សិស្សនិស្សិតជិត ១៨០០នាក់ ប្រឡងបញ្ចប់ការសិក្សាជំនាញបច្ចេកទេស និង វិជ្ជាជីវៈពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា

វិទ្យុជាតិកម្ពុជា៖

ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មានសិស្សនិស្សិតចំនួន ១៧៨០នាក់ បានប្រឡង​បញ្ចប់ការ​សិក្សាពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ក្នុងនោះមាននិស្សិតស្រីចំនួន ៣០៨នាក់។ ការប្រឡងបញ្ចប់ការសិក្សាឆ្នាំ២០២៣នេះ រួមមាននិស្សិតកម្រិតបរិញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន​១០៣នាក់ និស្សិតកម្រិតបរិញ្ញាបត្របច្ចេកទេស(Engineer) ចំនួន៧៨៣នាក់ និស្សិតកម្រិតសញ្ញាបត្រ​ជាន់​ខ្ពស់បច្ចេកទេស(Diploma) ចំនួន៦៦៥នាក់ និងសិស្សកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ចំនួន២២៩នាក់។ 

 

ឯកឧត្តមបណ្ឌិត ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) បានបញ្ជាក់ថា ការប្រឡង​បញ្ចប់​ការសិក្សាសម្រាប់ឆ្នាំ២០២៣នេះ គឺមានទាំងការប្រឡងទ្រឹស្តី ការការពារសារណា និងការបង្ហាញ​ពីស្នាដៃ​របស់សិស្សនិស្សិតជាក់ស្តែងតែម្តង។ ចំណែកគណៈកម្មការដែលជាអ្នកវាយតម្លៃក្នុងការប្រឡងនេះ មានការ​ចូលរួមទាំងពីសាស្ត្រាចារ្យជំនាញនៃវិទ្យាស្ថាន NPIC រួមនិងអ្នកជំនាញលើវិស័យនានាមកពីខាងក្រៅ​វិទ្យាស្ថានផងដែរ ដើម្បីធានាថាសិស្សនិស្សិតដែលបានបញ្ចប់ការសិក្សាគឺជាធនធានមនុស្ស​ប្រកបដោយ​ជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈអាចប្រកបការងារបាន។ 

 

លោកសាស្ត្រាចារ្យ ឈុំ អំណត់ ប្រធានដេប៉ាតឺម៉ង់សំណង់ស៊ីវិលនៃវិទ្យាស្ថាន NPIC មើលឃើញថា តាមរយៈការប្រឡងបញ្ចប់ការសិក្សាឆ្នាំនេះ បង្ហាញថាសិស្សនិស្សិតនៃវិទ្យាស្ថាន NPIC កាន់តែមានកម្រិតគុណភាព​ល្អ ទាំងចំណេះដឹងផ្នែកទ្រឹស្តី និងការអនុវត្តជំនាញផ្ទាល់។ លោកសាស្ត្រាចារ្យ បានបញ្ជាក់ថា សិស្ស​និស្សិត​​ដែលបញ្ចប់ការសិក្សាផ្នែកសំណង់ស៊ីវិល ផ្នែកអគ្គិសនី ផ្នែកអេឡិចត្រូនិក មានឱកាសច្រើនក្នុងទីផ្សារ​ការងារ ដោយសារមានគម្រោងសាងសង់សំណង់នានាជាច្រើនក្នុងប្រទេសកម្ពុជា​ពីមួយឆ្នាំទៅមួយឆ្នាំ។

 

ចំណែក លោកបណ្ឌិតសាស្ត្រាចារ្យ ចេង ហ៊ឈង ប្រធានមហាវិទ្យាល័យអគ្គិសនី យល់ឃើញថា ក្រៅពី​ការសិក្សា​ជំនាញបច្ចេកទេសទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងហើយនោះ ជំនាញទន់ដែល​សំដៅ​លើ​សីលធម៌ល្អ ឥរិយាបទល្អ គឺពិតជាសំខាន់ណាស់សម្រាប់សិស្សនិស្សិតអាចក្លាយជាធនធានមនុស្ស​ដ៏ល្អនៅ​ពេលចេញបំពេញការងារ។ ដូចនេះ ទើបវិទ្យាស្ថាន NPIC បានបូកបញ្ចូលការសិក្សាជំនាញទន់នេះ សម្រាប់សិស្សនិស្សិតនៅពេលកំពុងសិក្សាជំនាញណាក៏ដោយ។ 

 

យុវជន សែម ម៉េងខេង ជានិស្សិតផ្នែកមេកានិករថយន្ត ដែលបានប្រឡងបញ្ចប់ការសិក្សា នៅ​ឆ្នាំ២០២៣នេះ ជឿជាក់ថាជំនាញដែលខ្លួនបានរៀនចប់នេះ នឹងអាចបំពេញក្តីស្រមៃក្នុងការចូលរួមអភិវឌ្ឍន៍​វិស័យ​រថយន្ត​នៅកម្ពុជា។ ជាក់ស្តែង យុវជនរូបនេះ បានដាក់បង្ហាញស្នាដៃគម្រោងតម្លើងប្រព័ន្ធអគ្គិសនី​រថយន្ត​សម្រាប់ការ​ប្រឡងបញ្ចប់ការសិក្សានេះ ដោយគម្រោងមួយនេះចំណាយពេលប្រមាណជា៦ខែ ដើម្បីបង្កើត​ចេញ​ជារូបរាង​ជាក់ស្តែង។

 

ទន្ទឹមនេះ យុវតី ពៅ ពុធថា ជានិស្សិតផ្នែកមេកានិកទូទៅ ដែលប្រឡងបញ្ចប់ការសិក្សាក្នុងឆ្នាំ២០២៣នេះដែរ មានគម្រោងថានឹងអាចយកជំនាញដែលខ្លួនបានរៀននេះ បើកជារោងជាងផ្នែកក្រឡឹងដោយខ្លួនឯង​ដែល​អាច​ផ្គត់ផ្គង់តម្រូវការផ្នែករថយន្ត និងនៅតាមរោងចក្រនានា។ យុវតីរូបនេះ លើកទឹកចិត្តដល់យុវតីផ្សេងទៀត​ចូលរៀនជំនាញមេកានិក រឺជំនាញបច្ចេកទេសផ្សេងទៀតដែលខ្លួនស្រឡាញ់ ដោយកុំគិតថាមនុស្សស្រីរៀន​ជំនាញទាំងនោះមិនបានអី សំខាន់គឺការតាំងចិត្តរបស់យើង។  

 

សូមបញ្ជាក់ថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) គឺជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដ៏ធំមួយ ដែលបានបង្កើតឡើងក្នុងឆ្នាំ២០០៥ ស្ថិតនៅក្រោមក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ។ ក្នុងឆ្នាំសិក្សា ២០២២-២០២៣ មានសិស្សនិស្សិតសរុបជាង ៦៦០០នាក់ កំពុងសិក្សា​ជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ ចាប់ពីថ្នាក់សញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ ថ្នាក់បណ្តុះបណ្តាលវគ្គខ្លី ថ្នាក់ឧត្តម​សិក្សា និងថ្នាក់ក្រោយឧត្តមសិក្សា លើជំនាញដូចជា វិស្វកម្មអគ្គិសនី វិទ្យាសាស្ត្រកុំព្យូទ័រ វិស្វកម្មមេកានិក វិទ្យាសាស្ត្រអុបទិក វិស្វកម្មសំណង់ស៊ីវិលនិងស្ថាបត្យកម្ម វិស្វកម្មអេឡិចត្រូនិកនិងទូរគមនាគមន៍ វិស្វកម្មមេកានិករថយន្ត ទេសចរណ៍និងបដិសណ្ឋារកិច្ច៕BA905EF8-9C30-4AF7-9F5A-70D4EE7A8CF062B3874F-2B0B-4EBC-AF1B-771D20D9A56997EDD1CF-1CDB-4ABD-9BB1-50EAF4B30E05465CEB02-8214-4F3C-95C1-C11266700B8FC4C94F44-8C6A-4DFB-BB32-87F92FC15EC9EA71EF54-EA78-4289-8E97-BF3B3A46C3BD2A656CAA-8D1E-4A73-8EC2-263E10889FC71315E137-E316-409B-9814-6091DCA6BAE8465CEB02-8214-4F3C-95C1-C11266700B8FD891A21C-CDBA-45AC-9E79-1E265E5CB0329DFE580E-AEAA-471F-A741-CBD78D86C6ADAA7A85F2-3164-4517-8625-06C9F623768BC770FF5A-0B23-4BCE-959D-989F53618F8D9ED4C8E5-B3DD-4E68-875D-1656FB12F795287A4EBE-9700-4266-BB21-26C91311595A

Comments

Related posts