ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បញ្ជាឱ្យរាជធានី-ខេត្តទាំងអស់ រឹតបន្តឹងច្បាប់ចរាចរណ៍ ពិសេសពាក់ព័ន្ធនឹងបញ្ហាគ្រឿងស្រវឹងនិងអាវុធជាតិផ្ទុះ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ៣០ ១១ ២០២៣

IMG_3643

IMG_3642

IMG_3640

IMG_3641

ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាឱ្យរាជធានី-ខេត្តទាំងអស់ រឹតបន្តឹងច្បាប់ចរាចរណ៍ ពិសេសពាក់ព័ន្ធនឹងបញ្ហា គ្រឿងស្រវឹងនិងអាវុធជាតិផ្ទុះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍និងធានាបាននូវភូមិឃុំមានសុវត្ថិភាព។
ក្នុងពិធីផ្សព្វផ្សាយផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ៨២ភាគរយ នៃគ្រោះថ្នាក់ចរាចរណ៍ដែលបានបណ្តាលឱ្យស្លាប់មនុស្ស ភាគច្រើនជាអ្នកដែលប្រើប្រាស់ម៉ូតូ ខណៈដែលករណីគ្រោះថ្នាក់ចរាចរណ៍ដោយម៉ូតូនេះ ជាបញ្ហាដែលត្រូវយកចិត្តទុកដាក់ ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្តថា បច្ចុប្បន្ន៥៤ភាគរយ គ្រោះថ្នាក់ចរាចរណ៍ដែលបានបណ្តាលឱ្យស្លាប់មនុស្ស ភាគច្រើនពេលយប់ ដែលបណ្តាលមកពីការប្រើប្រាស់គ្រឿងស្រវឹង ។ដូច្នេះសុំស្នើឱ្យគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងមហាផ្ទៃ មេត្តាពិនិត្យក្នុងការដាក់ពិន័យឱ្យរាងធ្ងន់បន្តិច ចំពោះអ្នកដែលប្រើប្រាស់គ្រឿងស្រវឹង ដែលបង្កគ្រោះថ្នាក់បាត់បង់ជីវិតដល់អ្នកដទៃ។
« ខ្ញុំសូមទទូចម្តងហើយម្តងទៀត សូមឱ្យឯកឧត្តម អភិបាលរាជធានីខេត្ត ស្នងការខេត្ត ដែលមានវត្តមានទាំងអស់ មេត្តាចាប់ផ្តើមរឹតបន្តឹងការងារធំៗពីរ ទី១គឺគ្រឿងស្រវឹងនេះតែម្តង ទី២គឺអាវុធជាតិផ្ទុះ។ ព្រោះឥឡូវឃើញថា ដូចខ្ញុំបានលើកឡើងពីខាងដើម ព័ត៌មានដែលខ្ញុំបានបាញ់ទៅ៨០ ភាគរយ នៃការគ្រោះថ្នាក់ចរាចរណ៍បង្កឱ្យស្លាប់គឺដោយសារគ្រឿង ស្រវឹង ជាពិសេស ៥៤ភាគរយ កើតឡើងនៅពេលយប់ »។
   សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ១១លើក ក្នុងនោះអ្នកស្លាប់ចំនួន ០៧នាក់ របួសចំនួន ១៣នាក់ (របួសធ្ងន់ចំនួន ០៦នាក់)។ រយៈពេល ២៩ថ្ងៃ ក្នុងខែវិច្ឆិកានេះ មានករណីគ្រោះ ថ្នាក់ចរាចរណ៍ចំនួន ២៧៦លើក បណ្ដាលឱ្យមនុស្សស្លាប់ ១៣៥នាក់ របួស ៤២០នាក់ (របួសធ្ងន់ ២៥៧នាក់)៕

Comments

Related posts