សាធារណរដ្ឋឆែក វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា

 

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា

IMG_1780

IMG_1779-1

ភ្នំពេញ៖ សាធារណរដ្ឋឆែកបាន វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានសម្រាប់វិស័យសកម្មភាពមីន នៅកម្ពុជា ដើម្បីឆ្ពោះរកកម្ពុជាគ្មានមីនឆ្នាំ២០២៥។
ក្នុងឱកាសដែលឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីនអនុញ្ញាតឱ្យ ចូលជួបសម្តែងការគួរសម និងស្វែងយល់អំពីវិស័យសកម្មភាពមីននៅកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក ប្រចាំកម្ពុជា បានសម្តែងនូវការអបអរសាទរចំពោះការរីកចម្រើនរបស់កម្ពុជា ក៏ដូចជាសមិទ្ធផល សម្រេចបាន សម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា។ ដោយឡែកពាក់ព័ន្ធនឹងការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ឯកឧត្តម Martin Vavra នឹងលើក យកសំណើរបស់កម្ពុជាដាក់ជូនរដ្ឋាភិបាលនៃសាធារណរដ្ឋឆែក ដើម្បីធ្វើការពិនិត្យ និងពិចារណា។
ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី អរគុណឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ ឆែកប្រចាំកម្ពុជា និងសហការី ដែលបំពេញបេសកកម្មដ៏មានតម្លៃ ដើម្បីជាផលប្រយោជន៍រួម ពង្រឹង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានមានប្រសាសន៍លើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា និងការដាក់ចេញនូវចក្ខុវិស័យដឹកនាំ របស់សម្តេចធិបតី នាយករដ្ឋមន្រ្តី ដើម្បីឆ្ពោះទៅកម្ពុជាគ្មានមីនឆ្នាំ២០២៥។ 
ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ដែលដំណើរការរៀបចំនេះ កម្ពុជា សូមស្វាគមន៍ និងត្រូវការការរួមចំណែកជួយគាំទ្រពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យកិច្ចប្រជុំនេះទទួលបានជោគជ័យតាមការគ្រោងទុក។
ក្នុងជំនួបនោះ ភាគីទាំងពីរ បានធ្វើការពិភាក្សាគ្នាដោយឆ្លុះបញ្ចាំងពីទំនាក់ទំនងទ្វេភាគីដ៏ជិតស្និទ្ធ នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហការរវាងប្រទេសទាំងពីរ៕

Comments

Related posts