សម្តេចធិបតី ផ្តល់អនុសាសន៍ណែនាំដល់ភាគីពាក់ព័ន្ធសម្រាប់អនុវត្តន៍ ដើម្បីជំរុញឱ្យការសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើប្រព្រឹត្តទៅបានជោគជ័យនិងមានប្រសិទ្ធភាព

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ៣០.១១.២០២៣

IMG_3622

 

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ណែនាំដល់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធសម្រាប់អនុវត្តន៍ដើម្បីជំរុញឱ្យការសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើប្រព្រឹត្តទៅបានជោគជ័យនិងមានប្រសិទ្ធភាព ជាពិសេសមានការបែងចែកផលលាភជូនដល់ប្រជាជននៅតាមមូលដ្ឋាន ប្រកបដោយបរិយាប័ន្ន ។

   ក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ណែនាំដល់គណៈគ្រប់គ្រង និងបុគ្គលិកនៃក្រុមហ៊ុន Cambodian Upper Tatay Hydropower Co., Ltd. ត្រូវយកចិត្តទុកដាក់ ទទួលខុសត្រូវខ្ពស់ ចំពោះការគ្រប់គ្រងកិច្ចដំណើរ ការនៃការសាងសង់រោងចក្រវារីអគ្គិសនី ស្របទៅតាមបទដ្ឋានបច្ចេកទេស ឱ្យបានប្រកបដោយគុណភាព និងមានសុវត្ថិភាពខ្ពស់ ដើម្បីធានាបាននូវគុណសម្បត្តិរបស់គម្រោង សម្រាប់ជាគុណប្រយោជន៍ ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់កម្ពុជា ដោយមិនមានបច្ច័យអាក្រក់ណាមួយ ដែលអាចបង្កទៅជាផលប៉ះពាល់ដល់បរិស្ថាន និងមនុស្ស ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រុមហ៊ុនត្រូវបន្តកិច្ចសហការឱ្យបានជាប់ជាប្រចាំជាមួយក្រសួងរ៉ែ និងថាមពល, អាជ្ញាធរដែនដីខេត្តកោះកុង, អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីធ្វើឱ្យគម្រោងនេះដំណើរការទៅបានដោយរលូន ។

 « គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ត្រូវបន្តនូវកិច្ចសហការល្អជាមួយក្រសួងរ៉ែនិងថាមពល ជំរុញការអនុវត្តគម្រោងផ្សេងៗទៀត ដូចជា គម្រោងវារីអគ្គិសនី គម្រោងខ្សែបញ្ជូនថាមពល និងគម្រោងអគ្គិសនីដោយថាមពលពន្លឺព្រះអាទិត្យ ជាដើម ដើម្បីធ្វើឱ្យប្រទេសយើងមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ មានថ្លៃសមរម្យ ការផ្គត់ផ្គង់អគ្គិសនី ប្រកបដោយស្ថិរភាព ឯករាជ្យភាព នឹងឈានទៅដល់ការធ្វើពាណិជ្ជកម្មអគ្គិសនី ជាមួយប្រទេសជិតខាងនិងប្រទេសក្នុងតំបន់នោះដែរ » ។

ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តដល់វិនិយោគិនឱ្យមកបណ្ដាក់ទុនវិនិយោគបន្ថែមទៀត នៅក្នុងវិស័យ ថាមពល ជាពិសេសវិស័យថាមពលកកើតឡើងវិញ និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដូចជាស្ថានីយ៍បញ្ចូលថាមពលអគ្គិសនីជាដើម។ ជាងនេះទៅទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យលើកកម្ពស់ និងផ្សព្វ ផ្សាយឱ្យមានការយល់ដឹងជាសាធារណៈ និងការចូលរួមយ៉ាងសកម្ម នៅក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល ២០២២-២០៣០ ទាំងក្នុងវិស័យសាធារណៈ និងឯកជន ៕

Comments

Related posts