រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំសោភ័ណភាពក្រុងយ៉ាងស្រស់ស្អាត សម្រាប់ទាក់ទាញភ្ញៀវទេស ចរជាតិនិងអន្តរជាតិនាឱកាសព្រះរាជពិធីបុណ្យអុំទូក

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ២៥.១១.២០២៣

a22-2

a27

a20-2

a21-2

a23-1

a24-1

a25-1

a26-1

រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំសោភ័ណភាពក្រុងយ៉ាងស្រស់ស្អាត សម្រាប់បង្អួតភ្ញៀវទេសចរជាតិនិងអន្តរជាតិនាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បន្ទាប់ពីព្រះរាជពិធីបុណ្យនេះបានអាក់ខានប្រារព្ធអស់រយៈពេល៣ឆ្នាំមកហើយ ដើម្បីបង្កបរិយាកាសសប្បាយរីក រាយដល់ភ្ញៀវទេសចរដែលមកចូលរួមកម្សាន្ត ។
  
   ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០២៣នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំតុបតែងលម្អសោភណ័ភាពសួន ច្បារនានា នៅក្នុងរាជធានីភ្នំពេញបានយ៉ាងស្រស់ស្អាត។ ជាងនេះទៀតមានការតុបតែងភ្លើងចម្រុះពណ៌នៅតាមទីតាំងសំខាន់ៗនៃកន្លែងប្រារព្ធពិធី យ៉ាងល្អប្រណិត ដែលធ្វើឱ្យប្រជាពលរដ្ឋនិងភ្ញៀវទេសចរលាន់មាត់សរសើរពីភាព ស្រស់ស្អាតគ្រប់ៗគ្នា។
   ដើម្បីធានាឱ្យអនាម័យបរិស្ថានកាន់តែស្រស់ស្អាតទៀតនេះ រដ្ឋ បាលរាជធានីភ្នំពេញបានដាក់ពង្រាយកម្លាំងបោសសំអាតជាង៣០០នាក់ រៀបចំបន្ទប់ទឹកបង្គន់អនាម័យចំនួន៥៦៧បន្ទប់ ដែលផ្តល់ លក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋដែលមកលេងកម្សាន្ត។ បន្ថែមពីនេះទៀតរដ្ឋបាលរាជធានីភ្នំពេញ បានដាក់កម្លាំងការពារសន្តិសុខជាង១ម៉ឺននាក់ ដើម្បីជួយអន្តរាគមន៍ រៀបចំសន្តិសុខសណ្តាប់ធ្នាប់ ដែលផ្តល់សុខសុវត្ថិភាពជូនប្រជាពលរដ្ឋមក លេងកម្សាន្តប្រកបដោយភាពកក់ ក្តៅនិងសប្បាយរីករាយ។
តាមរយៈការគិតគូរយ៉ាងល្អិតល្អន់ក្នុងការរៀបចំព្រះរាជពិធីបុណ្យទូកនេះ លោក សំណាង វីសាល ប្រជា ពលរដ្ឋរស់នៅឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ដែលបានមកលេងកម្សាន្តនៅក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ឡើងវិញ បន្ទាប់ពីរាជធានីភ្នំពេញ បានខក ខានរៀបចំពិធីនេះ អស់រយៈពេលប្រមាណ៣ឆ្នាំមកហើយ ដូច្នេះនៅ ក្នុងឆ្នាំនេះ ឃើញថា មានការរៀបចំខុសប្លែកពីឆ្នាំកន្លងទៅ ស្រស់ស្អាតប្លែក ដោយមានទាំងការរៀបចំសោភណ័ភាព សណ្តាប់ធ្នាប់ សន្តិសុខ បានយ៉ាងល្អប្រសើរ សក្តិសមជាទីក្រុងដែលពោរពេញដោយសន្តិភាព មានសន្តិភាព គឺមានអ្វីៗគ្រប់យ៉ាង ។
  ក្នុងនោះ លោកក៏បានបង្ហាញពីការពេញចិត្តយ៉ាងខ្លាំង ចំពោះការរៀប ចំរបស់រដ្ឋបាលរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការតុបតែងភ្លើងពណ៌ កែលម្អ តុបតែងសួនច្បារ រៀបចំសណ្ដាប់ធ្នាប់ សន្តិសុខ មានរបៀប រៀបរយ ជាពិសេសគឺការដាក់ពង្រាយកម្លាំងប្រជាការពារដែលមានចំនួនយ៉ាងច្រើន ធ្វើយ៉ាងណាដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលមកទស្សនានិងចូលរួមលេងកម្សាន្តនៅក្នុងឱកាសពិធីបុណ្យអុំទូកនេះ ។
 « គឺខ្ញុំគិតថាខាងរដ្ឋបាលក្រុង រៀបចំរាជធានីភ្នំពេញនៅក្នុងឱកាសពិធីបុណ្យនេះ បានស្អាតខ្លាំង សូម្បីតែកងកម្លាំងក៏មានដាក់ពង្រាយនៅតាមគោលដៅនីមួយៗ ឃើញថាមានចំនួនច្រើន ដើម្បីការពារសុវត្ថិភាពរបស់ប្រជាពលរដ្ឋគឺបានល្អ ហើយចំពោះសំរាមក៏ដូចជាធុងសំរាមវិញ គឺឃើញថា មានការទុកដាក់ ក៏ដូចជាពង្រាយធុងសំរាមស្ទើរតែគ្រប់ទីកន្លែង ដែលនេះគឺជាការគិតគូរមួយដ៏ល្អរបស់រដ្ឋបាលរាជធានីភ្នំពេញ » ។
យោងអនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឱ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងកងកម្លំាងគ្រប់ប្រភេទ ត្រូវថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈជូនប្រជាពលរដ្ឋ ដែលមកលេងកម្សាន្តពិធីបុណ្យអុំទូកឆ្នាំនេះ ឱ្យទទួលបានតែភាពសប្បាយរីករាយត្រឡប់ទៅវិញ ។
សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះ ព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ ប្រព្រឹត្តធ្វើឡើងនៅថ្ងៃ ១៤-១៥ កើត និងថ្ងៃ ១រោច ខែកត្តិក ត្រូវនឹងថ្ងៃទី ២៦-២៧- ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅតាមដងទន្លេសាបមុខព្រះបរមរាជវាំង ៕

Comments

Related posts