គ.ជ.ប ប្រកាសថា ការចុះឈ្មោះសម្រាប់អ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានឹងចាប់ផ្តើមពីថ្ងៃទី២៩ ខែកុម្ភៈតទៅ

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២១ ០២ ២០២៤

IMG_0908

IMG_0907

  គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសថា ការចុះឈ្មោះសម្រាប់អ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សា-ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី២៩  ខែកុម្ភៈ ហើយបញ្ចប់នៅថ្ងៃទី២៧ ខែមីនា។
  ថ្លែងក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ នៅទីស្តីការគ.ជ.ប ព្រឹកថ្ងៃទី២១ ខែកុម្ភៈនេះ ឯកឧត្តម មាន សទិ សមាជិក គ.ជ.ប បានបញ្ជាក់ថា ការងារចុះឈ្មោះអ្នកបោះឆ្នោតនេះ គឺប្រព្រឹត្តទៅតាមប្រតិទិនការងាររបស់ គ.ជ.ប ដោយគ្មានការប្ដឹងតវ៉ា ឬការប្ដឹងជំទាស់នោះទេ តែនៅពេលបញ្ចប់ការងារចុះឈ្មោះអ្នកបោះឆ្នោត គ.ជ.ប ត្រូវបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) និងទីប្រជុំជនក្រុង ស្រុក ខណ្ឌពាក់ព័ន្ធ សម្រាប់ប្ដឹងតវ៉ា ឬប្ដឹងជំទាស់ ដែលត្រូវអនុវត្តចាប់ពីថ្នាក់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ហើយត្រូវបញ្ចប់នៅថ្នាក់ គ.ជ.ប។
ឯកឧត្តម បន្តថា បញ្ជីឈ្មោះអ្នក បោះឆ្នោត ត្រូវបានរៀបចំនៅតាមក្រុង ស្រុក ខណ្ឌ នីមួយៗដែលអ្នកបោះឆ្នោត គឺជាក្រុមប្រឹក្សាឃុំ សង្កាត់ ហើយ គ.ជ.ប ត្រូវធ្វើការបូកសរុបលទ្ធផលនៃការបោះឆ្នោតនៅតាមមណ្ឌលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនីមួយៗ នៅទូទាំងប្រទេស។ ជាមួយគ្នានេះ ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវរៀបចំបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង  រួចប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ និងជាមេឃុំ ចៅសង្កាត់ ចុះហត្ថលេខា រួចបោះត្រារដ្ឋបាលឃុំ សង្កាត់ ដែលមានការបញ្ជាក់ឯកភាពពីអភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្តពាក់ព័ន្ធ រួចបញ្ជូនមក គ.ជ.ប ឱ្យបានតាមកាលបរិច្ឆេទកំណត់។ ក្នុងករណីក្រុមប្រឹក្សាឃុំ សង្កាត់ នៃឃុំ សង្កាត់ណាមួយមិនបានរៀបចំ និងបញ្ជូនបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែងមក គ.ជ.ប គឺ គ.ជ.ប ត្រូវធ្វើប្រតិភូកម្មមុខងារដល់អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌពាក់ព័ន្ធ ដើម្បីរៀបចំបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែងនៃឃុំ សង្កាត់នោះ រួចចុះហត្ថលេខា បោះត្រារដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលមានការបញ្ជាក់ឯកភាពពីអភិបាល នៃគណៈអភិបាលរាជធានី ខេត្តពាក់ព័ន្ធ រួចបញ្ជូនមក គ.ជ.ប ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន។
បើតាមគ.ជ.ប បានឱ្យដឹងថា អ្នកបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងមុខតំណែងទូទាំងប្រទេស មានសរុបចំនួន១១.៦២២នាក់ ហើយការចុះឈ្មោះបោះឆ្នោត ត្រូវអនុវត្តតាមរបៀបស្រង់ឈ្មោះនៅតាមឃុំ សង្កាត់ និងបញ្ជាក់ការឯកភាពតាមលំដាប់ឋានានុក្រមមក គ.ជ.ប ខណៈការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះនៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត នឹងចាប់ផ្តើមពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែមីនា។
គ.ជ.ប បានឱ្យដឹងបន្ថែមថា ចំនួនក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤នេះ មានចំនួន២០៩ ដោយកើនឡើងចំនួន១ក្រុង ដែលធ្វើឱ្យចំនួនអាសនៈក្រុមប្រឹក្សានៅថ្នាក់រដ្ឋបាលមូលដ្ឋាននេះ កើនឡើងចំនួន៥ អាសនៈ៕

Comments

Related posts