ព្រះរាជពិធីបុណ្យអុំទូកខេត្តមណ្ឌលគិរីទទួលបានភ្ញៀវទេសចរជាង៣ម៉ឺននាក់មកទស្សនាកម្សាន្ត

 

វិទ្យុជាតិកម្ពុជា៖ លោកស៊ីផុន ហ៊ុងគ្រី

X6-19

X-19

X1-32

X2-30

X3-31

X4-28

X5-25

មណ្ឌលគិរី៖ ថ្ងៃឈប់សម្រាក រយៈ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅខេត្តមណ្ឌលគិរី ភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនាកម្សាន្តមានចំនួន៣២,១៧៧នាក់ កើន១,៥៣% ក្នុងនោះ ទេសចរជាតិប្រមាណ ៣១,៩១៩នាក់ កើន១, ៤០% ទេសចរបរទេសប្រមាណ ២៥៨នាក់ កើន ២០,០០% ។ ឯសន្តិសុខ សណ្តាប់ធ្នាប់ល្អ។
 នេះបើតាមការបញ្ជាក់របស់លោក ស៊ាង សឿន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី។
  លោក ប្រធានមន្ទីរទេសចរណ៍ខេត្ត បានបញ្ជាក់ថា ចំពោះរមយណីយដ្ឋានទេសចរណ៍នៅទូទាំងខេត្តមណ្ឌលគិរី មានភ្ញៀវទេសចរទៅទស្សនាកម្សាន្តគ្រប់កន្លែង ក្នុងនោះ មានសមុទ្រឈើ ភ្នំដោះក្រមុំ ទឹកជ្រោះប៊ូស្រា ភ្នំណាម លៀ ទឹកអូរផ្លាយ ភ្នំអណ្ដូងស្នេហ៍ និងកន្លែងរមណីយដ្ឋានជាច្រើនកន្លែងទៀត ដើម្បីទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរផងដែរ។ ជាងនេះទៅទៀត នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ៣ថ្ងៃនេះ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំបណ្តែតប្រទីបចំនួន ៣៤ប្រទីប របស់រដ្ឋបាលខេត្ត សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី រដ្ឋបាលក្រុងសែនមនោរម្យ និងមន្ទីរអង្គភាពជុំវិញខេត្ត និងការដាក់តាំងលក់ផលិតផល ការបាញ់កាំជ្រួច និងការប្រគំតន្រ្តីរាំលេងកម្សាន្ត ដើម្បីបង្កបរិយាកាសសប្បាយរីករាយ នៅទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ។ ចំណែកតាមបណ្ដាស្រុក ក៏មានរៀបចំពិធីកម្សាន្តសប្បាយ តួយ៉ាងដូចស្រុកកោះញែក មានការរៀបចំពិធីប្រ ណាំងទូក ង ខ្នាតតូចលក្ខណៈប្រពៃណី ដែលបង្ហាញឲ្យឃើញពីការអភិវឌ្ឍន៍ទៅមុខម្ដងបន្តិចៗ សម្រាប់ខេត្តមណ្ឌលគិរី។
  នាឳកាសនោះ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានថ្លែងអំណរគុណដល់ភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ដែលអញ្ជើញមកទស្សនានៅតាមរមណីយដ្ឋាននានា និងរាំលេងកម្សាន្ត នៅទឹកដីដ៏ស្រស់បំព្រងនៃខេត្តមណ្ឌលគិរី សូមធ្វើដំណើរប្រកបដោយសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ ហើយត្រូវចូលរួមសំអាតអនាម័យ ព្រោះបរិស្ថានស្អាត ផ្តើមចេញពីយើងទាំងអស់គ្នា។
សូមបញ្ជាក់ថា នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តមណ្ឌលគិរី ក៏បានទាក់ទាញចំណាប់អារម្មណ៍អ្នកទេសចរយ៉ាងច្រើន មកម្សាន្តលម្ហែកាយនៅតាមរមណីយដ្ឋាននានា ហើយតាមបណ្ដាផ្ទះសំណាក់ សណ្ឋាគារ និងរីសត ភ្ញៀវទេសចរបានទំនាក់ទំនងកក់បន្ទប់ស្នាក់នៅសឹងតែពេញបន្ទប់អស់ ហើយភ្ញៀវទេសចរដែលមកកម្សាន្ត ក៏មិនខកបំណងពីព្រោះរដូវកាលនេះ នៅខេត្តមណ្ឌលគិរី ចាប់ផ្ដើមធ្លាក់ខ្យល់រងា ខ្យល់អាកាសល្អបរិសុទ្ធ ទេសភាពស្រស់បំព្រង ទាំងនេះហើយដែលអ្នកទេសចរត្រូវការបំផុតពីខេត្តមណ្ឌលគិរី៕

Comments

Related posts