កូរ៉េខាងត្បូងថា អ៊ុយក្រែនក្លាយជាកន្លែងធ្វើតេស្ដសមត្ថភាពមីស៊ីលរបស់កូរ៉េខាងជើង

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a36-5

a37-5

អន្តរជាតិ៖ នៅថ្ងៃពុធនេះ (ម៉ោងនៅទីក្រុងញូវយ៉ក) លោក Hwang Joon-kook ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំអង្គការសហប្រជាជាតិ (UN) បាននិយាយថា សង្រ្គាមនៅអ៊ុយក្រែនបានក្លាយទៅជាកន្លែងធ្វើតេស្តសមត្ថភាពមីស៊ីលរបស់កូរ៉េខាងជើង បន្ទាប់ពីសេតវិមានចោទថារុស្ស៉ីបានប្រើប្រាស់មីស៊ីលផ្ដល់ដោយទីក្រុងព្យុងយ៉ាងក្នុងការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំលើអ៊ុយក្រែន កាលពីពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ បើតាមការបញ្ជាក់របស់លោក Hwang Joon-kook បានឱ្យដឹងថា ការប្រើប្រាស់មីស៊ីលកូរ៉េខាងជើងរបស់រុស្ស៉ី បានផ្ដល់ឱ្យទីក្រុងព្យុងយ៉ាងនូវការសិក្សាយ៉ាងមានសារៈសំខាន់លើបច្ចេកទេស និងសមត្ថភាព មីស៊ីលរបស់ខ្លួននៅលើសមរភូមិជាក់ស្ដែងមួយ។ "តាមរយៈការនាំចេញមីស៊ីលទៅកាន់រុស្ស៉ី DPRK (កូរ៉េខាងជើង) កំពុងប្រើប្រាស់អ៊ុយក្រែនជាកន្លែងធ្វើតេស្ដមីស៊ីលមាន សមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន"។ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំ UN រូបនេះបានបន្ថែមថា តាមការវិភាគរបស់អ្នកជំនាញមួយចំនួន មីស៊ីលដែលត្រូវបានរុស្ស៉ីប្រើក្នុងការវាយប្រហារលើអ៊ុយក្រែនគឺជាប្រភេទ មីស៊ីល KN-23 ដែលកូរ៉េខាងជើងអះអាងថាមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ហើយមីស៊ីលនេះមួយគ្រាប់ហោះបានចម្ងាយ ៤៦០គីឡូម៉ែត្រ ជាចម្ងាយមួយដែលព្យុងយ៉ាងអាចវាយប្រហារលើទីក្រុងកំពង់ផែប៊ូសានរបស់កូរ៉េខាងត្បូង៕

Comments

Related posts