រាជរដ្ឋាភិបាលលើកទឹកចិត្តការផ្លាស់ប្តូរយានយន្ត ខណៈ១០ខែមកនេះ មានកម្មករនិយោជិតជាង៤ពាន់នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០១ ១២ ២០២៣

  ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងរយៈពេល២ឆ្នាំខាងមុខ ត្រូវសហការជាមួយភាគីពាក់ព័ន្ធ សិក្សាយន្តការគាំទ្រ និងលើកទឹក ចិត្ដឱ្យមានការផ្លាស់ប្ដូរជាបណ្តើរៗនូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ដែលស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាពជាងមុន ត្រឹមឆ្នាំ២០២៧។ 

  នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម ហៅកាត់ ប.ស.ស និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងសិក្ខាសាលាចែករំលែកបទពិសោធន៍ និងការអនុវត្តល្អស្តីពី«លើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់កម្មករនិយោជិតនៅកម្ពុជា» ដែលធ្វើឡើងដោយមានគ្រប់ពីតួអង្គពាក់ព័ន្ធចូលរួមនៅថ្ងៃទី១ ខែធ្នូនេះ ក្នុងគោលបំណងឆ្ពោះទៅរកកំណើនប្រើប្រាស់រថយន្តក្រុង សម្រាប់ដឹកជញ្ជូនកម្មករនិយោជិតក្នុងវិស័យនេះ ខណៈគ្រោះថ្នាក់នៃការប្រើប្រាស់រថយន្តដឹកជញ្ជូនរួមដូចជា រថយន្តដឹកទំនិញ ឬ រថយន្តទ្រង់ បានបន្សល់នូវសោកនាថកម្មលើកម្មករនិយោជិតជាច្រើនករណី។

  ឯកឧត្តម បន្តថា រាជរដ្ឋាភិបាល ពិតបានគិតគូរគ្រប់ជ្រុងជ្រោយចំពោះកម្មករនិយោជិត មិនគ្រាន់តែពេលកំពុងធ្វើការ ឬ មានបញ្ហាសុខភាពនោះទេ សូម្បីតែពេលធ្វើដំណើរ ក៏ជាក្តីកង្វល់របស់រាជរដ្ឋាភិបាលផងដែរ។

យោងតាមរយៈរបាយការណ៍ របស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហាញថា ករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងទៅលើកម្មករនិយោជិត រយៈពេល១០ខែ ឆ្នាំ២០២៣ មានជិត៤ពាន់ករណី ដោយមានជនរងគ្រោះជិត៤.៥០០នាក់ ក្នុងនោះស្លាប់១១២នាក់ របួសធ្ងន់ចំនួន១.៣៣៩នាក់ និងស្រាល៣.០៤៧នាក់ ដោយក្នុងចំណោមនោះមានរថយន្តដឹកកម្មករចំនួន១១ករណី។

  លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជា ស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមលើការបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ សម្រាប់កម្មករនិយោជិត តាមរយៈការផ្លាស់ប្តូរពីរថយន្តដឹកទំនិញទៅជារថយន្តមានសុវត្ថិភាពល្អប្រសើរជាង ការអប់រំ និងផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោកដល់កម្មករនិយោជិត និងអ្នកបើកបរ ជាដើម។

សូមបញ្ជាក់ថា អង្គការមូលនិធិបង្ការរបួសអាស៊ី បានសហការជាមួយប.ស.ស ស្ថាប័នជាតិ អង្គការដៃគូ ភាគីរោងចក្រ លើការងារកសាងសមត្ថភាពរបស់ក្រុមការងារសុវត្ថិភាពចរាចរណ៍កម្រិតរោងចក្រ នៅតាមរោងចក្រប្រមាណ៣០ ដែលមានទីតាំងនៅជាប់ផ្លូវជាតិ ផ្លូវធំៗក្នុងរាជធានី-ខេត្ត ដែលមានហានិភ័យខ្ពស់ ដើម្បីជំរុញ និងលើកទឹកចិត្តកម្មករនិយោជិតឱ្យហ៊ាន លើកឡើងពីកង្វល់របស់ពួកគេចំពោះភាពជាអ្នកដឹកនាំអំពីសុវត្ថិភាពចរាចរណ៍។

កម្មវិធីស្តីពី«លើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់កម្មករនិយោជិតនៅកម្ពុជា» បានផ្តល់អត្ថប្រយោជន៍ដល់កម្មករនិយោជិតរោងចក្រកាត់ ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងប្រមាណជាង៧ម៉ឺន៥ពាន់នាក់ ដោយផ្ទាល់ និងអ្នកបើកបររថយន្តដឹកកម្មករនិយោជិតចំនួន២.៦៩៤នាក់ តាមរយៈការបង្កើត និងផ្សព្វផ្សាយគោលនយោបាយសុវត្ថិភាពចរាចរណ៍កម្រិត រោងចក្រ សិក្ខាសាលា កិច្ចប្រជុំ និងការផ្សព្វផ្សាយអប់រំ ដែលដឹកនាំដោយក្រុមការងារសុវត្ថិភាពចរាចរណ៍កម្រិតរោងចក្រ។ 

តាមការស្រង់សំឡេងកម្មករនិយោជិត គឺពួកគេចង់ឱ្យប្តូររថយន្តមានសុវត្ថិភាពត្រឹមត្រូវ ពីរថយន្តដឹកទំនិញ ទៅជារថយន្តក្រុង ដោយសាររថយន្តដឹកទំនិញ ដែលត្រូវបានយកទៅកែច្នៃពីការជិះឈរប្រជ្រៀតគ្នា មកជាមានកៅអីអង្គុយជិះនៅតែប្រឈមនឹងគ្រោះថ្នាក់ពេលជួបឧបត្តវហេតុនៅលើដងផ្លូវដូចជាការបុក ឬក្រឡាប់ ជាដើម។

យើងតាមការសិក្សា បានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍នេះ មិនត្រឹមតែប៉ះពាល់ទៅដល់អាយុជីវិតរបស់កម្មករនិយោជិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ជីវិត និងជីវភាពរស់នៅរបស់សមាជិកគ្រួសាររបស់ពួកគេ ដែលមានប្រមាណជាង២លាននាក់ ព្រមទាំងប៉ះពាល់ដល់ផលិតភាពរបស់រោងចក្រ ដែលពឹងផ្អែកលើកម្លាំងពលកម្មរបស់ពួកគេដែរ៕94F0B02F-0E8D-4178-93D9-EB53F4ECF55D5FA1CFC9-8084-4C15-A645-E8F1B2524D85192A323A-79D4-4EB6-8287-7E0949A13F5EA53F676E-1F3C-4150-BCFF-D211EDD07856A43A67BE-8B21-4748-BBD8-C9D195C3AA2D203FD14A-BE27-4BA4-AE3F-3D777A8C32DC

Comments

Related posts