ឯកឧត្តម ថោ ជេដ្ឋា ពិនិត្យមជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួតថ្នាក់តំបន់របស់គណៈកម្មការទន្លេមេគង្គ នៅរាជធានីភ្នំពេញ

វិទ្យុជាតិកម្ពុជា៖

រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ ឆ្នាំ២០២៣ អមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានអញ្ជើញពិនិត្យមជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត ថ្នាក់តំបន់របស់គណៈកម្មការទន្លេមេគង្គ (MRC)។

 

ជាកិច្ចស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះការរៀបចំទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់លោកបណ្ឌិត អានូឡាក់ គិទីគួន នាយកប្រតិបត្តិ និងមន្រ្តីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មន្ត្រីនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងធនធានទឹក និងឧតុនិយម ជាច្រើនរូបទៀត។

 

ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតប្រឹងប្រែងរបស់លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ដែលបានសហការយ៉ាងល្អជាមួយប្រទេសជាសមាជិក អនុវត្តនូវបេសកកម្មរបស់គណៈកម្មការទន្លេមេគង្គសម្រេចបានសមិទ្ធផល និងវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដើម្បីការគ្រប់គ្រង និងអភិវឌ្ឍន៍អាងទន្លេមេគង្គប្រកបដោយចីរភាព ជាពិសេសកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយប្រទេសតាមដងទន្លេដោះស្រាយហានិភ័យ និងផលប៉ះពាល់នៃគ្រោះទឹកជំនន់ និងភាពរាំងស្ងួត ដែលជាក្តីបារម្ភខ្លាំងសម្រាប់ប្រទេសជាសមាជិក និងប្រជាជនក្នុងអាងទន្លេ។

 

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ការប្រែប្រួលរបបជលសាស្រ្ត គ្រោះទឹកជំនន់ និងភាពរាំងស្ងួតក្នុងអាងទន្លេមេគង្គ នាពេលកន្លងមក និងក្នុងពេលបច្ចុប្បន្ន ជាចំណុចសំខាន់ដែលត្រូវរួមគ្នាយកចិត្តទុកដាក់ ដោយពង្រឹងការពិនិត្យតាមដានឱ្យបានដិតដល់ និងត្រូវជូនដំណឹងដល់ប្រទេសតាមដងទន្លេជាប្រចាំ ទាន់ពេលវេលា តាមរយៈអភិក្រម និងនវានុវត្តន៍ផ្នែកបច្ចេកវិទ្យាដែលតភ្ជាប់គ្នាកាន់តែប្រសើរ រវាងលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និងប្រទេសជាសមាជិក។

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថាការប្រែប្រួលទាំងនេះបណ្តាលមកកំណើនតម្រូវការទឹក ស្បៀង និងថាមពល សន្ទុះនៃការអភិវឌ្ឍលឿន និងការប្រែប្រួលអាកាសធាតុដែលបាននិងកំពុងដាក់សម្ពាធខ្លាំងឡើង មកលើធនធានក្នុងអាង និងនិរន្តរភាពទន្លេមេគង្គ។

 

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីតួនាទីកាន់តែសំខាន់របស់មជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត ថ្នាក់តំបន់ ដែលបានបង្កើតឡើងដោយគណៈកម្មការទន្លេមេគង្គ នៅក្នុងបរិបទនៃការប្រែប្រួល ដែលចាំបាច់ត្រូវពង្រឹង និងបង្កើនសមត្ថភាពប្រតិបត្តិការឱ្យបានប្រសើរឡើង ទាំងផ្នែកជំនាញ និងបច្ចេកវិទ្យា ព្រមទាំងរួមគ្នាយកចិត្តទុកដាក់បន្ថែមទៀតក្នុងការលើកកម្ពស់ប្រសិទ្ធភាពឱ្យកាន់តែប្រសើរ មានភាពប្រទាក់ក្រឡាគ្នាយ៉ាងជិតសិ្នទ្ធ រវាងការងារនៅថ្នាក់តំបន់ និងថ្នាក់ជាតិ។

 

ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមប្រធានក្រុមប្រឹក្សា បានស្នើដល់លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គឱ្យបន្តផ្តោតការយកចិត្តទុកដាក់លើកិច្ចការអាទិភាពមួយចំនួនដូចជា៖ ទី១) ការធ្វើឱ្យប្រសើរការតភ្ជាប់រវាងថ្នាក់ជាតិ និងតំបន់ និងការបន្តអភិវឌ្ឍសមត្ថភាពនៅថ្នាក់ជាតិ ដើម្បីរួមចំណែកធ្វើឱ្យការពិនិត្យតាមដាន និងការគ្រប់គ្រងអាងទន្លេមានលក្ខណៈកាន់តែប្រសើរ ទី២) ភាពជាដៃគូល្អ ដើម្បីការពិនិត្យតាមដានអាងទន្លេបានកាន់តែប្រសើរ ទី៣) ការពិនិត្យកិច្ចប្រតិបត្តិការឡើងវិញ និងការបន្តធ្វើឱ្យកាន់តែប្រសើរ។

 

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវការជឿជាក់លើតួនាទីកាន់តែសំខាន់ និងមានលក្ខណៈបុរេសកម្មរបស់គណៈកម្មការទន្លេមេគង្គ និងមជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់និងភាពរាំងស្ងួតថ្នាក់តំបន់ក្នុងបរិបទនៃការផ្លាស់ប្តូរឥតឈប់ឈរនិងបញ្ហាប្រឈមដែលកើតមានឡើង ដើម្បីជួយប្រទេសជាសមាជិក និងធ្វើការជាមួយបណ្តាប្រទេសតាមដងទន្លេមេគង្គទាំងអស់ រួមគ្នាដោះស្រាយហានិភ័យ និងផលប៉ះពាល់នៃគ្រោះទឹកជំនន់ នៅតាមប្រទេសនីមួយៗ និងក្នុងអាងឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។

 

គួរបញ្ជាក់ថា មជ្ឈមណ្ឌលគ្រប់គ្រង និងកាត់បន្ថយទឹកជំនន់តំបន់បានបង្កើតឡើងក្នុងឆ្នាំ២០០៦ និងបានប្តូរឈ្មោះជាមជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់និងភាពរាំងស្ងួតថ្នាក់តំបន់ ក្នុងឆ្នាំ២០១៩។ មជ្ឈមណ្ឌលនេះមានភារកិច្ចពិនិត្យតាមដាន និងព្យាករណ៍ទឹកជំនន់ និងភាពរាំងស្ងួតប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំខែ ព្រមទាំងផ្តល់នូវការព្យាករ និងការជូនដំណឹងជាមុនឱ្យបានទាន់ពេលវេលា និងមានសុក្រឹត្យភាព ដើម្បីត្រៀមបង្ការជាមុន និងការឆ្លើយតប ចំពោះហានិភ័យដែលអាចកើតមានឡើងប្រកបដោយប្រសិទ្ធភាពដល់ប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ មាន កម្ពុជា វៀតណាម ឡាវ ថៃ សម្រាប់ការគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត និងការត្រៀមលក្ខណៈទុកជាមុន៕A7T02321A7T02423A7T02405A7T02208A7T02297

Comments

Related posts