទឹងសៀមរាប។ ក្នុងនោះការចូលមកដល់នៃទូកអុំតូចធំ ព្រមជាមួយការហាត់សម និងសំឡេងស្រែកហ៊ោកញ្ជ្រៀវរបស់កីឡាករនានា មុនថ្ងៃចាប់ផ្តើមពិធីប្រណាំងទូកជាផ្លូវការ។ ទាំងនេះបានបង្ហាញឱ្យឃើញថា ប្រជាជនកម្ពុជាគ្រប់ទិសទី សប្បាយរីករាយចំពោះការវិលត្រឡប់មកវិញនៃព្រះរាជពិធីបុណ្យជាតិ ដ៏មានអត្ថន័យមួយនេះ បន្ទាប់ពីបានខកខានរយៈពេល៣ឆ្នាំកន្លងមក។

លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាប បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាតាមរយៈទូរស័ព្ទ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ថា៖ បច្ចុប្បន្នក្រុមការងារជំនាញគ្រប់ភាគីបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការងាររៀបចំតុបតែង ដោយតំាងលម្អនៅតាមទីតាំងសំខាន់ៗមួយចំនួនក្នុងក្រុងសៀមរាប ជិតសម្រេចជាលទ្ធផលបានតាមផែនការមួយរយភាគរយហើយ។ លោកថា៖ ក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់២៧ ខែវិច្ឆិកា នឹងមានពិធីប្រណាំងទូក ពិធីដង្ហែ បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក តាមបែបប្រពៃណី។ ក្រៅពីនេះរដ្ឋបាលខេត្ត បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងផ្នែកឯកជននានា រៀបចំកម្មវិធីកម្សាន្តសប្បាយមួយចំនួនបន្ថែមទៀត។

សំឡេង១«ទីមួយគឺកម្មវិធីអុំទូក សំពះព្រះខែ អកអំបុក យើងមាននៅថ្ងៃទី២៦ និង២៧ កំឡុងពេលនេះយើងគ្រោងដូចជា៖ មានចំនួន៣០ទូក ទូកង។ ប៉ុន្តែខាងសហភាពសហព័ន្ធយុវជន គាត់មានត្រៀមទូកអុំតូចៗ សម្រាប់ការអុំប្រណាំងលេងលក្ខណៈក្រៅផ្លូវការ ដែលអាចជិះបាន៥ទៅ៦នាក់ផ្សេងទៀត។ យើងមានកម្មវិធីប្រគុំតន្ត្រី មានខន់សឺត២កន្លែង ទីមួយនៅសួនច្បារមុខការ៉ង់អូតែល ដែលមានការតាំងពិព័រណ៍លក់ផលិតផលរបស់សហគមន៍ផង ក៏ដូចជាភូមិមួយផលិតផលមួយដែរ។ ហើយយើងមានខន់សឺតមួយទៀត នៅលើផ្លូវស៊ីវុត្ថា ក្បែរផាប់ស្រ្ទីតហ្នឹង។ បន្ទាប់ពីនោះយើងមានកម្មវិធីផ្សារទឹក សម្រាប់ជិះទូកកម្សាន្តនៅតាមដងស្ទឹង និងតំបន់តោះទៅលេងទឹក ដែលមានលេងបាញ់ទឹកបាញ់អី នៅម្តុំសួនច្បារមាត់ស្ទឹងក្បែរផ្សារចាស់»។

លោកបានបន្តថា៖ ចំណែកឯការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងបញ្ចៀសការកកស្ទះចរាចរណ៍នៅពេលភ្ញៀវធ្វើដំណើរ ចូលមកកម្សាន្តនៅក្នុងក្រុងសៀមរាប និងបរិវេណរៀបចំពិធីនានា អាជ្ញាធរខេត្តបានរៀបចំរួចរាល់ហើយ ដើម្បីផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលចូលមកកម្សាន្ត។

សំឡេង២« យើងបានត្រៀមរៀបចំប្រជុំគណៈបញ្ជាការឯកភាពខេត្តរួចរាល់ហើយ បន្តិចទៀតរដ្ឋបាលខេត្តនឹងរៀបចំជូនដំណឹងពាក់ព័ន្ធនឹងលំហូរចរាចរណ៍ថា ផ្លូវណាយើងនឹងបិទនៅពេលណាអីពេលណា ហើយភ្ញៀវដែលអញ្ជើញមកយើងមានផ្លូវវាង ចេញពីទីតាំងកុំឱ្យកកស្ទះ។ ចំពោះការរៀបចំកងកម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់យើងបានធ្វើហើយ »។

លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាបបានបន្តទៀតថា៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅខេត្តសៀមរាប នាឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តមានក្តីសង្ឃឹមថា៖ នឹងផ្តល់ភាពសប្បាយរីករាយ ទាក់ទាញទេសចរជាតិ និងអន្តរជាតិចូលមកកម្សាន្ត ជាពិសេសផ្តល់នូវប្រាក់ចំណូល ដល់អ្នកប្រកបរបរក្នុងវិស័យទេសចរណ៍។

សំឡេង៣« យើងសង្ឃឹមច្រើន ដោយសារពេលនេះភ្ញៀវតាមអូតែល ដែលយើងបានទទួលព័ត៌មានពីប្រតិបត្តិករដែលជាម្ចាស់សណ្ឋាគារមួយចំនួន គឺមានអូតែលខ្លះបានពេញច្រើន ភ្ញៀវបានកក់ទុក អ៊ីចឹងយើងសង្ឃឹមថា ព្រឹត្តិការណ៍អុំទូកនេះ ភ្ញៀវមកទស្សនាខេត្តសៀមរាបបានច្រើន ហើយក៏ជួយជំរុញសេដ្ឋកិច្ចខេត្តសៀមរាបឱ្យមានសន្ទុះឡើងវិញផងដែរ »។

លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាប ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ ជួយដល់ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប។ ក្នុងនោះវិធីពិសេសមួយ ដែលមានខ្លឹមសារ "ទស្សនាខេត្តសៀមរាបឆ្នាំ២០២៤" ដើម្បីជួយស្តារ និងលើកស្ទួយវិស័យទេសចរណ៍ ឱ្យមានសន្ទុះឡើងវិញ ដោយអាចដោះស្រាយបញ្ហាប្រឈម ដែលវិស័យឯកជនជួបប្រទះនាពេលកន្លងមក។7319436B-4709-4847-8134-D78A1A2ADDE6

ជួបជាមួយកញ្ញា សុមាលី អាយុ២៤ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅក្នុងស្រុកបន្ទាយស្រី នៃខេត្តសៀមរាប បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា ខណៈពេលមកទស្សនាការរៀបចំតាំងលម្អនានាក្នុងក្រុងសៀមរាប មុនថ្ងៃចាប់ផ្តើមពិធីបុណ្យអុំទូកថា៖ ប្អូនពិតជាមានអារម្មណ៍សប្បាយរីករាយយ៉ាងក្រែលែង នៅពេលបានឃើញការតាំងលម្អភ្លើងបំភ្លឺ ជាពិសេសសម្ភារៈមានឈ្នាង អង្រុត និងផលិតផលផលិតអំពីឫស្សីជាស្នាដៃកូនខ្មែរ បានយកមកតុបតែងក្នុងឱកាសនៃពិធីបុណ្យអុំទូក។ ទន្ទឹមនឹងនេះ ការប្រារព្ធឡើងវិញនូវព្រះរាជពិធីបុណ្យអុំទូក មិនត្រឹមតែទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរំលឹកឡើងវិញនូវប្រពៃណីវប្បធម៌របស់ខ្មែរផងដែរ។

សំឡេង៤«ការដែលយើងប្រាព្ធពិធីបុណ្យអុំទូកឡើងវិញ វាល្អ ព្រោះជាប្រពៃណីរបស់យើង សូម្បីតែនៅក្នុងប្រវត្តិសាស្រ្តក៏មានចែងអំពីការប្រណាំងទូកដែរ ដើម្បីរំលឹកដល់បុព្វបុរសដែលបានធ្វើសង្រ្គាមតាមទូក។ ហើយមួយទៀតវាជាការទាក់ទាញភ្ញៀវទេសចរមួយដែរ ព្រោះអីយើងខានយូរហើយ ពីរបីឆ្នាំហើយ ប៉ុន្តែបើយើងប្រារព្ធមកវិញ ទីមួយគឺទាក់ទាញទេសចរឱ្យគាត់ចូលមកលេងនៅសៀមរាបកាន់តែច្រើន អាចជួយជីវភាពពលរដ្ឋឱ្យគាត់មានចំណូលកាន់តែច្រើនដែរ។ រាល់ឆ្នាំឱ្យតែមានកម្មវីធីអ៊ីចឹងពួកខ្ញុំតែងតែមក តែអត់សូវបានមកលេងពេលថ្ងៃទេ ដល់ថ្ងៃពិធីពួកខ្ញុំមកពេលល្ងាច ហើយយើងបណ្តែតប្រទីបតែម្តង ប៉ុន្តែឆ្នាំនេះ ខានយូរគឺចង់មកឱ្យបានពេលថ្ងៃ យើងមើលគេអុំទូកផង ហើយដើរលេងដល់យប់តែម្តង។ សម្រាប់ខ្ញុំចង់ឱ្យប្រជាពលរដ្ឋ និងទេសចរជាតិ និងអន្តរជាតិទាំងអស់ ចូលមកលេងនៅខេត្តសៀមរាបឱ្យបានច្រើន ហើយសុំឱ្យចូលរួមថែរក្សាវប្បធម៌របស់ខ្លួន និងគ្រប់គ្រងសំរាមឱ្យបានល្អ ព្រោះទីក្រុងស្អាតទើបភ្ញៀវចូលមកលេងច្រើន »។13209754-A5EB-448C-AF69-0ACF8DEE0596

ចំណែកលោកចាប ជេម អាយុជាង២០ឆ្នាំ ប្រជាពលរដ្ឋរស់នៅក្នុងភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប បានបង្ហាញអារម្មណ៍សប្បាយរីករាយជាខ្លាំង នៅពេលរាជរដ្ឋាភិបាលបានចាប់ផ្តើមប្រារព្ធពិធីបុណ្យអុំទូកឡើងវិញ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា បន្ទាប់ពីបានខកខានប្រហែល៣ឆ្នាំកន្លងមក ដោយសារវិបត្តិនៃជំងឺកូវីដ-១៩។ លោកថា៖ ចំណែកខេត្តសៀមរាប នឹងមានភ្ញៀវទេសចរចូលមកកម្សាន្តសប្បាយកាន់តែច្រើនពីព្រោះថានៅទីនេះមានកន្លែងកម្សាន្តសប្បាយច្រើន ទាំងនៅក្នុងក្រុងសៀមរាប និងតំបន់រមណីយដ្ឋាននានា។

សំឡេង៥«ពីព្រោះឥឡូវមានភ្ញៀវទេសចរចាប់ផ្តើមមានបណ្តើរៗហើយ សៀមរាបយើងឱ្យតែមានបុណ្យអីដឹងតែដាច់គេហើយ មនុស្សច្រើនកុះករ មិនថាចូលឆ្នាំ ភ្ជុំបិណ្ឌ ឬអុំទូកទេ ច្រើនរហូត ដោយសារគេរៀបចំបានល្អហើយមើលទៅសប្បាយ »។57487C02-E5D3-4788-85EF-B0F6702D9C6D

លោកអ្នកនាងស្តាប់ជាទីមេត្រី!

ការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុករយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្តោយស្ទឹងសៀមរាប ចាប់ពីស្ពានអតីតមន្ទីរទេសចរណ៍ រហូតដល់ស្ពានអាងក្រពើ ដែលមានកម្មវិធីជាច្រើនដូចជា៖ ពិធីប្រណាំងទូក ប្រកួតទូកមិត្តភាព ដាល់អំបុក បណ្តែតប្រទីប ប្រដាល់គុនខ្មែរអន្តរជាតិ ប្រគុំតន្ត្រី ជិះទូកលេង ផ្សារបណ្តែតទឹក ពិរព័ណ៍ម្ហូបអាហារ កម្មវិធីលេងល្បែងកម្សាន្ត កញ្ញាធ្លាក់ទឹក ប្រដាល់ធ្លាក់ទឹក ដើរខ្សែពួរ ជិះកង់លើក្តារ និងកម្មវិធីផ្សេងៗទៀតដែលនឹងនាំមកនូវភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ 

ដើម្បីចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នេះ អាជ្ញាធរខេត្ត និងមន្ទីរទេសចរណ៍ខេត្ត ក៏បានណែនាំទៅដល់គ្រប់អាជីវកម្មបម្រើសេវាកម្ម ក្នុងវិស័យទេសចរណ៍ទាំងអស់ រួមទាំងតំបន់រមណីយដ្ឋានទាំងក្នុង និងក្រៅប្រាសាទ និងសហគមន៍ទេសចរណ៍ជាច្រើន នៅក្នុងខេត្តទាំងអស់ មិនឱ្យតម្លើងថ្លៃ និងពង្រឹងការផ្តល់សេវាកម្មជូនភ្ញៀវទេសចរ រួមទាំងផ្នែកម្ហូបអាហារ ប្រកបដោយអនាម័យបរិស្ថាន និងសុវត្ថិភាព  សម្រាប់ភ្ញៀវដែលបានចូលមកកម្សាន្តនៅក្នុងខេត្ត ឱ្យកាន់តែល្អប្រសើរ។ ទាំងនេះដោយហេតុថា ខេត្តសៀមរាប គឺជាជម្រើសដ៏មានប្រជាប្រិយភាព ដែលអាចទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ ឱ្យចូលមកកម្សាន្តជាហូរហែ។

ជាមួយគ្នានេះ តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបង្ហាញថា៖ គិតត្រឹម៩ខែឆ្នាំ២០២៣នេះ មូលដ្ឋានអាជីវកម្មទេសចរណ៍ បានបើកដំណើរការឡើងវិញបានចំនួន ៧១% នៃចំនួនអាជីវកម្មសរុប ១.១៦៥ទីតាំង ក្នុងនោះសណ្ឋាគារបានបើកឡើងវិញប្រមាណ១៤៨ទីតាំង ស្មើនឹង៧៩២៦បន្ទប់ ផ្ទះសំណាក់ ២១៣ទីតាំង ស្មើនឹង៣.៧៣៥បន្ទប់ និងភោជនីយដ្ឋាន ១២០ទីតាំង៕

BEA541B9-3507-4E5B-8D9E-8EA4B283999CDCA62848-EF6D-495B-BF3F-07C2327A453538BE284E-50AC-40C0-B51A-58A14627E2AF75E43833-CE96-49D7-B8BA-AA5E1E19899C7EAC8095-3BB7-4181-AF6F-381161F30DDFAD873F58-2ADD-4C20-9A91-4B143C8BBCA7AD873F58-2ADD-4C20-9A91-4B143C8BBCA7BB35F9A9-D57A-4569-84CA-D070A95BEEB354BD67CB-AC2E-4296-9418-78F9389EED5BA1652478-E79F-4F1F-926A-EEF518EB7EA9

Comments

Related posts