រុស្ស៉ីប្រើយន្តហោះដ្រូន ៣៥ គ្រឿងក្នុងការវាយប្រហារថ្មីទៀត លើតំបន់ផ្សេងៗរបស់អ៊ុយក្រែន រួមទាំងរដ្ឋធានីកៀវ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

w10-1

w8-1

w9-1

អន្តរជាតិ៖ អ៊ុយក្រែនបានឱ្យដឹងថា កាលពីចន្លោះវេលាយប់ថ្ងៃពុធ-ព្រហស្បតិ៍នេះ ប្រព័ន្ធការពារដែនអាកាសនៅរដ្ឋធានីកៀវ ព្រមទាំងនៅតាមតំបន់ផ្សេងទៀត បានបាញ់ទម្លាក់យន្តហោះដ្រូនចំនួនរាប់សិបគ្រឿង ដែលកងកម្លាំងរុស្ស៉ីបានបញ្ជូនមកក្នុងការវាយប្រហារថ្មីមួយទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៉ីបានធ្វើសកម្មភាពវាយប្រហារដោយប្រើយន្តហោះដ្រូន Shahed ផលិតដោយអ៉ីរ៉ង់ចេញពីទិសដៅចំនួន ៣ ផ្សេងគ្នារួមមានក្រុង Chauda នៅឧបទ្វីបគ្រីមៀព្រមទាំងទីក្រុង Primorsko-Akhtarsk, និងក្រុង Kursk នៅប្រទេសរុស្ស៉ី។ បើតាមការអះអាងរបស់ទីក្រុងកៀវ កងកម្លាំងរបស់ខ្លួនបាញ់ស្កាត់បានដ្រូន ៣៤គ្រឿងក្នុងចំណោមយន្តហោះដ្រូនទាំង ៣៥គ្រឿង ហើយភ្លាមៗពុំទាន់មានសេចក្តីរាយការណ៍អំពីមនុស្សរងគ្រោះថ្នាក់ស្លាប់ ឬរបួសនៅឡើយទេ។ គួរបញ្ជាក់ថា តំបន់អ៊ុយក្រែនសរុប ១២ កន្លែងរួមមានទាំងភាគកណ្តាល ភាគអាគ្នេយ៍ និងភាគខាងជើង គឺត្រូវបានកំណត់គោលដៅវាយប្រហារ។ ស្របពេលដែលរដូវរងាកំពុងចូលមកដល់ ទីក្រុងម៉ូស្គូបានបង្កើនការវាយប្រហាររបស់ខ្លួន ខណៈទីក្រុងកៀវបានស្នើឱ្យសម្ព័ន្ធមិត្តឱ្យជួយផ្តល់ប្រព័ន្ធការពារដែនអាកាសបន្ថែម៕

Comments

Related posts