អ្នកមកកម្សាន្តព្រះរាជពិធីបុណ្យអុំទូកចូលរួមជាមួយមន្ត្រីបរិស្ថានផ្សព្វផ្សាយអប់រំពីអនាម័យបរិស្ថាននិងការទុកដាក់សំរាម


វិទ្យុជាតិកម្ពុជា៖ លោកភួង ឈុនលាង

x21

x22

x20

 


ភ្នំពេញ៖ អ្នកមកលេងកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូកបានចូលរួមផ្សព្វផ្សាយនូវសារអប់រំពីបរិស្ថាន ជាមួយអាជ្ញាធរពាក់ព័ន្ធនិងមន្ត្រីបរិស្ថានដើម្បីបង្កើនការអប់រំយល់ដឹងពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ មានរបៀបរៀបរយ រក្សាបានសោភ័ណភាព និងអនាម័យ។

  មន្ទីរបរិស្ថានរាជធានីភ្នំពេញបានសហការជាមួយនឹងអាជ្ញាធរពាក់ព័ន្ធបានបើកយុទ្ធនាកាផ្សព្វផ្សាយអនាម័យបរិស្ថាន និងការទុកដាក់កាកសំណល់ផ្សេងៗ ក្នុងរយៈពេលបី នៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះតាមគោលដៅផ្សេងៗគ្នា។
នៅក្នុងយុទ្ធនាការផ្សព្វផ្សាយរបស់ក្រសួងបរិស្ថានមានស្តង់អប់រំផ្សព្វផ្សាយចំនួន២កន្លែងផ្នែកខាងកើតស្ពានជ្រោយចង្វារ ដោយឡែកនៅផ្នែកខាងលិច ក៏មានកម្លាំងផ្សព្វផ្សាយចាប់តាំងពីគល់ស្ពានជ្រោយចង្វាររហូតដល់ ឫស្សីកែវ ។
 ក្រៅពីនេះមាននៅសួនច្បារផ្សារចាស់ នៅខាងមុខព្រះបរមរាជវាំង វិមានឯករាជ និងកោះពេជ្រក៏មានក្រុមងារបរិស្ថានធ្វើការផ្សព្វផ្សាយផងដែរ។
លោកឃឿន សុធា ជាគ្រូបង្រៀនម្នាក់មកពីស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានចូលរួមយ៉ាងសកម្មជាមួយនឹងមន្តី្របរិស្ថានក្នុងការជួយផ្សព្វផ្សាយសារសំខាន់ៗដល់ប្រជាពលរដ្ឋដែលបានមកចូលរួមលេងកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ។
លោកបន្តថា ការចូលរួមផ្សព្វផ្សាយជាមួយមន្ត្រីបរិស្ថាននេះ ដោយសារមើលឃើញពីទង្វើល្អរបស់អាជ្ញាធរលើការថែរក្សាបរិស្ថានឱ្យបានស្អាត និងដើម្បីសោភ័ណភាពរាជធានីភ្នំពេញ។  ដូច្នេះលោកមិនរារែកក្នុងការលះបង់ពេលវេលានិងកម្លាំងកាយចិត្តនោះឡើយព្រោះវាបង្ហាញពីការទទួលខុសត្រូវរបស់យើងម្នាក់ៗ។
«វាជាការចៃដន្យនោះទេគឺបំណងនាំកូនមកទីក្រុងភ្នំពេញដើម្បីស្វែងរកសាលារៀននៅសាកលវិទ្យាល័យបន្ត ជាការលើកទឹកចិត្តយើងមកមុនដើម្បីបានចូលរួមមើលពិធីបុណ្យអុំទូកផង ហើយពេលមកដល់ឃើញខាងមន្ត្រីបរិស្ថានគាត់បានធ្វើអំពើល្អយ៉ាងដូចនេះ ខ្ញុំក៏មានឆន្ទៈអ៊ីចឹងតាំងពីដើមមកហើយដែរ ពេលឃើញគេធ្វើអំពើល្អក៏ចូលរួមឃើញគាត់ធ្វើដូច្នេះខ្ញុំក៏ស្ម័គ្រចិត្តចូលរួមដែរ ដើរផ្សព្វផ្សាយអំពីបរិស្ថានតែម្តងទៅ ថាខ្លាចអន់ខ្លាចអាក្រក់ខ្លាចខ្មាស់គេដូចមិនមែននោះទេ វាជាទង្វើល្អគ្មានអ្វីត្រូវខ្មាសគេនោះទេ ខ្ញុំដើររើសសំរាមនោះ មិនមែនជាអំពើលួចគេនោះទេហើយពេលដែលខ្ញុំទៅវិញខ្ញុំនឹងផ្សព្វផ្សាយបង្គាប់បង្ហាញដល់កូនសិស្សរបស់ខ្ញុំនៅក្នុងសាលាឲ្យមានការយល់ដឹងអំពីការថែទាំបរិស្ថានចេះសម្អាតទីធ្លាដែលយើងរស់នៅឱ្យបានស្អាត»។
  លោកស្រីសុស វឌ្ឍនាមន្ត្រីផ្សព្វផ្សាយនៃមន្ទីរបរិស្ថានរាជធានីភ្នំពេញបានឱ្យដឹងថា ក្រុមការងាររបស់មន្ទីរបរិស្ថានពិតជាត្រេកអរ និងមោទនភាពចំពោះការលះបង់ពេលវេលា កម្លាំងកាយរបស់បងប្អូនដែលបានចូលរួមផ្សព្វផ្សាយនិងគ្រប់គ្រងសំណល់របស់ខ្លួនបានត្រឹមត្រូវតាមរយៈការផ្សព្វផ្សាយសារសំខាន់ៗស្តីពី       បរិស្ថាន។
«មានការចូលរួមច្រើនគ្រប់ច្រកល្ហកទាំងអស់ ទីប្រជុំជន និងតំបន់ដាច់ស្រយាលក៏គាត់បានមកចូលរួមដែរជាពិសេស គឺលោកគ្រូខាងនេះដែលគាត់អញ្ជើញមកពីខេត្តបន្ទាយមានជ័យដែលនាំកូនគាត់មកចូលរួមកម្មវិធីអុំទូកដែលកូនគាត់បានប្រឡងបាក់ឌុបជាប់និទ្ទេសAហើយគាត់បានជួបជាមួយក្រុមរបស់ខ្ញុំជួយផ្សព្វផ្សាយបរិស្ថាន។ហើយគាត់បានយល់ដឹងយកអ្វីដែលយើងបានធ្វើក្នុងថ្ងៃនេះទៅផ្សព្វផ្សាយដល់សហគមន៍របស់គាត់ដែលគាត់ជាគ្រូបង្រៀនគាត់នឹងផ្សព្វផ្សាយទៅដល់សិស្សរបស់គាត់។ពួកខ្ញុំពិតជាថ្លែងអំណរគុណដល់គាត់ដែលបានចំណាយពេលចូលរួមជាមួយនឹងក្រុមខ្ញុំ យើងចង់និយាយថាគាត់មានឆន្ទៈក្នុងការចូលរួមដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនេះ»។
  សូមបញ្ជាក់ថា សូមបញ្ជាក់ថាក្រៅពីការចុះអប់រំផ្សព្វផ្សាយដល់សាធារណជន សាលារាជធានីភ្នំពេញ និងអ្នកពាក់ព័ន្ធបានដាក់ពង្រឹងពង្រាយធុងសំរាមប្រមាណជាង២ពាន់ធុងនៅតាមគោលដៅសំខាន់ៗដើម្បីឱ្យប្រជាពលរដ្ឋយកសំរាមទៅទុកដាក់ឱ្យបានត្រឹមត្រូវចៀសវៀងចោលផ្តេសផ្តាសធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព រាជធានីភ្នំពេញក្នុងឱកាសព្រះរាជពិធីអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក៕

Comments

Related posts