មន្ទីរពេទ្យបង្អែកចតុមុខ បានត្រៀម លក្ខណៈគ្រប់ពេលវេលាក្នុងការជួយ សង្គ្រោះបឋមដល់ប្រជាពលរដ្ឋ និងកីឡាករទូក ក្នុងករណីមានបញ្ហាសុខភាពផ្សេងៗ

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៥ ១១ ២០២៣

a7-22

a10-15

a9-16

a8-22

a6-27

a11-13

ភ្នំពេញ ៖ មន្ទីរពេទ្យបង្អែកចតុមុខ បានត្រៀមលក្ខណៈគ្រប់ពេលវេលាក្នុងការជួយសង្គ្រោះបឋមដល់ប្រជាពលរដ្ឋ និងកីឡាករទូក ក្នុងករណីមានបញ្ហាសុខភាពផ្សេងៗ ដែលមកលេងកម្សាន្ត ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ។

   លោកស្រី យ៉ាន់ ស្រីរ័ត្ន ជាគិលានុបដ្ឋាយិកានៃមន្ទីរពេទ្យបង្អែកចតុមុខ ប្រចាំការនៅខាងមុខវត្តឧណ្ណាលោម បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ក្រុមការងាររបស់លោកស្រី បានរៀបចំទីតាំងសង្រ្គោះបញ្ហាសុខភាព គ្រោះថ្នាក់ផ្សេងៗនិងឡានសង្រ្គោះចំនួន៤គ្រឿង និងក្រុមគ្រូពេទ្យប្រចាំការប្រមាណជិត២០នាក់ សម្រាប់ប្រចាំការនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះ ខែ អកអំបុក  ដែលចាប់ផ្តើមពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ តាមគោលដៅនីមួយៗ។
    លោកស្រី បានបន្តថា ការត្រៀមផ្តល់សេវាសង្រ្គោះបឋម និងសង្រ្គោះបន្ទាន់ ក្នុងព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នេះ គឺជាការគិតគូរអំពីសុខភាពរបស់ប្រជាពល រដ្ឋ និងកីឡាករ ក៏ដូចជាភ្ញៀវជាតិនិងអន្តរជាតិ ដែលបានមកចូលរួមក្នុងព្រឹត្តិការណ៍នេះ ដ៏សែន សប្បាយរីករាយនេះ។
លោកស្រី បានបន្តថា ក្នុងករណីប្រជាពលរដ្ឋមានបញ្ហាសុខភាព គឺអាចស្វែងរកសេវាសុខភាព និងសង្គ្រោះបន្ទាន់ដោយឥតគិតថ្លៃនៅតាមទីតាំង ឬអាចទាក់ទងតាមទូរស័ព្ទដែលក្រសួងបានប្រកាសជូន ហើយបើករណីមានបញ្ហាសុខភាពធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យនឹងបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យផ្ទាល់តែម្តង ។
 « សម្រាប់ឧបករណ៍សង្គ្រោះខាងប្អូនមានដូចជា បំពង់អុកស៊ីសែន ប្រដាប់វាស់សម្ពោធឈាម និងឱសថមួយចំនួន ត្រៀមសម្រាប់ឱ្យបងប្អូនដែលមកចូលរួមពិធីបុណ្យអុំទូកដែលគាត់មានហានិភ័យ ឬមានខ្យល់គរ ក្តៅខ្លួន ឈឺក្បាល ប្រសិនបើគាត់ត្រូវសង្រ្គោះបឋម អាចសង្រ្គោះបើមិនដូច្នេះទេអាចបញ្ជូនទៅមន្ទីរពេទ្យធំភ្លាម »។
   លោកស្រី យ៉ាន់ ស្រីរ័ត្ន ក៏បានផ្តាំផ្ញើបងប្អូនដែលមកចូលរួម ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនេះ សូមថែរក្សាសុខភាពទាំងអស់គ្នា សូមពាក់ម៉ាស់ ញាំទឹកឱ្យបានច្រើន ព្យាយាមនៅកន្លែងដែលមានសុវត្ថិភាព ក្រោមម្លប់ឈើ ដើម្បីបង្ការកុំឱ្យមានបញ្ហាសុខភាពណាមួយកើតឡើង។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាល បានត្រៀមក្រុមគ្រូពេទ្យ និងរថយន្តសង្គ្រោះតាមគោលដៅ ចំនួន ៧០ គ្រឿង រថយន្ត គ្លីនិកចល័ត ចំនួន ៤គ្រឿង ផ្តល់សេវា២៤ម៉ោង និងបោះតង់ពិនិត្យសុខភាពសេវា ២៤ ម៉ោង ចំនួន ១២ កន្លែង ផ្សេងៗគ្នានៅតាមទីតាំងកំណត់ដូចជា ១. រថយន្តគ្លីនិកចល័ត ៤ គ្រឿង នៅទីតាំងបរិវេណរង្វង់មូលនាងមច្ឆាមណ្ឌល OCIC នៅទីតាំងជ្រោយ ចង្វា នៅទីតាំងសួនច្បារ ជិតស្ពានបាឡេចាស់ និងនៅទីតាំងវត្តភ្នំ។
បន្ថែមពីនោះទៀត ជម្រកតង់សុខភាពចំនួន ១២ទីតាំងនិង រថយន្តសង្គ្រោះចំនួន ៥០ គ្រឿងប្រចាំការកន្លែង  ដោយឡែក ក្រសួងសុខាភិបាល បានត្រៀមរថយន្តគិលានសង្គ្រោះ ចំនួន២០ គ្រឿង បន្ថែមទៀត ប្រចាំការត្រៀមអន្តរាគមន៍សង្គ្រោះ នៅទីស្ដីការក្រសួងសុខាភិបាល ដើម្បីប្រើប្រាស់ក្នុងករណីចាំបាច់បំផុត។ សរុបរថយន្តសង្គ្រោះដែលត្រៀមរៀបចំក្នុងកម្មវិធីនេះមានចំនួន សរុប ៧០ គ្រឿង៕

Comments

Related posts