អ៊ីរ៉ង់ថាសង្រ្គាមនៅហ្កាហ្សានឹងរីកកាន់តែធំ ប្រសិនបើបទឈប់បាញ់មិនឋិតថេរយូរអង្វែង

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a9-92

a10-70

អន្តរជាតិ៖ លោក Hossein Amir-Abdollahian រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានព្រមានថា ការគំរាមកំហែងនៃការផ្ទុះរាលដាលសង្រ្គាមក្នុងតំបន់ហ្កាហ្សា នឹងកាន់តែរីកធំឡើង ប្រសិនបើ បទឈប់បាញ់រវាងអ៊ីស្រាអែល និងហាម៉ាសមិនឋិតថេរយូរអង្វែងទេនោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក Amir-Abdollahian ធ្វើការកត់សម្គាល់បែបនេះក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Al-Mayadeen នាឱកាសបំពេញ ទស្សនកិច្ចទៅកាន់ទីក្រុងបេរូត នៃប្រទេសលីបង់ កាលពីថ្ងៃពុធសប្ដាហ៍នេះ ។ លោកក៏បានបញ្ជាក់ជាថ្មីដែរថា អ៊ីរ៉ង់មិនមានចេតនា ឬចង់ពង្រីកសង្រ្គាមឱ្យកាន់តែធំនោះទេ ប៉ុន្តែប្រសិនបើសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតែអូសបន្លាយ ឬផ្ទុះឡើងកាន់តែខ្លាំង នោះ គឺការគំរាមកំហែងនៃការផ្ទុះរាលដាលសង្រ្គាមចេញពីតំបន់ហ្កាហ្សា ក៏កាន់តែរីកធំឡើងដូចគ្នាដែរ។ គួរបញ្ជាក់ថា អ៊ីស្រាអែលបាននិយាយថា បទឈប់បាញ់បណ្ដោះអាសន្នរយៈពេល៤ថ្ងៃ និងការដោះលែង ចំណាប់ខ្មាំងនឹងត្រូវពន្យារពេលរហូតដល់ថ្ងៃសុក្រសប្ដាហ៍នេះ ដែលនេះជាការបង្អាក់ក្ដីសង្ឃឹមរបស់ ក្រុមគ្រួសារសាច់ញាតិ ដែលរំពឹងថាចំណាប់ខ្មាំងមួយចំនួននឹងត្រូវបានដោះលែងនៅថ្ងៃព្រហស្បតិ៍នេះ។ ក្រុមហាម៉ាសត្រូវបានជឿជាក់ថាបានចាប់មនុស្សជាង ២៤០ នាក់ជាចំណាប់ខ្មាំង ក្នុងការវាយប្រហារលើ អ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា កន្លងទៅ៕

Comments

Related posts