អ្នកប្រឡងបាក់ឌុបមិនជាប់កុំអស់សង្ឃឹម អតីតសិស្សម្នាក់ប្រាប់ពីជំនាញដើម្បីបើកអាជីវកម្មផ្ទាល់ខ្លួន

វិទ្យុជាតិកម្ពុជា៖

យុវជន ម៉ៅ វ៉ាន់ថេន ជានិស្សិតថ្នាក់បរិញ្ញាបត្ររងជំនាញមេកានិកទូទៅនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) លើកទឹកចិត្តដល់យុវជនដែលប្រឡងបាក់ឌុបមិនជាប់ កុំមានការអស់សង្ឃឹម ហើយសូមងាកមកសិក្សាចាប់យកជំនាញបច្ចេកទេសវិញ ព្រោះប្រទេសកម្ពុជាកំពុងត្រូវការអ្នកបច្ចេកទេសជាច្រើន ដូចជាផ្នែកគ្រឿងបន្លាស់នៅតាមរោងចក្រសហគ្រាស ជំនាញជួសជុលគ្រឿងយន្ត ជំនាញមេកានិកទូទៅ ជំនាញអគ្គិសនីជាដើម។ 

 

ក្នុងនាមជាអតីតសិស្សប្រឡងមិនជាប់បាក់ឌុបដែរនោះ យុវជន ម៉ៅ វ៉ាន់ថេន បានអំពាវនាវ ដល់យុវជនដទៃទៀតកុំយកពេលវេលាប្រព្រឹត្តអំពើមិនល្អក្នុងសង្គម ហើយត្រូវយកពេលមកសិក្សាជំនាញមួយច្បាស់លាស់ដែលអាចជួយខ្លួនឯងបាននាពេលអនាគតវិញ។ 

យុវជនដែលស្រឡាញ់ជំនាញមេកានិកទូទៅរូបនេះ ក៏បានចែករំលែកបទពិសោធន៍ថា “ទោះបីជាខ្ញុំប្រឡងមិនជាប់បាក់ឌុបក៏ដោយ តែខ្ញុំតាំងចិត្តថាចូលរៀនថ្នាក់បរិញ្ញាបត្ររងជំនាញបច្ចេកទេសជាមុនសិន ហើយក៏មានគម្រោងបើកអាជីវកម្មផ្ទាល់ខ្លួនផ្នែកមេកានិកទូទៅនៅស្រុកកំណើតពេលរៀនចប់ បន្ទាប់មកបើមានលទ្ធភាពនិងពេលវេលាគ្រប់គ្រាន់នោះខ្ញុំនឹងបន្តសិក្សាថ្នាក់បរិញ្ញាបត្រថែមទៀត”។ 

 

ទន្ទឹមនេះ យុវជន ម៉ៅ វ៉ាន់ថេន បានទទួលដំណឹងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដោយឥតគិតថ្លៃ និងផ្តល់ជូនប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀលទៀត សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យទូទាំងប្រទេសចំនួន ១,៥លាននាក់ ដែលនេះជាដំណឹងល្អណាស់សម្រាប់យុវជនដែលមិនទាន់មានជំនាញច្បាស់លាស់ និងមិនមានលទ្ធភាពចូលរៀនជំនាញវិជ្ជាជីវៈ រឺជំនាញបច្ចេកទេស។

 

ដូចគ្នានេះ យុវជន ច្រឹក ឡេងប៊ុនលី ជានិស្សិតផ្នែកមេកានិករថយន្តនៃវិទ្យាស្ថាន NPIC ក៏យល់ឃើញថាក្នុងនាមយុវជនជាទំពាំងស្នងឬស្សី ត្រូវតែមានជំនាញមួយច្បាស់លាស់ដើម្បីខ្លួនឯង និងគ្រួសារ ប្រសើរជាងយកពេលវេលាដើរលេងច្រើនពេក។ យុវជនរូបនេះ ក៏ជំរុញដល់យុវជនគួរចំណាយពេលខ្លីចូលរៀនជំនាញវិជ្ជាជីវៈ រឺជំនាញបច្ចេកទេសណាមួយដែលខ្លួនស្រឡាញ់ដោយឥតគិតថ្លៃនៅវិទ្យាស្ថាន NPIC តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលរាជរដ្ឋាភិបាលបានប្រកាសអនុវត្តជាផ្លូវការហើយ។ 

 

សូមបញ្ជាក់ថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដែលមានទីតាំងតាមបណ្តោយមហាវិថីឈ្នះឈ្នះ រឺផ្លូវកប់ស្រូវ ស្ថិតនៅក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធ៌សែនជ័យ រាជធានីភ្នំពេញ គឺជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដ៏ធំមួយ កំពុងរង់ចាំស្វាគមន៍យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ ក៏ដូចជាបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងក្នុងប្រព័ន្ធ មានអាយុចាប់ពី១៥ឆ្នាំឡើង អាចចុះឈ្មោះចូលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសកម្រិត១ រយៈពេលខ្លីដោយឥតគិតថ្លៃ លើវិស័យដូចជា វិស័យសំណង់  វិស័យអគ្គិសនីនិងថាមពល វិស័យមេកានិករថយន្ត វិស័យកម្មន្តសាល វិស័យសេវាកម្មធុរកិច្ចនិងព័ត៌មានវិទ្យា វិស័យអេឡិចត្រូនិក វិស័យបរិក្ខាត្រជាក់និងកម្តៅ វិស័យសេវាកម្ម វិស័យទេសចរណ៍ វិស័យកសិកម្មនិងកសិ-ឧស្សាហកម្ម។ 

 

សម្រាប់ការស្វែងរកព័ត៌មាននៃការចុះឈ្មោះ និងស្វែងរកព័ត៌មានផ្សេងៗនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) សូមចូលទៅកាន់គេហទំព័រ npic.edu.kh (https://npic.edu.kh/) រឺតាមរយៈហ្វេកប៊ុកឈ្មោះថា NPIC- National Polytechnic Institute of Cambodia (https://www.facebook.com/npic.edu.kh)៕C1B03814-55A3-4EDE-B185-22AE25AA435C9BEDC355-7FD9-481E-9B0E-EA8F92AEAD89F51311E7-66B7-456F-A365-4AACF39D2F349C2E4A5C-B589-44E4-9963-EF806CF21E7BC95A10C9-B374-4C0B-A5A8-F8969E77F874FE4A530C-C00D-43F7-8573-B3CDE1673D9BA76DE0BF-E5AD-45EE-994D-F9DC22665ED747DA6AD6-D727-4FDD-A2A2-883520061E3C

Comments

Related posts