អ្នកនាង គីម យ៉ូជុង ប្អូនស្រីរបស់លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងចាត់ទុកការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីជប៉ុន ជាសញ្ញាវិជ្ជមាន

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a11-155

a12-148

អន្តរជាតិ៖ អ្នកនាង គីម យ៉ូជុង ជាប្អូនស្រីបង្កើតរបស់លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងបាននិយាយថា មិនមានឧបសគ្គរារាំងមិនឱ្យកូរ៉េខាងជើង មានទំនាក់ទំនងជិតស្និទ្ធជាមួយជប៉ុនទេ ហើយក៏អាចនឹងមានថ្ងៃណាមួយដែលលោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនបំពេញទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាងផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក Fumio Kishida ដែលប្រទេសរបស់លោកមិនមានទំនាក់ទំនងផ្លូវការជាមួយកូរ៉េខាងជើងកាលពីពេលថ្មីៗនេះបានលើកឡើងពីលទ្ធភាពជួបពិភាក្សាជាមួយលោក គីម ជុងអ៊ុន ដើម្បីដោះស្រាយបញ្ហាពលរដ្ឋជប៉ុនត្រូវបានចាប់ពង្រត់ដោយចារកម្មកូរ៉េខាងជើងអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ និងឆ្នាំ១៩៨០។ ជុំវិញការលើកឡើងរបស់លោក Kishida នេះដែរ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងថាអ្នកនាង គីម យ៉ូជុង ដែលជាអនុប្រធាននាយកដ្ឋាននៃគណបក្សពលករបាននិយាយថា ការអត្ថាធិប្បាយរបស់លោក Kishida អាចត្រូវបានចាត់ទុកជាសញ្ញាវិជ្ជមាន ប្រសិនបើទីក្រុងតូក្យូពិតជាចង់ធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសទាំង២ មែននោះ។ អ្នកនាង គីម យ៉ូជុង បានបញ្ជាក់ថា "ប្រសិនបើជប៉ុនធ្វើការសម្រេចចិត្តខាងនយោបាយមួយដើម្បីបោះជំហានថ្មីមួយក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងផ្អែកលើមូលដ្ឋានគោរពគ្នាទៅវិញទៅមកនោះជាទស្សន:យល់ឃើញរបស់ខ្ញុំ ប្រទេសទាំង២ អាចបើកទំព័រអនាគតថ្មីមួយ"៕

Comments

Related posts