អាណាព្យាបាល គួរត្រូវបានលើកទឹកចិត្តជាសំខាន់ដើម្បីថែទាំកុមារឱ្យមានសុខភាពល្អ

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ២៥.០២.២០២៤

IMG_1720

IMG_1723

IMG_1722

IMG_1721

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ថ្លែងថា អាណាព្យាបាល គួរត្រូវ បានលើកទឹកចិត្តជាសំខាន់ដើម្បីថែទាំកុមារឱ្យមានសុខភាពល្អ ចៀសផុតពីបញ្ហាលើសទម្ងន់ ជំងឺធាត់ និងជំងឺមិនឆ្លងនានា ។
លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា អាហារនិងភេសជ្ជៈដែលមិនល្អចំពោះសុខភាពទារក និងកុមារ គឺជាចំណុចអាទិភាពដ៏សំខាន់ដែលអ្នកពាក់ព័ន្ធត្រូវបង្កើនការយកចិត្តទុកដាក់ជាប្រចាំ រួមមាន៖ រាជរដ្ឋាភិបាល ក្រសួង-ស្ថាប័នពាក់ព័ន្ធ មន្ត្រីជំនាញតាមសហគមន៍ ជាពិសេសអាណាព្យាបាល ដើម្បីធ្វើយ៉ាងណាផ្តល់នូវការអប់រំ ណែនាំ ផ្តល់អាហារដែលមានសុវត្ថិភាព អនាម័យ សម្បូរសារជាតិចិញ្ចឹមខ្ពស់ និងអាហារដែលអាចរកបានងាយស្រួលក្នុងសហគមន៍ ។
លោកជំទាវវេជ្ជបណ្ឌិតបានបន្តថា នៅពេលទារកមានអាយុចាប់ពី៦ខែឡើងទៅ ទឹកដោះម្តាយតែមួយមុខមិនអាចបំពេញនូវសេចក្តីត្រូវការរបស់ទារក សម្រាប់ការលូតលាស់និងការអភិវឌ្ឍន៍បាននោះទេ ដូច្នេះកំឡុងពេលនេះ តម្រូវឱ្យអ្នកថែទាំកុមារ ត្រូវផ្ដល់អាហារបន្ថែមដែលមានលក្ខណ:ចម្រុះមុខ មានសារជាតិចិញ្ចឹម និងបរិមាណគ្រប់គ្រាន់ ប្រកបដោយសុវត្ថិភាព បន្ថែមលើទឹកដោះម្តាយ ។ ក្នុងនោះ ការផ្តល់របបអាហារមិនល្អសម្រាប់កុមារ គឺធ្វើប៉ះពាល់ដល់សុខភាពនិងអាហារូបត្ថម្ភរបស់ពួកគេ ។ ជាងនេះទៅទៀត អាណាព្យាបាល ក៏ជាតួអង្គមួយដ៏សំខាន់ ក្នុងការផ្តល់អាហារដែល មានសុវត្ថិភាពទៅដល់កុមារនិងទារក ។
«  ដើម្បីឱ្យការផ្ដល់អាហារបន្ថែមដល់កុមារបានល្អប្រសើរ គឺត្រូវផ្ដល់ចំណេះដឹង និងជំនាញដល់អ្នកថែទាំ និងយុទ្ធសាស្ត្រទំនាក់ទំនង ដើម្បីបង្ហាញពីហានិភ័យនៃការប្រើប្រាស់អាហារដែលពុំមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ ដែលមានកម្រិតជាតិស្ករ និងអំបិលខ្ពស់ ដល់កុមារដែលមិនទាន់ដល់អាយុសមស្របក្នុងការបរិភោគអាហារទាំងនោះ អ្នកថែទាំ ជាពិសេសម្ដាយនិងជីដូន គួរតែត្រូវបានលើកទឹកចិត្តឱ្យផ្ដល់អាហារសម្បូរសារជាតិចិញ្ចឹមគ្រប់គ្រាន់ ដែលអាចរកបាននៅក្នុងសហគមន៍ សម្រាប់ប្រើប្រាស់ជាអាហារសម្រន់ក្នុងអំឡុងពេលនៃការផ្តល់អាហារបន្ថែម ដើម្បីលើកកម្ពស់សុខភាព ការលូតលាស់ និងការអភិវឌ្ឍរបស់កុមារ កាត់បន្ថយហានិភ័យនៃការធាត់ជ្រុលនាពេលអនាគត ដែលស្របតាមផែនការយុទ្ធសាស្រ្ត ដើម្បីជំរុញការផ្តល់ប្រឹក្សា និងសេវាសុខភាពក្នុងអំឡុងពេល ១០០០ ថ្ងៃដំបូងសម្រាប់ម្តាយនិងកុមារអាយុក្រោម២ឆ្នាំ និងស្របតាមប្រធានបទ "របបអាហារសុខភាពសម្រាប់ទាំងអស់គ្នា"ដែលជាអាទិភាពនៅក្នុងផែនទីបង្ហាញផ្លូវ ស្តីពីប្រព័ន្ធស្បៀងកម្ពុជាសម្រាប់ការអភិវឌ្ឍន៍ប្រកប ដោយចីរភាពឆ្នាំ២០៣០ និងការរៀបចំសកម្មភាពអន្តរាគមន៍ ដើម្បីអនុវត្តន៍ក្នុងការលើកកម្ពស់របបអាហារសុខភាពដល់ទារកនិងកុមារកម្ពុជា » ។
សូមបញ្ជាក់ថា អត្រាក្រិសក្រិននិងលើសទម្ងន់ គឺជាកត្តាគំរាមកំហែងនិងរាំងស្ទះដល់និរន្តរភាព នៃការអភិវឌ្ឍសេដ្ឋកិច្ច ធនធានមនុស្ស និងការបន្តកំណើនរីកលូតលាស់របស់ប្រទេស ។ ដូច្នេះ ការដោះស្រាយបញ្ហាក្រិសក្រិននិងបញ្ហាលើសទម្ងន់ ពិតជាមានសារៈសំខាន់និងចាំបាច់ណាស់ ដើម្បីឱ្យកម្ពុជាអាចសម្រេចគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព របស់ខ្លួន ត្រឹមឆ្នាំ២០៣០ ៕

Comments

Related posts