រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបញ្ចេញផែនការសម្រាប់អនាគតតំបន់ហ្គាហ្សា ក្រោយសង្រ្គាមបញ្ចប់

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b25

b26

អន្តរជាតិ៖ កាលពីថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់) លោក Yoav Gallant រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបានបញ្ចេញផែនការរបស់លោកសម្រាប់អនាគតតំបន់ហ្គាហ្សា នៅក្រោយសង្រ្គាមបញ្ចប់ដោយនិយាយថា ទាំងអ៉ីស្រាអែល និងហាម៉ាស នឹងមិនមែនជាអ្នកគ្រប់គ្រងទឹកដីប៉ាឡេស្ទីនមួយនេះឡើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ផែនការរបស់លោក Yoav Gallant នឹងត្រូវបញ្ជូនទៅកាន់គណៈរដ្ឋមន្ត្រីរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ដែលបានខ្វែងគំនិតគ្នាអស់រយៈពេលជាច្រើនសប្ដាហ៍មកនេះ ជុំវិញអនាគតតំបន់ហ្គាហ្សានៅក្រោយសង្រ្គាមបញ្ចប់។ ក្រោមផែនការនេះសង្រ្គាមរបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា នឹងត្រូវបន្តធ្វើឡើងរហូតទាល់តែចំណាប់ខ្មាំងទាំងអស់ត្រូវបានដោះលែង យោធារបស់ក្រុមហាម៉ាសត្រូវបានកម្ទេច និងលុបបំបាត់រាល់ការគំរាមកំហែងយោធាទាំងឡាយ។ ផែនការនេះក៏បានបញ្ជាក់ដែរថា ដំណាក់កាលថ្មីមួយនឹងចាប់ផ្ដើមដោយក្នុងនោះក្រុមហាម៉ាសនឹងមិនអាចគ្រប់គ្រងតំបន់ហ្គាហ្សាទៀតនោះទេ ហើយក៏នឹងមិនអាចបង្កការគំរាមកំហែងផ្នែកសន្តិសុខដល់អ៉ីស្រាអែលនោះដែរ ខណៈអាជ្ញាធរប៉ាឡស្ទីនមួយនឹងត្រូវគ្រប់គ្រងហ្គាហ្សា។ ព្រមពេលជាមួយគ្នា អ៊ីស្រាអែលនឹងរក្សាសិទ្ធិគ្រប់យ៉ាងទាំងក្នុងការធ្វើប្រតិបត្តិការនានាក្នុងតំបន់ ប៉ុន្តែនឹងមិនមានវត្តមានជនស៊ីវិលអ៊ីស្រាអែលណាមួយត្រូវបានបញ្ជូនឱ្យទៅរស់នៅក្នុងតំបន់ហ្គាហ្សានោះទេ បន្ទាប់ពីអ៊ីស្រាអែលសម្រេចគោលដៅរបស់ខ្លួន៕

Comments

Related posts