ក្រសួងការងារផ្សព្វផ្សាយកម្មវិធីថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ

IMG_20231122_185852_678-1
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញ​បើក​កម្មវិធីផ្សព្វផ្សាយ​ស្តីពី​«របបសន្តិសុខសង្គម​ផ្នែក​ថែទាំសុខភាព​តាម​របប​ភាគ​ទាន​ដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និង​គ្រួសារ​ងាយរង​ហានិភ័យ»​ ដែលធ្វើឡើងនៅសណ្ឋាគារភ្នំពេញ។

ការផ្សព្វផ្សាយនេះ ធ្វើឡើង​មួយសប្តាហ៍​ក្រោយការ​ប្រកាសដាក់ឱ្យ​អនុវត្តលើ​គម្រោងទាំងពីរ​នេះដោយ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ។

កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកនៃសមាជិក ប.ស.ស. ថ្មីនេះ​នឹងអាចឱ្យពលរដ្ឋ​ក្នុង​មុខសញ្ញាប្រមាណ៥លាននាក់​អាចទទួលបានសេវាថែទាំសុខភាពដោយឥតគិតថ្លៃដោយគ្រាន់តែបង់ថវិកា១៥​៦០០រៀល ហើយបើបូកនិង​របប​ថែទាំសុខភាព​តាមមូលនិធិ​សមធម៌សុខាភិបាល​ជូនគ្រួសារ​ងាយរងហា​និភ័យ​ដែល​រាជរដ្ឋាភិបាល​បានដាក់ចេញកាលពីថ្ងៃទី២៤ ខែតុលាកន្លងទៅ កម្ពុជា​នឹងអាចផ្តល់​សេវាថែទាំសុខភាព បានដល់​ប្រជាជនចំនួនប្រមាណជាង ៩លាននាក់នៅទូទាំងប្រទេស។

ចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់ក្រុមគោលដៅ​យុវជន​មកពីគ្រួសារ​ក្រីក្រ និងគ្រួសារ​ងាយរងហានិភ័យនៅទូទាំងប្រទេស ចំនួន ១,៥លាននាក់ គឺជាកម្ម​វិធីផ្តល់​ឱ្យសិក្ខាកាម​គោលដៅ​ទាំងអស់ ឆាប់មាន​ជំនាញបច្ចេកទេស​មូលដ្ឋាន​មួយជាក់លាក់​ដើម្បីឆាប់​ទទួលបានការងារ​ធ្វើដោយ​សមរម្យក្រោយ​ការបណ្តុះបណ្តាល​ដែលនឹងធ្វើឡើង​រយៈពេល៤ខែ​ដោយ​ទទួល​បានប្រាក់​ឧបត្ថម្ភទឹកប្រាក់ចំនួន២៨ម៉ឺនរៀលក្នុងមួយខែទៀតផង។

សម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ដែលជាសេនាធិការ​ប្រតិបត្តិ​លើកម្មវិធីថ្នាក់ជាតិ​ទាំងពីរនេះ ជោគជ័យនៃកម្មវិធីផ្នែកថែទាំសុខភាព គឺបុគ្គល​ដែលជាគោលដៅ​អាចចុះឈ្មោះ​ចូលជា​សមាជិក ​ប.ស.ស. ដោយងាយស្រួល និងរលូន ជាពិសេស​គឺទទួលបាន​អត្ថប្រយោជន៍​អំពីការធានា​រ៉ាប់រង​សុខភាពតាមក្តីប្រាថ្នា។

ដោយឡែកជោគជ័យនៃកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ គឺមិនមែនរាប់ត្រឹមពេលដែលយុវជន ជាគោលដៅ​​បានមកចុះឈ្មោះរៀន មិនត្រឹមតែវគ្គ​បណ្តុះបណ្តាល បានដំណើរការ ហើយក៏មិនត្រឹម​តែ​ពេលយុវជន​បានបញ្ចប់ការបណ្តុះបណ្តាលនោះទេ។ ជោគជ័យ​ពិតប្រាកដ គឺត្រូវ សម្រេច​ឱ្យបាន​នូវបាវចនា ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី គឺត្រូវធ្វើយ៉ាងណាឱ្យយុវជន«រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»៕IMG_20231122_185904_052
IMG_20231122_185859_860

Comments

Related posts