ចុងភៅទូកពាមមានជ័យបារមីទួលត្រាស់ខេត្តព្រៃវែងផ្គត់ផ្គង់ម្ហូបអាហារដល់ចំណុះទូកមិនឱ្យខ្វះឡើយ



វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា

x

x2-5

x1-5
 ខណៈមកចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃនៅរាជធានីភ្នំពេញ ក្រុមចុងភៅទូកពាមមានជ័យបារមីទួលត្រាស់ ខេត្តព្រៃវែងបានផ្គត់ផ្គង់ម្ហូបអាហារដល់ចំណុះទូកមិនឱ្យខ្វះឡើយ បើទោះបីមិនសូវឆ្ងាញ់ ក្តីតែគ្រប់គ្រាន់មិនមានការខ្វះខាតទេ។
លោក ស្រី អ៊ុក សារឹម មេចុងភៅទូក ពាមមានជ័យ បារមី ទួលត្រាស់ មកពីភូមិថ្មី  ឃុំ ពាមរក៏ ស្រុកពាមរក៏ ខេត្ដព្រៃវែង បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ក្នុង១ថ្ងៃត្រូវផ្គត់ផ្គង់អាហារជូនកីឡាករចំនួនបីពេល ហើយក្នុងមួយពេលមានបីមុខម្ហូប ដើម្បីធ្វើឱ្យក្រុមកីឡាករទូកទាំងអស់បានពិសារមានកម្លាំងដណ្ដើមយកជ័យជម្នះក្នុងការប្រកួតជូនភូមិស្រុក។
លោកស្រីបន្តថា  ការទិញម្ហូបនេះត្រូវចំណាយក្នុងមួយថ្ងៃអស់ថវិកាជាង១លានរៀល ដើម្បីទិញសាច់ បន្លែ និងគ្រឿងទេសសម្រាប់ធ្វើជាម្ហូបអាហារឱ្យកីឡាករបរិភោគ។ ជាពិសេស សាច់ បន្លែ គឺត្រូវតែមានគុណភាពល្អ និងធ្វើម្ហូបអាហារប្រកបដោយអនាម័យជាចម្បង ដើម្បីបង្ការកុំឱ្យមានបញ្ហាសុខភាពក្នុងពេលចូលរួមប្រគួតប្រជែងប្រណាំងទូកនាពេលនេះ។
ជាមួយគ្នានេះដែរ លោកស្រីបានអំពាវនាវដល់ថ្នាក់ដឹកនាំក្រុមហ៊ុន និងប្រជាពលរដ្ឋ សូមជួយឧបត្ថម្ភថវិកាបន្ថែមតាមលទ្ធភាព ដើម្បីផ្គត់ផ្គង់ទិញម្ហូបអាហារ និងភេសជ្ជៈដល់កីឡាករបានកាន់តែគ្រប់គ្រាន់ និងមានគុណភាពបន្ថែមទៀត សម្រាប់ជាការលើកទឹកចិត្តបន្ដការប្រកួត នៅថ្ងៃទី៣ដែលជាថ្ងៃបញ្ចប់ នៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៣នេះផងដែរ។
គួររម្លឹកថា ការផ្គត់ផ្គង់ការស្នាក់នៅ ម្ហូបអាហារ ក្នុងអំឡុងពេល នៃការមកចូលរួមព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនេះ គឺទទួលបានការឧបត្ថម្ភពីគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ  ថ្នាក់ដឹកនាំ សប្បុរសជននានា តាមរយៈគណៈកម្មការទូកនីមួយៗដើម្បីយកទៅចាត់ចែងតាមចំណុះទូករៀងខ្លួន។
សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ មានទូកចូលរួមប្រណាំងសរុប ៣៣៨ទូក ក្នុងនោះមានទូកអុំ ចំនួន ១៥៨ទូក, ទូកចែវបុរស ៤២ទូក, ទូកចែវនារី ១ទូក ,ទូកខ្នាតអន្តរជាតិបុរស ចំនួន ១៣៥ទូក នារី ២ទូក, មានចំណុះទូកសរុបទាំងអស់ ចំនួន២០៤៤នាក់ ដែលមកពីក្រសួង ស្ថាប័ន អង្គភាព និងរដ្ឋបាលរាជធានី-ខេត្តសរុប២៥៕

Comments

Related posts